ជីវប្រវត្តិសង្ខេបនិងសម្ដីរបស់លោកសាក់ឡូចំនួន ១០ ដែលអ្នកគួរបានអាន
Charles Chaplin ឬអ្នកកំប្លែងសាក់ឡូ ត្រូវបានគេរាប់ចូលក្នុងចំណោមតួអង្គដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ឧស្សាហកម្មខ្សែភាពយន្ត។ គាត់កើតនៅឆ្នាំ១៨៨៩និងស្លាប់នៅឆ្នាំ១៩៧៧។ បន្ថែមពីលើជាអ្នកកំប្លែងរបស់អង់គ្លេសមួយរូបដែលមនុស្សភាគច្រើនបានដឹង គាត់ក៏ជាអ្នកដឹកនាំរឿង និងអ្នកសរសេររឿងផងដែរ។ កុមារភាពរបស់គាត់នៅក្នុងទីក្រុងឡុងដុងត្រូវឆ្លងកាត់ភាពក្រីក្រនិងការលំបាកជាច្រើន។
ឪពុករបស់គាត់អវត្តមាន ឯម្ដាយរបស់គាត់មានបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យគាត់ត្រូវបានបញ្ជូនទៅWorkhouse ដែលជាស្ថាប័នផ្ដល់កន្លែងស្នាក់នៅនិងការងារដល់មនុស្សដែលមិនមានសមត្ថភាពទ្រទ្រង់ជីវិតខ្លួនឯង អស់ចំនួន២ដងមុនពេលគាត់មានអាយុ៩ឆ្នាំ។ នៅពេលគាត់មានអាយុ១៤ឆ្នាំ ម្ដាយរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត។ មូលហេតុនេះហើយទើបគាត់ត្រូវដើរសម្ដែងតាំងតែអាយុនៅតិចម្ល៉េះ។ រហូតដល់ឆ្នាំ១៩១៨ គាត់ក៏បានក្លាយជាតួអង្គដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ស្នាដៃរបស់គាត់មួយដែលមានចំណងជើងថា The Great Dictator នៅក្នុងឆ្នាំ១៩៤០ ដែលបាននិយាយចំអកឲ្យមេដឹកនាំ អាដុល ហ៊ីត្លែរ បានបង្កឲ្យមានការជជែកដេញដោលជាច្រើនរហូតទាល់តែគាត់ត្រូវបានបង្ខំឲ្យចាកចេញពីសហរដ្ឋអាមេរិកហើយទៅតាំងទីលំនៅនៅឯប្រទេសស្វីសវិញ។
យ៉ាងណាមិញ The Great Dictator រួមជាមួយនឹងស្នាដៃដទៃទៀតរបស់គាត់ ច្រើនតែជាប់ចំណាត់ថ្នាក់នៅក្នុងតារាងនៃរឿងដែលអស្ចារ្យបំផុតគ្រប់ពេលណាៗទាំងអស់។ ខាងក្រោមនេះគឺជាសម្ដីរបស់លោកសាក់ឡូ ដែលអ្នកគួរបានអាន៖
១) «ដើម្បីសើចយ៉ាងពិតប្រាកដ អ្នកត្រូវអាចទទួលនូវការឈឺចាប់របស់អ្នក និងលេងជាមួយវា។»
២) «ជីវិតគឺជាសោកនាដកម្មនៅពេលសម្លឹងមើលឲ្យជិត ប៉ុន្តែជារឿងកំប្លែងនៅពេលសម្លឹងមើលឲ្យបានឆ្ងាយ។»
៣) «ភាពសាមញ្ញគឺជារឿងដែលពិបាកក្នុងការសម្រេចបាន។»
៤) «ខ្ញុំគឺជាពលរដ្ឋរបស់ពិភពលោក។»
៥) «បើអ្នកពិតជាស្មោះត្រង់ជាមួយខ្លួនឯង វាគឺជាអ្នកណែនាំផ្លូវដ៏អស្ចារ្យមួយ។»
៦) «ឃាតកម្មមួយធ្វើឲ្យក្លាយជាមនុស្សអាក្រក់ ឃាតកម្មមួយលានធ្វើឲ្យក្លាយជាវីរបុរស។»
៧) «គ្រឿងម៉ាស៊ីនគួរតែក្លាយជាការប្រទានពរសម្រាប់មនុស្សជាតិ មិនមែនបណ្ដាសានោះទេ។»
៨) «ខ្ញុំសង្ឃឹមថាការកម្សាន្តដែលខ្ញុំបានផ្ដល់ឲ្យនឹងមានឥទ្ធិពលគង់វង្សបានយូរខ្លះៗសម្រាប់មនុស្ស។ ខ្ញុំព្យាយាមបង្ហាញពីភាពស្រស់ស្អាតដែលមិនត្រឹមតែឲ្យតម្លៃទៅលើលក្ខណៈខាងផ្លូវកាយនិងឈុតឆាកប៉ុណ្ណោះទេ តែជាអារម្មណ៍មូលដ្ឋានគ្រឹះដ៏ពិតប្រាកដរបស់មនុស្សជាតិ។ ភាពស្រស់ស្អាត។ ភាពស្រស់ស្អាតគឺជាអ្វីដែលខ្ញុំផ្ដល់ឲ្យ។»
៩) «ដោយសារតែការកំប្លែង យើងត្រូវបានរំជើបរំជួលតិចជាងមុនពីការប្រែប្រួលនៃជីវិត។»
១០) «សំណាងនិងអភ័ព្វរសាត់មករកមនុស្សដោយឥតព្រាងទុកប្រៀបបាននឹងពពក។»
ដោយ៖ ស្រីពៅ