ADB ព្យាករណ៍ថា GDP របស់វៀតណាមមានកំណើន ៦.៨% ក្នុងឆ្នាំ ២០២០
នៅក្នុងឯកសារបន្ថែមនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៩ (ADOU2019) ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការកែសម្រួលការព្យាករណ៍កំណើនរបស់វៀតណាមពី ៦.៨% ទៅ ៦.៩% សម្រាប់ឆ្នាំនេះ និងពី ៦.៧% ទៅ ៦.៨% សម្រាប់ឆ្នាំ ២០២០ ។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីដោយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើឡើងចំពេលអត្រាកំណើនសេដ្ឋកិច្ចចិននិងឥណ្ឌាកំពុងជួបនូវការធ្លាក់ចុះដែលបណ្តាលមកពីកត្តាទាំងក្នុងនិងក្រៅ។ ផ្ទុយពីទិសដៅធ្លាក់ចុះក្នុងតំបន់ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ឲ្យប្រទេសវៀតណាមនូវការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបដែលកើនឡើងពី ៦.៨% ទៅ ៦.៩% សម្រាប់ឆ្នាំនេះនិងពី ៦.៧% ទៅ ៦.៨% សម្រាប់ឆ្នាំ ២០២០។
យោងតាមរបាយការណ៍នេះកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមក្នុងកំឡុងពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ ឈានដល់កម្រិត ៧% ដែលជាកម្រិតខ្ពស់បំផុតបើប្រៀបធៀបនឹងរយៈពេល ៩ ឆ្នាំកន្លងមក។ ដោយប្រជាជនមានការកើនឡើងក្នុងការប្រើប្រាស់ផលិតផល ៧.៣% ខណៈការវិនិយោគកើនឡើង ៧.៧% ដោយសារបរិយាកាសអាជីវកម្មមានភាពប្រសើរឡើងនិងបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិនដែលនាំឲ្យមានការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។
គួរឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយថ្មីមួយដែលគេឲ្យឈ្មោះថា “ដូយម៉ូយ ឬ Đổi Mới” ក្នុងឆ្នាំ ១៩៨៦ បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងឆាប់រហ័ស។ គោលនយោបាយនេះបានជួយឲ្យទីក្រុងហាណូយផ្លាស់ប្តូរងើបចេញពីប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប៕
ដោយ៖ ជា ធារិទ្ធ