សុភាសិតរបស់ចិនចំនួន ១០ឃ្លា ដែលមានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន
ចិនមានសុភាសិតមួយពោលថា «គតិបណ្ឌិតធំធេងមើលទៅហាក់ដូចជាល្ងង់ខ្លៅ។» មនុស្សមានបញ្ញាធ្វើការសម្រេចចិត្តដោយខ្លួនឯង រីឯមនុស្សល្ងង់ដើរតាមគេឯង។ បើអ្នកមិនមានជំនឿទុកចិត្តលើខ្លួនឯង មិនមានម្ចាស់ការលើខ្លួនឯង នោះអ្នកងាយនឹងទទួលរងឥទ្ធិពលពីខាងក្រៅ ហើយធ្វើឲ្យអ្នកសុខចិត្តបោះបង់ចោលនូវអ្វីដែលខ្លួនឯងគិតថាត្រឹមត្រូវនិងងាកមកដើរតាមមនុស្សដទៃទៀត ដើម្បីកុំឲ្យគេគិតថាធ្វើអ្វីខុសពីគេគឺជាភាពល្ងង់ខ្លៅ។ ក្នុងរយៈពេលដំបូងដែលអ្នកបានចាប់ផ្ដើមឈានជើងចូលក្នុងសង្គមដែលនៅជុំវិញខ្លួនអ្នក អ្នកតែងតែពោរពេញដោយភាពស្វាហាប់និងភាពពុះកញ្ជ្រោលក្នុងការកែតម្រូវអ្នកដទៃ កែតម្រូវសង្គមនេះ និងពិភពលោកនេះ។ ប៉ុន្តែដើរទៅដល់ដំណាក់កាលមួយ អ្នកនឹងភ្ញាក់ខ្លួនមើលឃើញថា កែប្រែអ្នកដទៃគឺជាមនុស្សល្ងង់ កែប្រែខ្លួនឯងទើបជាមនុស្សមានបញ្ញា។
មនុស្សយើងម្នាក់ៗទាល់តែត្រូវឆ្លងកាត់បទពិសោធន៍ណាមួយក្នុងជីវិតរបស់ពួកគេ ទើបបទពិសោធន៍ដ៏ពិសេសនោះអាចកែប្រែចិត្តគំនិតរបស់ពួកគេបាន។ ត្រឹមតែអានគំនិតរបស់អ្នកមានបញ្ញាណាម្នាក់ មិនធ្វើឲ្យបុគ្គលនោះក្លាយជាមនុស្សមានបញ្ញាបាននោះឡើយ។ ត្រឹមតែអានគំនិតអ្នកដទៃឬស្ដាប់បទពិសោធន៍អ្នកដទៃមិនដូចគ្នានឹងជួបផ្ទាល់ខ្លួនឯងនោះឡើយ។ អ្នកដទៃត្រឹមតែអាចណែនាំផ្លូវអ្នក តែមានតែអ្នកប៉ុណ្ណោះដែលអាចដើរទៅដោយខ្លួនឯង ឆ្លងកាត់នូវបទពិសោធន៍នោះដោយខ្លួនឯង និងគិតយល់ពីការពិតដោយខ្លួនឯង។ ខាងក្រោមនេះគឺជាសុភាសិតរបស់ចិនចំនួន១០ឃ្លា ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន៖
១) «គតិបណ្ឌិតធំធេងមើលទៅហាក់ដូចជាល្ងង់ខ្លៅ។»
២) «យើងរាប់សេចក្ដីទុក្ខសោករបស់យើងយ៉ាងម៉ត់ចត់ តែទទួលយកការប្រទានពររបស់យើងដោយមិនសូវគិតគូរប៉ុន្មាននោះទេ។»
៣) «បុរសមួយរយនាក់អាចសាងសង់តង់មួយបាន តែត្រូវការមនុស្សស្រីម្នាក់ដើម្បីសាងសង់ផ្ទះមួយ។»
៤) «មនុស្សពូកែនិយាយពីរនាក់មិនមានតម្លៃស្មើនឹងមនុស្សពូកែស្ដាប់ម្នាក់។»
៥) «មនុស្សល្ងង់វាយតម្លៃមនុស្សដោយផ្អែកទៅលើអំណោយដែលអ្នកដទៃផ្ដល់ជូនគាត់។»
៦) «បើអ្នកឈរត្រង់ កុំភ័យខ្លាចស្រមោលវៀច។»
៧) «បុគ្គលដែលពឹងផ្អែកទៅលើខ្លួនឯងនឹងទទួលបាននូវសេចក្ដីសុខដ៏ធំធេងបំផុត។»
៨) «អានសៀវភៅ១ម៉ឺនក្បាលមិនស្មើនឹងដើរបាន១ម៉ឺនម៉ៃល៍។»
៩) «ការសិក្សាគ្មានដែនកំណត់នោះទេ។»
១០) «ការស្មានមានតម្លៃថោក តែបើស្មានខុសអាចមានតម្លៃថ្លៃបាន។»
ដោយ៖ ស្រីពៅ