រកការងារធ្វើកុំផ្ដោតតែលើឈ្មោះក្រុមហ៊ុនពេក សំខាន់តើមេយើងជាអ្នកណា
ផ្នត់គំនិតរបស់បុគ្គលមួយចំនួន ជាពិសេសយុវជន នៅពេលដែលចេញស្វែងរកការងារធ្វើ ពួកគាត់ភាគច្រើនតែងសម្លឹងមើលតែទៅលើក្រុមហ៊ុនធំៗ និងក្រុមហ៊ុនអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បី។ ដូច្នេះ តើទាល់តែធ្វើការនៅក្រុមហ៊ុនធំទើបធ្វើឲ្យយើងរីកចម្រើន ឬយ៉ាងណា? លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុន Khmer Baverages និងជានាយកគ្រប់គ្រងធនធានមនុស្សក្រុមហ៊ុន Chip Mong Group បានលើកឡើងថា «នៅពេលចេញទៅធ្វើការសូមកុំគិតពេកលើក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុក សំខាន់តើមេដែលយើងធ្វើការជាមួយនោះជាអ្នកណា? តើគាត់អាចបណ្ដុះយើងបានឬទេ? តើយើងនឹងអាចរៀនអ្វីខ្លះពីគាត់បាន?»។
ចែករំលែកនៅក្នុងកម្មវិធី "វេទិកាជំនួបរវាងនិយោជកនិងនិយោជិក" ដែលរៀបចំដោយ WORKINGNA កាលពីពេលកន្លងទៅ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ លើកឡើងយ៉ាងដូច្នេះថា ប្រសិនបើបានចូលធ្វើការងារនៅកន្លែងណាមួយហើយ សូមកុំយកការងារនោះគ្រាន់តែជាស្ពានចម្លងអ្នកទៅដល់ក្រុមហ៊ុនធំ បើបន្តគិតបែបនោះអ្នកនឹងគ្មានការរីកចម្រើននោះទេ។ លោកបន្តថា ចំណុចសំខាន់ដែលយើងត្រូវគិតដំបូងបំផុតគឺ តើកន្លែងណាដែលយើងអាចរៀនបាន? ដូច្នេះកុំគិតខ្លាំងពេកលើក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុក អ្វីដែលសំខាន់តើយើងធ្វើការឲ្យអ្នកណាគេ។
ជាមួយគ្នានេះផងដែរ លោក ប៊ុន ផាក នាយកប្រតិបត្តិក្រុមហ៊ុន CAMAZOON និងជាស្ថាបនិកគេហទំព័រ Phzar.com បានចែករំលែកបន្ថែមថា ធ្វើការនៅក្នុងក្រុមហ៊ុនតូច (Stard up) បុគ្គលិកប្រៀបដូចជាផ្នែកដ៏ធំមួយនៃម៉ាស៊ីនដ៏តូចមួយ ព្រោះថាពេលខ្លះបុគ្គលិកម្នាក់អាចកាន់តួនាទីរហូតដល់២ ទៅ៣ឯណោះនៅក្នុងក្រុមហ៊ុន ដូច្នេះចង់ឬមិនចង់នៅពេលដែលពួកគាត់ចេញទៅវិញពួកគាត់នឹងក្លាយទៅជាធនធានមនុស្សមួយដែលពូកែ ព្រមទាំងមានក្រុមហ៊ុនធំៗចាំទទួលផងដែរ។
ជាការពិតចំណេះដឹង និងបទពិសោធន៍ការងារ គឺជាចំណុចចម្បងដែលសហគ្រិនភាគច្រើនឲ្យតម្លៃ ដូច្នេះយុវជនគួរចាប់ផ្ដើមកសាងខ្លួនបន្តិចម្ដងៗ ដើម្បីឈានឆ្ពោះទៅកាន់គោលដៅដែលខ្លួនចង់បានពិតប្រាកដ៕
រូបភាព៖ WORKINGNA
ដោយ៖ ជួប ស្រីរ័ត្ន