សម្រង់សម្ដីប្រកបដោយគតិបណ្ឌិតចំនួន ៨ឃ្លា ដែលអ្នកគួរយកទៅសិក្សាស្វែងយល់
Osho មានសម្ដីមួយឃ្លាថា «ទស្សនទាំងឡាយអំពីខ្លួនឯងគឺត្រូវបានខ្ចីពីគេមក ខ្ចីពីមនុស្សដែលមិនដឹងសូម្បីថាតើពួកគេខ្លួនឯងជានរណាផង។» ដំណើរឆ្ពោះទៅកាន់ការស្គាល់ខ្លួនឯងគឺជាដំណើរមួយដ៏ជ្រៅប្រៀបបាននឹងជម្រៅរបស់មហាសមុទ្រ។ ការរៀនសូត្រ មិនមែនមានតែក្នុងសាលានោះទេដែលអាចផ្ដល់ឲ្យអ្នកបាន ហើយក៏មិនចាំបាច់តែនៅក្នុងសាលានោះដែរ ដែលអ្នកត្រូវរៀនសូត្រនោះ។ គ្រប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងលើអ្នកក្នុងរាល់ខណៈពេលទាំងអស់ បើអ្នកយកចិត្តទុកដាក់សង្កេតមើលចូលទៅដល់ជម្រៅចិត្តខ្លួនឯង និងដំណើរនៃការគិតរបស់អ្នកនៅរាល់គ្រប់ខណៈពេលទាំងនោះ នោះអ្នកនឹងបានរៀនអ្វីម្យ៉ាងពីការសង្កេតនេះ ដែលអាចនាំអ្នកទៅរកការស្គាល់ខ្លួនឯងបាន។
នៅពេលអ្នកមិនស្គាល់ខ្លួនឯង វាគឺជាមូលហេតុដែលនាំឲ្យអ្នកចេះតែខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃមើលឃើញចំពោះខ្លួនឯង។ ប៉ុន្តែមនុស្សដែលនៅខាងក្រៅអ្នក អាចត្រឹមតែមើលឃើញស្រទាប់ផ្ទៃខាងលើដែលពួកគេអាចមើលឃើញអំពីអ្នកប៉ុណ្ណោះ។ ចូលទៅដល់ទីជម្រៅ មានតែអ្នកខ្លួនឯងប៉ុណ្ណោះទើបអាចរុករកឃើញបាន។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីចំនួន៨ ដែលអ្នកគួរយកទៅសិក្សាស្វែងយល់:
១) «ទស្សនទាំងឡាយអំពីខ្លួនឯងគឺត្រូវបានខ្ចីពីគេមក ខ្ចីពីមនុស្សដែលមិនដឹងសូម្បីថាតើពួកគេខ្លួនឯងជានរណាផង។» Osho
២) «ការគ្រប់គ្រងខ្លួនឯងគឺជាកម្លាំង។ ភាពសុខស្ងប់គឺជាការធ្វើជាម្ចាស់។ អ្នកត្រូវទៅឲ្យដល់ចំណុចមួយដែលអារម្មណ៍របស់អ្នកមិនផ្លាស់ប្ដូរដោយសារតែទង្វើដែលមិនសំខាន់របស់អ្នកដទៃ។ កុំអនុញ្ញាតឲ្យអ្នកដទៃគ្រប់គ្រងទៅលើទិសដៅនៃជីវិតអ្នក។ កុំអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកខ្លាំងក្លាជាងប្រាជ្ញារបស់អ្នកឲ្យសោះ។» អនាមិក
៣) «មុននិយាយ អ្នកត្រូវឲ្យពាក្យសម្ដីរបស់អ្នកឆ្លងកាត់ទ្វារចំនួន៣ ទី១តើវាពិតទេ ? ទី២តើវាចាំបាច់ទេ ? ទី៣តើវាទន់ភ្លន់ទេ ?» Rumi
៤) «សម្លឹងមើលជីវិតចេញពីទស្សនផ្សេងៗគ្នា ធ្វើឲ្យអ្នកដឹងថាមិនមែនជាសត្វក្ដាន់នោះទេដែលដើរឆ្លងកាត់ថ្នល់ តែគឺជាផ្លូវដែលឆ្លងកាត់ព្រៃ។» Muhammad Ali
៥) «វាត្រូវការមនុស្សដ៏រឹងមាំខ្លាំងដែលអាចអង្គុយជាមួយខ្លួនឯងបាន ធ្វើឲ្យព្យុះរបស់ពួកគេស្ងប់ស្ងាត់ និងព្យាបាលបញ្ហាទាំងអស់របស់ពួកគេដោយមិនព្យាយាមនាំនរណាម្នាក់ចូលក្នុងភាពច្របូកច្របល់នោះ។ ដំណើរឆ្ពោះទៅរកការស្រឡាញ់ខ្លួនឯងគឺគ្រាន់តែបែបនេះឯង។» Cacchi Ricci
៦) «អ្នកឮ តែអ្នកកំពុងតែស្ដាប់ទេ ? អ្នកនៅរស់ តែអ្នកកំពុងតែរស់នៅទេ ? អ្នកមើល តែអ្នកបានឃើញទេ ?» Mohil Gupta
៧) «កុំឈប់រៀនសូត្រ ព្រោះជីវិតមិនដែលឈប់បង្រៀននោះទេ។» Michael Josephson
៨) «សេចក្ដីសុខមិនមែនជាអវត្តមាននៃបញ្ហានោះទេ តែវាគឺជាសមត្ថភាពក្នុងការដោះស្រាយជាមួយពួកវា។» Steve Maraboli
ដោយ៖ ស្រីពៅ