រឿងគណនេយ្យ តើ​សហគ្រិន​គួរ​រៀន​ជួសជុល ​ឬ​រៀន​បើក​ឡាន?​



​តើ​សហគ្រិន​គួរ​រៀន​ជួសជុល​ឬ​រៀន​បើក​ឡាន? នេះ​គឺ​ជា​សំណួរ​ប្រៀប​ធៀប​មួយ​របស់​លោក  សាន ឬទ្ធី ប្រធាន​ក្រុមហ៊ុន BSE Accounting និង​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ បាន​ចោទ​សួរ​ទៅ​កាន់​សហគ្រិន​ក្នុង​អំឡុង​ពេល​ចូល​រួម​កម្មវិធី  Financial Modeling ។

Lamborgini, Car, Lotus, Design, Automobile, Fast

សាក​គិត​បន្តិច​មើល តើ​រូប​ភាព​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​នេះ​វា​មាន​ទំនាក់​ទំនង​យ៉ាង​ដូចម្ដេច​ទៅ​នឹង​ស្ថាប័ន​ឬ​ក្រុមហ៊ុន​របស់​លោក​អ្នកពាក់ព័ន្ធនឹងជំនាញគណនេយ្យ? បន្ទាប់​ពី​សំណួរ​ខាង​លើ​បាន​ចោទសួរ ម្នាក់​ក្នុង​ចំណោម​សហគ្រិន ​៤រូប​ បាន​ឆ្លើយ​នូវ​ចម្លើយ​ដ៏​ត្រឹម​ត្រូវ​មួយ​គឺ «ឡាន​មួយ​គ្រឿង​នេះ​ស្អាត ប៉ុន្តែ​យើង​មិន​ចាំ​បាច់​ទៅ​សិក្សា​លម្អិត​ថា​តើ​ឡាន​មួយ​ហ្នឹង​វា​ផ្សំ​ឡើង​ដោយ​ធាតុ​អ្វី​ខ្លះ​នោះ​ទេ សំខាន់​ឲ្យ​តែ​យើង​ចេះ​បើក​ឡាន​នោះ​ទៅ​គឺ​បាន​ហើយ»

​លោក​ សាន ឬទ្ធី បាន​បន្ថែម​ដោយ​ធ្វើ​ការ​ប្រៀប​ប្រដូច​រថយន្ត​ទៅ​នឹង​បញ្ជី​គណនេយ្យ​នៅ​ក្នុង​ក្រុមហ៊ុន ចំណែក​ម្ចាស់​រថយន្ត​គឺ​ជា​សហគ្រិន ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​តើ​អ្នក​នឹង​យក​បញ្ជី​គណនេយ្យ​ទៅ​ធ្វើ​ខ្លួនឯង ឬ​មួយ​អ្នក​យក​បញ្ជី​គណនេយ្យ​មក​មើល​ដើម្បី​ឲ្យ​យល់​ពី​ស្ថាន​ភាព​ក្រុមហ៊ុន? ជា​ការ​ពិត​ គណនេយ្យ​គឺ​ជា​ជំនាញ​បច្ចេកទេស​ ដូច្នេះ​ជា​ម្ចាស់​ឡាន​ប្រាកដ​ណាស់​ថា​ត្រូវ​ចេះ​ជំនាញ​ជួសជុល​ឡាន​ខ្លះៗ​ដើម្បី​ឲ្យ​ដឹង និង​អាច​ជួសជុល​បាន​ខ្លះ​នៅ​ពេល​ឡាន​ខូច​ល្មមៗ ប៉ុន្តែ​ប្រសិន​បើ​នៅ​ក្នុង​កម្រិត​មួយ​ដែល​ត្រូវ​ប្រើ​បច្ចេកទេស ច្បាស់​ណាស់​ថា​ត្រូវ​ទៅ​រក​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​អ្នក​មិន​ចាំ​បាច់​ត្រូវ​ទៅ​ធ្វើ​បញ្ជី​គណនេយ្យ​ដោយ​ខ្លួនឯង​នោះ​ទេ សំខាន់​បំផុត​ឲ្យ​តែ​នៅ​ពេល​បញ្ជី​មក​ដល់​លើ​តុ​គឺ​អ្នក​អាច​មើល​យល់ និង​ដឹង​ពី​ស្ថានការណ៍​ក្នុង​ក្រុមហ៊ុន។ ជា​ការ​ពិត ជា​ម្ចាស់​អាជីវកម្ម​មាន​តួនាទី​សំខាន់​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​ទៅ​ធ្វើ​ការ​ងារ​ដែលប្រើការ​គិត ច្រើន​ជាង​ការងារ​ដែល​ធ្វើ៕

រូបភាព៖ Rithy San
ដោយ៖ ជួប ស្រីរ័ត្ន

X
5s