រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
ការដ្ឋានការងារស្តារអូរ ប្រឡាយ ចំនួនប្រាំខ្សែ៥ ខ្សែ នៅក្នុងតំបន់ អូរឈេីទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកដំណើរការនៅថ្ងៃនេះ។
កិច្ចការងារស្ដារប្រឡាយអូរនេះត្រូវបានចាប់ផ្ដើមដំណើរការក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមគួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងអាជ្ញាធរដែនដី ក្រុមជំនាញការ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀតយោងតាមទំព័រ ហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផែនការស្តារប្រឡាយនេះគ្រោងចំណាយថវិកាប្រមាណ ១០ ពាន់លានរៀល ឬស្មើនឹង ២.៤៥ លានដុល្លារ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល កិច្ចការងារនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ក្នុងគោលបំណងបើកមុខទឹក និងដោះស្រាយបញ្ហាទឺកជំនន់ (ទឹកភ្លៀង) ក៏ដូចជាការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។
នៅក្នុងឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤៧,០០០ ម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ។
ដូច្នេះការស្តារប្រឡាយទាំង៥ ខ្សែរនេះ គឺជាលើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុង ក្រុងព្រះសីហនុទាំងមូល ពោលគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួររំលឹកផងដែរថា ខេត្តព្រះសីហនុជាតំបន់មានសក្តានុពលពីធម្មជាតិ មានតំបន់ឆ្នេរ លំដាប់ពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ វិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើននាក់។ ដើម្បីជំរុញដល់សក្ដានុពលតំបន់ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនា និង ជួសជុលផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែងប្រមាណ ៨៥ គីឡូម៉ែត្រ។ ក្រៅពីនេះ ដើម្បីតភ្ជាប់តំបន់នេះទៅតំបន់ផ្សេងៗក្នុងប្រទេស រដ្ឋាភិបាលបានកំពុងសងសង់ផ្លូវល្បឿនលឿន-ព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅចុង ឆ្នាំ២០២២ ខាងមុខ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ ដើម្បីអាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕
ដៃគូសហការ៖ www.realestate.com.kh