ពាក្យសម្ដីដកស្រង់ចំនួន ១០ឃ្លា អំពីគតិបណ្ឌិតចេញពីភាពស្ងប់ស្ងាត់ របស់បុគ្គលល្បីៗ
សុភាសិតអាល្លឺម៉ង់មួយបានពោលថា «ការនិយាយមកដោយធម្មជាតិ ភាពស្ងប់ស្ងាត់មកតាមរយៈការយល់។» ការនិយាយវែកញែកអ្នកដទៃល្អបែបនេះអាក្រក់បែបនោះ អាចបង្ហាញថាអ្នកជាមនុស្សវៃឆ្លាត។ ការនិយាយជាន់ពន្លិចអ្នកដទៃអាចធ្វើឲ្យអ្នកឡើងខ្ពស់។ ប៉ុន្តែនៅក្នុងពិភពលោកដ៏គួរឲ្យសោកសង្រេងមួយនេះ អ្វីដែលមនុស្សម្នាក់ៗត្រូវការបំផុតគឺជាការរៀនស្វែងយល់ពីគ្នាទៅវិញទៅមក។
មិនថាស្ថានភាពនៃជីវិតរបស់មនុស្សយើងម្នាក់ៗខុសពីគ្នាទៅតាមរបៀបណាក៏ដោយ តែចំណុចមួយដែលយើងម្នាក់ៗមានដូចគ្នានោះគឺពួកយើងសុទ្ធតែរស់នៅក្រោមច្បាប់ធម្មជាតិទាំងអស់។ បើអ្នកសង្កេតចូលឲ្យជ្រៅក្នុងជីវិត នោះអ្នកនឹងយល់ពីពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ថាមានជីវិតតែងមានទុក្ខពិតមែន។ នៅពេលអ្នកមើលឃើញអ្វីៗកាន់តែច្រើន នោះអ្នកនឹងកាន់តែស្ងប់ស្ងាត់ជាងមុន។ ជាជាងវាយតម្លៃអ្នកដទៃដោយគ្រាន់តែឃើញផ្នែកមួយចំនួននៃជីវិតរបស់ពួកគេ អ្នកនឹងចាប់ផ្ដើមចូលទៅដល់ស្រទាប់ចិត្តដើម្បីរៀនស្វែងយល់ពីបុគ្គលម្នាក់ៗវិញ។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន១០ អំពីគតិបណ្ឌិតនៃភាពស្ងប់ស្ងាត់៖
១) «ខ្ញុំចាប់ផ្ដើមដឹងថាអ្នកអាចស្ដាប់ពីភាពស្ងប់ស្ងាត់និងរៀនសូត្រពីវាបាន។ ភាពស្ងប់ស្ងាត់មានគុណភាពនិងវិមាត្ររបស់វា។» Chaim Potok
២) «តើភាពស្ងប់ស្ងាត់នឹងល្អប្រសើរជាងប៉ុណ្ណា ជាមួយនឹងកែវកាហ្វេមួយនិងតុមួយ។ តើវានឹងល្អប្រសើរជាងប៉ុណ្ណាដែលបានអង្គុយម្នាក់ឯងប្រៀបបាននឹងបក្សីសមុទ្រដែលនៅម្នាក់ឯងដែលបើកស្លាបរបស់វានៅលើដំបងឈើ។ ឲ្យខ្ញុំអង្គុយនៅទីនេះរហូតជាមួយនឹងរបស់សាមញ្ញ កែវកាហ្វេនេះ កាំបិតនេះ សមនេះ អ្វីៗនៅក្នុងភាពជាវា ខ្លួនឯងនៅក្នុងភាពជាខ្លួនឯង។» Virginia Woolf
៣) «ធ្វើកិច្ចការរបស់អ្នកដោយស្ងប់ស្ងាត់ ចូរឲ្យភាពជោគជ័យរបស់អ្នកជាអ្នកបង្កជាសំឡេងកងរំពង។» Frank Ocean
៤) «គ្រាន់តែអនុញ្ញាតឲ្យទឹកស្ងប់ ព្រះអាទិត្យនិងព្រះចន្ទនឹងជះស្រមោលមកលើផ្ទៃនៃអត្ថិភាពរបស់អ្នក។» Rumi
៥) «នៅពេលអ្នកមានសតិដឹងពីភាពស្ងប់ស្ងាត់ ភ្លាមៗនោះមាននូវសភាពនៃការភ្ញាក់ស្មារតីមួយនៅខាងក្នុងដែលនៅស្ងៀម។ អ្នកមានវត្តមាន។ អ្នកបានឈានជើងចេញពីលក្ខខណ្ឌរបស់មនុស្សដែលត្រូវបានប្រមូលផ្ដុំរាប់ពាន់ឆ្នាំ។» Eckhart Tolle
៦) «ភាពស្ងប់ស្ងាត់គឺជាភាពបរិសុទ្ធនិងជាភាពពិសិដ្ឋ។ វាទាញមនុស្សឲ្យមកនៅជាមួយគ្នាពីព្រោះមានតែមនុស្សដែលកក់ក្ដៅនឹងនៅជាមួយគ្នាប៉ុណ្ណោះទើបអាចអង្គុយដោយមិននិយាយអ្វីបាន។ វាគឺជាភាពចម្លែកដ៏អស្ចារ្យមួយ។» Nicholas Sparks
៧) «ធ្មេញគួរតែត្រូវប្រើសម្រាប់ធ្វើជារបងការពារអណ្ដាត។» Eliza Cook
៨) «ស្ងប់ស្ងាត់ប្រសើរជាងពាក្យគ្មានន័យខ្លឹមសារ ឥតប្រយោជន៍។» Pythagoras
៩) «ការនិយាយមកដោយធម្មជាតិ ភាពស្ងប់ស្ងាត់មកតាមរយៈការយល់។» សុភាសិតអាល្លឺម៉ង់
១០) «ភាពស្ងប់ស្ងាត់គឺជាប្រភពនៃកម្លាំងដ៏ខ្លាំងក្លា។» ឡៅជឺ
ដោយ៖ ស្រីពៅ