ឃ្លាដកស្រង់ចំនួន ៧ ដែលមានខ្លឹមសារលើកឡើងអំពីភាពល្អឥតខ្ចោះ
Vladimir Horowitz បាននិយាយថា «ភាពល្អឥតខ្ចោះខ្លួនវាគឺមិនល្អឥតខ្ចោះនោះឡើយ។» នៅក្នុងធម្មជាតិ អ្វីៗតែងមានតុល្យភាព។ បើអ្នកប្រឹងស្រវាចាប់យករបស់មួយខ្លាំងពេក នោះរបស់មួយទៀតនឹងធ្លាក់របូតពីដៃអ្នក។ ឱសថមិនថាមានប្រសិទ្ធភាពខ្លាំងប៉ុណ្ណាក៏វានៅតែអាចបំផ្លាញអ្នកបាននៅពេលអ្នកទទួលទានវាលើសកម្រិត។ ទឹក បន្លែ ផ្លែឈើ ដែលមើលទៅហាក់ដូចជាមិននាំមកនូវគ្រោះថ្នាក់អ្វីដល់អ្នក និងថែមទាំងជាអាហារចិញ្ចឹមទ្រទ្រង់រាងកាយរបស់យើង បើកាលណាទទួលទានច្រើនពេកក៏មិនមានផលល្អចំពោះសុខភាពអ្នកដែរ។ អ្វីដែលយើងហៅថាល្អឥតខ្ចោះនោះ នៅក្នុងភាពល្អឥតខ្ចោះនេះខ្លួនវាមិនទាំងល្អឥតខ្ចោះផង។
ងាកមកនៅក្នុងជីវិតមនុស្សយើងវិញ តែងមានឡើងចុះ។ បើបុគ្គលណាម្នាក់មានតែការឡើង នោះវាគ្រាន់តែជារូបភាពខាងក្រៅដែលគេទុកសម្រាប់បង្ហាញអ្នកប៉ុណ្ណោះ។ នៅផ្នែកខាងក្រោម អ្នកនឹងមើលឃើញនូវចំណុចមិនល្អរបស់គេ ដែលគេបានកប់លាក់ទៅក្នុងបាតជម្រៅនៃជីវិតរបស់គេ។ នេះក៏ព្រោះតែតុល្យភាពគឺជាច្បាប់របស់ធម្មជាតិ។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន៧ដែលមានខ្លឹមសារលើកឡើងអំពីភាពល្អឥតខ្ចោះ៖
១) «បុគ្គលដែលមិនមានកំហុសគឺជាបុគ្គលដែលមិនមានជីវិត។» សុភាសិតអង់គ្លេស
២) «របស់ដែលស្រស់ស្អាតមិនដែលល្អឥតខ្ចោះនោះទេ។» សុភាសិតអេហ្ស៊ីប
៣) «មានត្បូងជាមួយនឹងចំណុចខ្វះខាតបន្តិចបន្តួចប្រសើរជាងមានដុំថ្មដែលល្អឥតខ្ចោះ។» សុភាសិតឥណ្ឌា
៤) «បុគ្គលណាដែលស្វែងរកមិត្តដែលមិនមានកំហុសនឹងមិនមានមិត្តជារៀងរហូត។» សុភាសិតទួរគី
៥) «ភាពល្អឥតខ្ចោះខ្លួនវាគឺមិនល្អឥតខ្ចោះនោះឡើយ។» Vladimir Horowitz
៦) «ច្បាប់មូលដ្ឋានមួយនៅក្នុងចំណោមច្បាប់មូលដ្ឋានរបស់ចក្រវាលនេះគឺគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ ភាពល្អឥតខ្ចោះមិនមានវត្តមាននោះឡើយ។ បើគ្មានភាពមិនល្អឥតខ្ចោះទេ នោះទាំងអ្នកទាំងខ្ញុំមិនអាចមានវត្តមានបាននោះឡើយ។» Stephen Hawking
៧) «នៅក្នុងធម្មជាតិ គ្មានអ្វីមួយដែលល្អឥតខ្ចោះនោះទេហើយអ្វីៗទាំងអស់សុទ្ធតែល្អឥតខ្ចោះ។ ដើមឈើអាចវៀច កោងទៅតាមរបៀបដ៏ចម្លែក ហើយពួកវានៅតែស្រស់ស្អាត។» Alice Walker
ដោយ៖ ស្រីពៅ