ស្ថាបនិក​ភូមិ​ផ្កា​ត្រកួន៖ យុវជន​គួរ​ប្ដូរ​ផ្នត់​គំនិត​ "ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​ក្លាយ​ជា​អ្នក​មាន"​



«បច្ចុប្បន្ន​ដោយ​សារ​តែ​យើង​និយាយ​អំពី​រឿង​សហគ្រិន​យ៉ាង​ផុលផុស​ពេក បាន​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​មាន​ការ​ស្រមើស្រមៃ​ច្រើន ខ្ញុំ​ចង់​ជូន​ជា​យោបល់​ថា​ការងារ​អ្វី​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​រីក​ចម្រើន​បាន​ដែរ​ មិន​ថា​យើង​ធ្វើ​ការ​ឲ្យ​គេ ធ្វើ​ការ​ខ្លួនឯង ឬ​ទៅ​វិនិយោគ​គឺ​សុទ្ធ​តែ​មាន​ឱកាស​ជោគជ័យ យើង​មើល​អគ្គនាយក​ក្រុមហ៊ុន​កូកាកូឡា​ប្រាក់​ខែ​មិន​តិច​ជាង​៣០លាន​ទេ​ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ​យើង​ក៏​មិន​ប្រាកដ​ថា​បើក​ហាង​គុយទាវ​១ឆ្នាំ​អាច​រក​បាន​៣០លាន​ដែរ» នេះ​ជា​ការ​លើក​ឡើង​របស់​ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន លោក ឌិន សុមេធារិទ្ធ នៅ​ក្នុង​កម្មវិធី​ "វេទិកា​ជំនួប​រវាង​និយោជក​និង​និយោជិក" ដែល​រៀប​ចំ​ដោយ WORKINGNA កាល​ពី​ពេល​កន្លង​ទៅ។

លោក​ស្ថាបនិក​ ឌិន សុមេធារិទ្ធ បាន​លើក​ឡើង​ថា បើ​ផ្អែក​តាម​បទពិសោធន៍​របស់​លោក​ផ្ទាល់​ នៅ​ក្នុង​ឆ្នាំ​១៩៩៨ លោក​ធ្លាប់​ធ្វើ​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ផ្នែក​លំនៅឋាន​ទីក្រុង​ (United Nations Human Settlement Programme)  អស់​រយៈពេល​៩ឆ្នាំ​ក្រោយ​មក ​នៅ​ក្នុង​ឆ្នាំ​២០០៧​ លោក​ក៏​បាន​ឡើង​តួនាទី​ក្លាយ​ជា​ប្រធាន​នៅ​ទី​នោះ​តែ​ម្ដង។ ដូច្នេះ​ប្រសិន​បើ​ធ្វើ​ការ​ឲ្យ​គេ សូម​កុំ​មាន​ផ្នត់​គំនិត​ថា​ខ្លួន​មិន​មាន​តម្លៃ​ ហើយ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ សំខាន់​ឲ្យ​តែ​មាន​គោលដៅ​ច្បាស់​លាស់។

លោក​ សុមេធារិទ្ធ ថា រយៈពេល​៣៣ឆ្នាំ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​សុទ្ធ​តែ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដូច្នេះ​អ្វី​ដែល​លោក​ចង់​ចែក​រំលែក​ទៅ​កាន់​យុវជន​គឺ ត្រូវ​ដឹង​ថា​ខ្លួន​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត  មិន​ថា​ខ្លួន​កំពុង​តែ​រៀន​ឬ​ធ្វើ​ការ​ឲ្យ​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​រក​ឲ្យ​ឃើញ​អ្វី​ដែល​ខ្លួន​ចង់​បាន ព្រោះ​បើ​គ្មាន​សំណួរ​មួយ​នេះ​ទេ​អ្នក​នឹង​មិន​អាច​ធំ​ធាត់ រីកចម្រើន​ទៅ​មុខ​រួច​នោះ​ទេ។

សហគ្រិន​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ការងារ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ពិត​ប្រាកដ​ហើយ​ ត្រូវ​ស្វះស្វែង​រក​វិធី​ទៅ​ឲ្យ​ដល់​កន្លែង​នោះ។ ជា​ការ​ពិត​វា​នឹង​មាន​រឿង​រាវ​ជា​ច្រើន​ដែល​យើង​ត្រូវ​ជួប​ប្រទះ ប៉ុន្តែ​លោក​ជឿ​ថា​គោល​បំណង​និង​ចក្ខុវិស័យ​ពិត​ប្រាកដ​នឹង​ជួយ​ឲ្យ​មនុស្ស​សម្រេច​បំណង​ និង​ឈាន​ទៅ​ដល់​គោលដៅ៕ 

រូបភាព៖ Workingna
ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s