ហេតុអ្វីកំហុសធ្វើឲ្យអ្នកក្លាយជាសហគ្រិនដ៏ល្អម្នាក់បាន?​



នៅពេលបានបង្កើតកំហុសឡើង តើអ្នកមានប្រតិកម្មបែបណាឆ្លើយតបទៅនឹងកំហុសនោះ? ខឹង ខ្មាស់អៀន ខកចិត្ត អស់សង្ឃឹម ឬតាំងចិត្តនៅស្ងៀមមួយកន្លែង។ នេះជាសញ្ញាណទូទៅរបស់មនុស្សម្នាក់ៗនៅពេលមានកំហុស។ ក៏ប៉ុន្តែ តើអ្នកមានដឹងទេថា ប្រសិនបើអ្នកជាអ្នកជំនួញវិញ ហើយអ្នកបានបង្កើតកំហុសនៅក្នុងមុខជំនួញនោះ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យកំហុសនោះប្រែក្លាយអ្នកឲ្យក្លាយជាសហគ្រិនដ៏ល្អម្នាក់?

១.ការប្រតិកម្មតបទៅនឹងកំហុស
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យចិនហុងកុង(Chinese University of Hong Kong) បានកំណត់ សញ្ញាណនៃការឆ្លើយតបទៅនឹងកំហុសចែកចេញជាពីរប្រភេទបន្ទាប់ពីមានកំហុសកើតមានឡើង គឺ(១) ការប្រតិកម្មតបដោយការស្តីបន្ទោស (blaming approach) និង (២) ការប្រតិកម្មតបដោយការដោះស្រាយបញ្ហា (problem-solving approach)។ 

ការប្រតិកម្មតបដោយការស្តីបន្ទោសបង្កើតឲ្យមានឥរិយាបថបែបអវិជ្ជមានដូចជា ការដាក់បន្ទុក ឬធ្វើឲ្យមានភាពអាម៉ាស់ដល់អ្នកដែលពាក់ព័ន្ធ គេចវេសមិនទទួលខុសត្រូវ លាក់បាំង ឬបដិសេធថា មិនបានបង្កើតកំហុសទាំងនោះឡើង។ ជាទូទៅការប្រតិកម្មតបដោយវិធីនេះមិនបានផ្តល់មេរៀន ឬបទពិសោធន៍ល្អអ្វីទេប្រសិនបើវាគ្រប់គ្រងអារម្មណ៍របស់អ្នក។ 

ផ្ទុយទៅវិញ ការប្រតិកម្មតបដោយការដោះស្រាយបញ្ហា បានបង្កើតឲ្យមានឥរិយាបថបែបវិជ្ជមានឡើងដូចជាការការផ្តល់មាតិរិះគន់កែតម្រូវ ស្វះស្វែងរកគន្លឹះនានាមកដោះស្រាយ និងឈរលើមូលដ្ឋានដោយការទទួលខុសត្រូវ។ ការមានប្រតិកម្មតបដោយវិធីនេះមិនត្រឹមតែធ្វើឲ្យអ្នកទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗនោះទេ ពោលថែមទាំងធ្វើឲ្យអ្នកកាន់តែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនកាន់តែខ្លាំងឡើង។

២.ប្រាជ្ញារៀនពីកំហុសរបស់អ្នក
ដើម្បីក្លាយទៅជាសហគ្រិនខ្លាំងម្នាក់ អ្នកត្រូវការដួលច្រើនដង បរាជ័យច្រើនដង។ វាមិនខុសអ្វីពីក្មេងរៀនដើរដែលវាត្រូវការដួលរាប់មិនអស់ទម្រាំតែអាចដើរបាន។ នៅពេលអ្នកបានបង្កើតកំហុសម្តងជាពីរដង ឬកាន់តែច្រើន អ្នកចាប់ផ្តើមរៀនសូត្រកាន់តែច្រើន។ លើកទី១អ្នកប្រហែលរៀនមិនបានច្រើនទេ តែលើកទី២ ទី៣ ទី៤ អ្នកចាប់ផ្តើមដឹងថា ខ្លួនឯងកាន់តែឆ្លាតជាងលើកមុន។ នេះហើយជាអ្វីដែលកំហុសជួយឲ្យអ្នកកាន់តែឆ្លាត រឹងមាំនិងមានភាពប៉ិនប្រសព្វជាងមុន។ 

អ្នកអាចបង្កើតប្រាជ្ញាចេញពីកំហុសរបស់អ្នកបានដរាបណាអ្នកត្រូវធ្វើដូចខាងក្រោម៖
-កុំនៅស្លុងអារម្មណ៍ ឬបណ្តែតបណ្តោយឲ្យកំហុសកាន់តែធ្ងន់ឡើង
-ត្រូវស្វែងរកឲ្យឃើញនូវឬសគល់បញ្ហាដែលកើតមានឡើង និងធ្វើចិត្តឲ្យត្រជាក់កុំតក់ក្រហល់
-កុំស្តាប់តាមរាល់អ្វីៗទាំងអស់ដែលអ្នកដទៃនិយាយចេញមក។

អ្នកត្រូវជឿជាក់លើខ្លួនឯង មានទំនុកចិត្ត និងកសាងសមត្ថភាពឲ្យកាន់តែល្អចេញពីកំហុសរបស់អ្នក។ កុំយកលេស កុំគិតអវិជ្ជមានចំពោះកំហុសរបស់អ្នក។ ក្នុងជីវិតក្តី ជំនួញក្តី ឬធ្វើអ្វីមួយក្តី ប្រសិនបើមិនបានបង្កើតកំហុសទេនោះ អ្នកមិនអាចកំណត់បានថា អ្នកជាមនុស្សដែលមានបទពិសោធន៍ជីវិតរឹងមាំប៉ុណ្ណាឡើយ។ ធ្វើកាន់តែច្រើន អ្នកមានកំហុសកាន់តែច្រើន ហើយអ្នកក៏បានរៀនសូត្រកាន់តែច្រើនផងដែរ៕

ប្រភព៖ Inc 

 

X
5s