គម្រោង​រោងចក្រ​៣​ក្នុង​ទំហំ​ទុន​ជាង​១១លានដុល្លារ​ត្រូវ​បាន​ CDC អនុម័ត​



ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​៣ លើ​គម្រោង​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់, គម្រោង​រោងចក្រ​ចាក់​សំលៀកបំពាក់ និង​រោងចក្រ​ផលិត​កេស​កាតុង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្ដាល និង​ភ្នំពេញ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប ១១,៨លានដុល្លារអាមេរិក ព្រម​ទាំង​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាជន​បាន​ចំនួន ៣.៧១៥កន្លែង។

ទី១) ក្រុមហ៊ុន “S W J (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​បូរីកម្មករ សង្កាត់​ច្បារមន ខណ្ឌ​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤,៤លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.៦៥៥កន្លែង។

ទី២) ក្រុមហ៊ុន “LEADING STAR (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ព្រៃសលិច សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨៨១កន្លែង។

ទី៣) ក្រុមហ៊ុន “JAM STAR PACKAGING TECHNOLOGY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង ប្រអប់ និង​បោះពុម្ព​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ទួលសាលា ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ២,៤លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧៩កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s