គតិចំនួន ៥ឃ្លា របស់អ្នកនិពន្ធអាមេរិក Suzy Kassem ដែលអ្នកគួរយកទៅគិតពិចារណា
Suzy Kassem គឺជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង ជាទស្សនវិទូ និងជាកវីកំណាព្យ។ គាត់បានកើតនៅឆ្នាំ១៩៧៥ នៅក្នុងទីក្រុងToledo នៃរដ្ឋOhio។ ថ្វីបើគាត់បានកើតនៅសហរដ្ឋអាមេរិក ប៉ុន្តែគាត់មានពូជពង្សជាជនជាតិអេហ្ស៊ីប។ គាត់គឺជាអ្នកនិពន្ធសៀវភៅដែលបង្កប់ដោយខ្លឹមសារស៊ីជម្រៅមួយក្បាលដែលមានចំណងជើងថា Rise Up and Salute the Sun។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ប្រកបដោយគតិបណ្ឌិតរបស់គាត់ចំនួន៥ឃ្លា ដែលអ្នកគួរយកទៅគិតពិចារណា៖
១) «មនុស្សគ្រប់គ្នាមានចំណែកនៃព្រះអាទិត្យបន្តិចនិងព្រះចន្ទបន្តិចនៅខាងក្នុងខ្លួនពួកគេ។ មនុស្សគ្រប់គ្នាមានធាតុជាបុរសបន្តិច ស្ត្រីបន្តិច និងសត្វបន្តិចនៅខាងក្នុងខ្លួនពួកគេ។ ភាពងងឹតនិងពន្លឺនៅខាងក្នុងពួកគេ។ គ្រប់គ្នាគឺជាផ្នែកមួយនៃប្រព័ន្ធចក្រវាលដែលមានទំនាក់ទំនងគ្នា។ ចំណែកនៃផែនដីនិងសមុទ្រ ខ្យល់និងភ្លើង ជាមួយនឹងអំបិលនិងដីខ្សាច់នៅក្នុងខ្លួនពួកគេ។ ពួកយើងមានចក្រវាលនៅខាងក្នុងខ្លួនពួកយើងដែលបានធ្វើត្រាប់តាមចក្រវាលនៅខាងក្រៅ។ គ្មាននរណាម្នាក់ដែលមានតែខ្មៅឬសនោះទេ ឬក៏មិនដែលខុសនិងត្រូវរហូតនោះឡើយ។ គ្មាននរណាម្នាក់ឡើយ។ គ្មាននរណាម្នាក់ដែលមានវត្តមានដោយមិនមានធាតុផ្ទុយគ្នាឡើយ។ គ្រប់គ្នាមានកម្លាំងល្អនិងអាក្រក់ធ្វើការជាមួយពួកគេ ប្រឆាំងនឹងពួកគេ និងនៅខាងក្នុងខ្លួនពួកគេ។»
២) «អ្នកធ្លាប់ប្រាប់ខ្ញុំម្ដងថាអ្នកចង់ស្វែងរកខ្លួនឯងនៅក្នុងពិភពលោក ហើយខ្ញុំប្រាប់អ្នកថាជាដំបូងត្រូវអនុវត្តនៅខាងក្នុងសិន គឺស្វែងរកពិភពលោកនៅខាងក្នុងខ្លួនអ្នក។ អ្នកធ្លាប់ប្រាប់ខ្ញុំម្ដងថាអ្នកចង់សង្គ្រោះពិភពលោកពីរាល់សង្គ្រាមទាំងអស់ ហើយខ្ញុំប្រាប់អ្នកថាជាដំបូងសង្គ្រោះខ្លួនឯងពីពិភពលោកនេះសិន និងរាល់សង្គ្រាមទាំងអស់ដែលអ្នកបានធ្វើឲ្យខ្លួនឯងឆ្លងកាត់។»
៣) «មុនពេលអ្នកត្រួតពិនិត្យរាងកាយរបស់អ្នកជំងឺ ចូរមានការអត់ធ្មត់ក្នុងការរៀនសូត្រពីរឿងរ៉ាវរបស់គាត់។ ពីព្រោះតែនៅពេលណាដែលអ្នកបានដឹងពីរឿងរ៉ាវរបស់គាត់ អ្នកក៏នឹងបានដឹងពីរាងកាយរបស់គាត់ដែរ។ មុនពេលអ្នកព្យាបាលជំងឺណាមួយ ត្រូវប្រាកដថាមិនមានជំងឺអ្វីមួយដែលមាននៅក្នុងចិត្តឬបេះដូង។ ពីព្រោះតែអារម្មណ៍ដែលមាននៅក្នុងព្រះអាទិត្យនិងព្រះចន្ទរបស់បុគ្គលម្នាក់ អាចនាំឲ្យមានជំងឺនៅក្នុងផ្នែកណាមួយនៃផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។ មុនពេលអ្នកព្យាបាលមនុស្សដែលមានស្ថានភាពជំងឺណាមួយ ត្រូវដឹងថាមិនមែនការព្យាបាលទាំងអស់សុទ្ធតែអាចព្យាបាលមនុស្សគ្រប់គ្នានោះទេ។ ពីព្រោះតែគីមីសាស្ត្រដែលប្រើការបានទៅលើអ្នកជំងឺម្នាក់ អាចនឹងមិនអាចប្រើការបានសម្រាប់មនុស្សម្នាក់ទៀត ពីព្រោះសូម្បីតែឱសថក៏មានលក្ខខណ្ឌរបស់វាដែរ។»
៤) «បើអ្នកវាយតម្លៃមនុស្សម្នាក់ ចូរវាយតម្លៃតែបេះដូងរបស់គាត់បានហើយ។ ហើយបើអ្នកធ្វើបានបែបនេះ ត្រូវប្រាកដថាបានប្រើប្រាស់ការពិតនៅក្នុងមនសិការរបស់អ្នកនៅពេលថ្លឹងថ្លែងអត្តចរិតរបស់បុគ្គលម្នាក់។ មិនត្រូវវាស់វែងនរណាម្នាក់ដោយពឹងផ្អែកយ៉ាងតឹងរ៉ឹងពេកទៅលើសេចក្ដីអាក្រក់ដែលអ្នកមើលឃើញក្នុងពួកគេនិងមើលរំលងសេចក្ដីល្អទាំងប៉ុន្មានទៀតនោះឡើយ។»
៥) «វិញ្ញាណគឺជាផ្នែកដែលត្រូវបានគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រនៅលើពិភពលោកមើលរំលងបំផុតមួយរបស់មនុស្ស។ ប៉ុន្តែ វាមានភាពសំខាន់ចំពោះសុខភាពរបស់យើងដូចទៅនឹងបេះដូងនិងចិត្តដែរ។ ស្ថានភាពនៃវិញ្ញាណរបស់យើងច្រើនតែជាប្រភពនៃជំងឺជាច្រើន។»
ដោយ៖ ស្រីពៅ