សម្ដីចំនួន ៨ឃ្លា របស់កវីកំណាព្យរបស់អាមេរិក Emily Dickinson ជាគតិបណ្ឌិត
Emily Elizabeth Dickinson គឺជាស្ត្រីម្នាក់ដែលត្រូវបានស្ថិតនៅក្នុងចំណោមកវីតែងកំណាព្យដែលគេគោរពឲ្យតម្លៃបំផុតមួយរបស់អាមេរិក។ គាត់បានកើតនៅឯរដ្ឋMassachusetts ក្នុងឆ្នាំ១៨៣០ នៅក្នុងត្រកូលគ្រួសារអ្នកមានមុខមាត់មួយ។ គាត់រស់នៅជីវិតរបស់គាត់ដាច់ដោយឡែកពីគេឯង។ អ្នកជិតខាងមើលឃើញថាគាត់គឺជាមនុស្សចម្លែកម្នាក់។ គាត់មិនចូលចិត្តជួបភ្ញៀវ ហើយក្រោយមកសូម្បីតែបន្ទប់គេងក៏មិនចង់ចាកចេញ។ នៅពេលជួបភ្ញៀវម្ដងៗ គាត់តែងស្លៀកសំលៀកបំពាក់ពណ៌ស បើមិនមានការចាំបាច់ខ្លាំងទេនោះគាត់មិនចាកចេញពីផ្ទះឡើយ។ គាត់មិនធ្លាប់រៀបការនោះទេ មានតែមិត្តជិតស្និទ្ធប៉ុណ្ណោះ។
ដោយសារតែគាត់ចូលចិត្តរស់នៅស្ងប់ស្ងាត់ម្នាក់ឯង ស្នាដៃនិពន្ធកំណាព្យរបស់គាត់មានតិចតួចប៉ុណ្ណោះដែលត្រូវបានចេញផ្សាយ រហូតទាល់តែគាត់លាចាកលោកទៅក្នុងឆ្នាំ១៨៨៦ទើបប្អូនស្រីរបស់គាត់បានប្រមូលយកស្នាដៃរបស់គាត់ទៅឲ្យគេចេញផ្សាយ។ ចាប់ពីពេលនោះមកកេរ្តិ៍ឈ្មោះរបស់គាត់ក៏មានភាពល្បីល្បាញ ឯកំណាព្យរបស់គាត់ភាគច្រើននិយាយពាក់ព័ន្ធជាមួយសេចក្ដីស្លាប់និងភាពអមត។ ខាងក្រោមនេះគឺជាសម្ដីចំនួន៨ដែលបានដកស្រង់ពីកវីកំណាព្យរបស់អាមេរិករូបនេះ៖
១) «វិធីដ៏ល្អបំផុតដើម្បីដឹងថាមនុស្សណាម្នាក់អាចទុកចិត្តបានឬអត់គឺជាការជឿទុកចិត្តពួកគេ។»
២) «មនុស្សត្រូវការពេលវេលាលំបាកនិងការគាបសង្កត់ដើម្បីដាំដុះសាច់ដុំផ្លូវចិត្ត។»
៣) «មិននិយាយអ្វីទាំងអស់មានពេលខ្លះនិយាយច្រើនបំផុត។»
៤) «ខួរក្បាលធំទូលាយជាងមេឃទៅទៀត។»
៥) «ខ្ញុំមិនមែនជានរណាទាំងអស់។ តើអ្នកជានរណា ?»
៦) «បើខ្ញុំអាចបញ្ឈប់ឲ្យបេះដូងមួយកុំឲ្យបាក់បែកបាន ខ្ញុំគួរតែមិនបានរស់នៅដោយឥតប្រយោជន៍នោះឡើយ។»
៧) «សូមអភ័យទោសឲ្យភាពប្រក្រតីរបស់ខ្ញុំនៅក្នុងពិភពលោកដែលឆ្កួតវង្វេងមួយនេះ។»
៨) «រហូតទាល់តែខ្ញុំបានស្រឡាញ់មិនដូច្នោះទេខ្ញុំមិនធ្លាប់ដែលបានរស់នៅនោះទេ។»
ដោយ៖ ស្រីពៅ