សម្ដីចំនួន ១០ឃ្លា ពីអ្នកវិភាគផ្នែកចិត្តសាស្ត្រ Carl Jung ដែលអ្នកគួរយកទៅគិតពិចារណា
ពេទ្យចិត្តសាស្ត្រនិងអ្នកវិភាគផ្នែកចិត្តសាស្ត្រជនជាតិស្វីសលោក Carl Jung បាននិយាយថា «ភារកិច្ចរបស់មនុស្សគឺជាការមានសតិដឹងពីអ្វីៗដែលត្រូវបានរុញច្រានឡើងមកលើពីផ្នែកដែលមិនមានសតិដឹង។» នៅក្នុងគ្រប់មនុស្សទាំងអស់សុទ្ធតែមានសេចក្ដីល្អនិងសេចក្ដីអាក្រក់។ ដូចអ្វីដែលការបង្រៀនរបស់តៅបានបង្រៀន ល្អនិងអាក្រក់ផ្ដល់កំណើតឲ្យគ្នាទៅវិញទៅមក។ គ្មានអ្វីមួយដែលអាចមានវត្តមានតែឯងបាននោះទេ។ អ្វីដែលយើងមើលឃើញថាផ្ទុយគ្នានេះ ពឹងពាក់អាស្រ័យគ្នាដើម្បីមានជីវិត។ ហេតុនេះហើយទើបព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងដើរផ្លូវកណ្ដាល មិនយកខ្លួនទៅបៀតនឹងសេចក្ដីអាក្រក់ តែបើធ្វើសេចក្ដីល្អហើយក៏មិនចង់បានការតបស្នងអ្វីមកវិញឬមានមោទនភាពនឹងសេចក្ដីល្អរបស់ខ្លួនឯងនោះដែរ ពោលគឺមិនជាប់ជំពាក់នឹងសេចក្ដីល្អឬសេចក្ដីអាក្រក់នោះឡើយ។
មនុស្សដែលស្គាល់អ្នកដទៃគឺជាមនុស្សខ្លាំងក្លា តែមនុស្សដែលស្គាល់ខ្លួនឯងទើបជាមនុស្សមានបញ្ញា។ ដំណើរឆ្ពោះទៅកាន់ការស្វែងយល់ពីខ្លួនឯងវែងឆ្ងាយនិងស៊ីជម្រៅ តែបើអ្នកបានស្គាល់និងយល់ពីខ្លួនឯង នោះអ្នកនឹងអាចយល់ពីការពិតនៅក្នុងធម្មជាតិនេះបាន។ ហេតុនេះហើយទើបអ្នកត្រូវចេះតាមដានសង្កេតការគិតរបស់ខ្លួនឯង អារម្មណ៍របស់ខ្លួនឯង ហើយអ្នកនឹងអាចកត់សម្គាល់ឃើញពីសេចក្ដីល្អនិងសេចក្ដីអាក្រក់នៅក្នុងខ្លួនអ្នក។ មិនថាល្អក៏ដោយអាក្រក់ក៏ដោយ លុះត្រាតែអ្នកទទួលស្គាល់វាជាមុនសិន ពុំនោះទេវានឹងមិនមានសេរីភាពរលត់បាត់ចេញពីចិត្តរបស់អ្នកនោះឡើយ នៅពេលនោះអ្នកក៏មិនមានសេរីភាពពិតប្រាកដដែរ។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់របស់លោក Carl Jung ចំនួន១០ឃ្លា ដែលអ្នកគួរយកទៅគិតពិចារណា៖
១) «ពាក្យថា «រីករាយ» នឹងបាត់បង់អត្ថន័យរបស់វាបើវាមិនត្រូវបានធ្វើឲ្យមានលំនឹងដោយពាក្យថា «សោកសៅ» ទេនោះ។»
២) «ស្បែកជើងដែលសមល្មមសម្រាប់មនុស្សម្នាក់នឹងគាបជើងម្នាក់មនុស្សម្នាក់ទៀត។ គ្មានរូបមន្តណាមួយសម្រាប់ការរស់នៅដែលស័ក្ដិសមក្នុងគ្រប់ករណីទាំងអស់នោះឡើយ។»
៣) «មនុស្សដែលសម្លឹងមើលខាងក្រៅ សុបិន។ មនុស្សដែលសម្លឹងមើលខាងក្នុង ភ្ញាក់ខ្លួន។»
៤) «មនុស្សដែលសន្យាអ្វីៗគ្រប់យ៉ាង ប្រាកដជាអ្វីក៏មិនអាចសម្រេចបាន ហើយមនុស្សដែលសន្យាច្រើនហួសហេតុពេក នឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៃការប្រើប្រាស់វិធីសាស្ត្រអាក្រក់ដើម្បីសម្រេចឲ្យបាននូវការសន្យារបស់គេ ហើយនឹងកំពុងតែបានស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពវិនាសអន្តរាយ។»
៥) «គ្រប់ទម្រង់នៃការញៀនទាំងអស់សុទ្ធតែមិនល្អ មិនថាជាគ្រឿងញៀន គ្រឿងស្រវឹង អាភៀន ឬមនោគមនិយមនោះឡើយ។»
៦) «យើងមិនអាចផ្លាស់ប្ដូរអ្វីបានរហូតទាល់តែយើងទទួលស្គាល់វា។ ការរិះគន់ស្អប់ខ្ពើមមិនបានដោះលែងវាចេញនោះទេ វាមានតែគាបសង្កត់ប៉ុណ្ណោះ។»
៧) «ដឹងពីភាពងងឹតរបស់ខ្លួនឯងគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយជាមួយនឹងភាពងងឹតរបស់អ្នកដទៃ។»
៨) «យើងមិនគួរធ្វើពុតជាយល់ពីពិភពលោកដោយគ្រាន់តែតាមរយៈប្រាជ្ញាម្យ៉ាងនោះទេ។ ការវាយតម្លៃនៃអ្នកមានប្រាជ្ញាគ្រាន់តែជាផ្នែកមួយនៃការពិតប៉ុណ្ណោះ។»
៩) «គ្រប់យ៉ាងដែលធ្វើឲ្យយើងខឹងអំពីអ្នកដទៃអាចនាំយើងទៅកាន់ការស្គាល់ខ្លួនឯង។»
១០) «ភារកិច្ចរបស់មនុស្សគឺជាការមានសតិដឹងពីអ្វីៗដែលត្រូវបានរុញច្រានឡើងមកលើពីផ្នែកដែលមិនមានសតិដឹង។»
ដោយ៖ ស្រីពៅ