Sanna Marin នាយករដ្ឋមន្រ្តីស្រ្តីវ័យ ៣៤ឆ្នាំ របស់ហ្វាំងឡង់ វ័យក្មេងជាងគេក្នុងលោក
រដ្ឋមន្ត្រីដឹកជញ្ជូននិងគមនាគមន៍ និងជាសមាជិកសភាវ័យក្មេងវ័យ ៣៤ឆ្នាំនឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ តាមការជ្រើសរើសពីគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (Social Democratic Party)។ លោកស្រី Sanna Marin ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត និងជាថ្នាក់ដឹកនាំរដ្ឋាភិបាលស្ត្រីទី៣ របស់ហ្វាំងឡង់ ខណៈអតីតនាយករដ្ឋមន្រ្តី លោក Antti Rinne បានលាលែងពីតំណែងកាលពីថ្ងៃអង្គារកន្លងទៅ។
លោកស្រី Sanna Marin ប្រភពរូប apnews.com
ក្រុមប្រឹក្សាគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (Social Democratic Party) ទទួលបានលទ្ធផលបោះឆ្នោតក្នុងសំលេង ៣២-២៩ កាលពីល្ងាចថ្ងៃអាទិត្យក្នុងការតែងតាំងលោកស្រី Sanna Marin លើគូប្រជែងលោកស្រី Antti Lindtman ដើម្បីកាន់តំណែងកំពូលរបស់រដ្ឋាភិបាលតពីលោក Antti Rinne ដែលកំពុងកាន់អំណាច។
លោកស្រី Sanna Marin ធ្លាប់ជាអនុប្រធានគណបក្ស និងជាតំណាងរាស្រ្ត តាំងពីឆ្នាំ ២០១៥ មក ហើយបានបម្រើការជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងគមនាគមន៍រហូតមកដល់ពេលបច្ចុប្បន្ន។ យោងតាម Helsingin Sanomat ដែលជាសារព័ត៌មានធំជាងគេនៅហ្វាំងឡង់និងកាសែតដែលមានឈ្មោះថា Ilta-Sanomat បានឲ្យដឹងថាលោកស្រី Marin នឹងក្លាយជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក។
សមាជិកសភាទំនងជានឹងអនុម័តលើការតែងតាំងលោកស្រី Marin ជានាយករដ្ឋមន្រ្តីថ្មីឲ្យបានឆាប់រហ័ស ដូច្នេះលោកស្រីអាចតំណាងប្រទេសហ្វាំងឡង់នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Antti Rinne បានលាលែងពីតំណែងនាយករដ្ឋមន្រ្តីហ្វាំងឡង់ កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីដៃគូសម្ព័ន្ធ គណបក្សកណ្តាល (Center Party) បានដកការគាំទ្ររបស់ខ្លួនដោយលើកឡើងពីកង្វះការទុកចិត្ត និងបានរិះគន់ពីសមត្ថភាពដឹកនាំរបស់លោកផងដែរ។ ការលាលែងពីតំណែងរបស់ Antti Rinne បានជំរុញឱ្យមានការលាលែងពីតំណែងជាផ្លូវការនៃសម្ព័ន្ធសង្គមប្រជាធិបតេយ្យនិងគណបក្សមជ្ឈិម និងដៃគូកំពូលចំនួនបីគឺ Greens Left Alliance និង Swedish People’s Party of Finland៕
ដោយ៖ យ៉ាយ៉ា