សម្ដីចំនួន ១០ឃ្លា ដែលមានខ្លឹមសារនិយាយអំពីភាពបរិសុទ្ធមិនដឹងអីរបស់ក្មេង
មានសម្ដីមួយបានលើកឡើងថា «មានពេលខ្លះអ្នកចាំបាច់ត្រូវនិយាយជាមួយក្មេង៣ឆ្នាំដើម្បីបានយល់ពីជីវិតសារជាថ្មីម្ដងទៀត។» អ្វីៗត្រូវមកជាមួយនឹងការដោះដូរ។ ក្មេងៗថ្វីត្បិតតែមិនដឹងសាច់ការអ្វី ប៉ុន្តែកែវភ្នែករបស់ពួកគេតែងសម្លឹងមើលទៅកាន់ពិភពលោកជាមួយនឹងភាពងឿងឆ្ងល់និងការចាប់អារម្មណ៍ទៅក្នុងពិភពលោកជុំវិញខ្លួនរបស់ពួកគេ។ ពួកគេគឺជាឧទាហរណ៍ដ៏ល្អបំផុតមួយអំពីមនុស្សដែលរស់នៅក្នុងបច្ចុប្បន្នកាល។ ប៉ុន្តែនៅពេលពួកគេធំដឹងក្ដី ដឹងរឿងរ៉ាវកាន់តែច្រើនថ្វីត្បិតតែជារឿងល្អ ប៉ុន្តែពួកគេក៏ត្រូវដោះដូរជាមួយនឹងកង្វល់ជាច្រើននៅក្នុងចិត្តដែរ រហូតទាល់តែដល់ចំណុចមួយដែលធ្វើឲ្យមនុស្សដឹងក្ដីម្នាក់ អាចបាត់បង់ភាពរស់រវើកនៅក្នុងចិត្តរបស់ពួកគេទាំងស្រុងបាន។ បើមិនស្ដាយស្រណោះអតីតកាលក៏កង្វល់ចំពោះអនាគតកាលដែរ មិនដូចជាកាលពួកគេនៅក្មេងបរិសុទ្ធមិនដឹងអីនោះឡើយ។
ខាងក្រោមនេះគឺជាសម្ដីចំនួន ១០ឃ្លា ដែលមានខ្លឹមសារនិយាយអំពីភាពបរិសុទ្ធមិនដឹងអីរបស់ក្មេង៖
១) «មានពេលខ្លះអ្នកចាំបាច់ត្រូវនិយាយជាមួយក្មេង៣ឆ្នាំដើម្បីបានយល់ពីជីវិតសារជាថ្មីម្ដងទៀត។» អនាមិក
២) «ពួកយើងគួរតែត្រូវបានជំរុញទឹកចិត្តពីកូនក្មេង។ ពួកគេមិនខ្វាយខ្វល់អំពីភាពភ័យខ្លាចឬការសាងកំហុសនោះឡើយ។» Maxime Legace
៣) «ក្មេងៗធ្វើឲ្យអ្នកចង់ចាប់ផ្ដើមជីវិតសារជាថ្មីម្ដងទៀត។» Muhammad Ali
៤) «វាត្រូវការរយៈពេលយូរដើម្បីក្លាយជាក្មេងវ័យ។» Pablo Picasso
៥) «សម្លឹងមើលពិភពលោកជាមួយនឹងភាពមិនដឹងអីរបស់ក្មេង។ ឆ្ពោះទៅរកពិភពលោកជាមួយនឹងសេចក្ដីអង់អាចរបស់ក្មេង។ ស្រឡាញ់ពិភពលោកជាមួយនឹងចិត្តដែលចេញពីឆន្ទៈរបស់ក្មេង។ ព្យាបាលពិភពលោកជាមួយនឹងភាពបរិសុទ្ធរបស់ក្មេង។ ផ្លាស់ប្ដូរពិភពលោកជាមួយនឹងបញ្ញារបស់ក្មេង។» Neale Donald Walsch
៦) «នៅក្នុងភាពមិនដឹងអីរបស់ពួកគេ ក្មេងៗដឹងខ្លួនឯងថាជាពន្លឺនិងជាក្ដីស្រឡាញ់។ បើយើងអនុញ្ញាតឲ្យពួកគេ នោះពួកគេនឹងធ្វើឲ្យយើងមើលឃើញខ្លួនឯងបែបនោះដែរ។» Michael Jackson
៧) «គ្រប់ក្មេងទាំងអស់គឺជាសិល្បករ។ បញ្ហាគឺនៅត្រង់ថាតើគួរធ្វើបែបណាដើម្បីឲ្យនៅតែជាសិល្បករនៅពេលពួកគេលូតលាស់ធំធាត់។» Pablo Picasso
៨) «ក្មេងអាចសួរសំណួរដែលមនុស្សមានបញ្ញាមិនអាចឆ្លើយបាន។» អនាមិក
៩) «មនុស្សជំទង់ដើរតាមគន្លង។ កូនក្មេងដើររុករក។» Neil Gaiman
១០) «បេះដូងរបស់ម្ដាយគឺជាបន្ទប់រៀនរបស់ក្មេង។» Henry Ward Beecher
ដោយ៖ ស្រីពៅ