វៀតណាម​គ្រោង​ចាប់​យក​ភ្ញៀវទេសចរអន្តរជាតិ​ឲ្យបានជាង ​២០លាននាក់​នៅ​ឆ្នាំ​២០២០​



វិស័យ​ទេសចរណ៍​វៀតណាម​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​ក្នុង​នោះ​វិស័យ​នេះ​បាន​ចូល​រួម​ចំណែក​ប្រមាណ​ជាង ៦ភាគរយ ជា​រៀងរាល់​ឆ្នាំ​ទៅ​ក្នុង​ GDP​(ផលិតផល​ក្នុង​ស្រុក​សរុប)​ ស្រប​​គ្នា​នេះ​ដែរ​វៀតណាម​គ្រោង​នឹង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរអន្តរជាតិ​ឲ្យបានប្រមាណ ២០,៥លាននាក់​ឯណោះ​នៅ​ឆ្នាំ​២០២០​ខាង​មុខ។ នេះ​បើ​យោង​តាម​សារព័ត៌មាន VIETNAM+ បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ។

វិស័យ​ទេសចរណ៍​វៀតណាម​បាន​ដាក់​នូវ​ចេញ​យុទ្ធសាស្ត្រ​គោលដៅ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​បាន ២០,៥លាននាក់​នៅ​ឆ្នាំ២០២០ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ប្រមាណ ៩០លាននាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ជាតិ​ទេសចរណ៍​វៀតណាម (VNAT) នា​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។

តាម​ការ​ឲ្យ​ដឹង​ពី VNAT នៅ​ក្នុង​ឆ្នាំ​២០១៩​វៀតណាម​បាន​ទទួល​ភ្ញៀវ​ទេសចរបរទេស​ចំនួន ១៨លាននាក់ ដែល​បាន​កើន​ឡើង​ចំនួន​ ១៦ភាគរយ បើ​ធៀប​នឹង​តួលេខ​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ទេសចរក្នុង​ស្រុក​ក្នុង​ឆ្នាំ​២០១៩​មាន​ចំនួន ៨៥លាននាក់ កើន​ឡើង​ ៦ភាគរយ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​ទេសចរណ៍​វៀតណាម​រក​ចំណូល​បាន​ជាង ៧២០ពាន់ពាន់លានដុង (ជិត ១៦,៧ពាន់លានដុល្លារ) ពោល​គឺ​កើន​ឡើង ១៦ភាគរយ ​ក្នុង​មួយ​ឆ្នាំ។ វៀតណាម​មាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​រយៈពេល​ ៣ឆ្នាំ​ជាប់ៗ​គ្នា​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៦ មាន​ចំនួន​ ២២ភាគរយ ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ ១០ប្រទេស ដែល​មាន​កំណើន​ភ្ញៀវទេសចរ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s