ទីផ្សារផ្លែស្វាយកម្ពុជាចាប់ផ្ដើមត្រូវប៉ាន់បន្ទាប់ពីមានដំណឹងល្អពីប្រទេសធំៗ២
នេះពិតជាតំណឹងដ៏ល្អមួយសម្រាប់ប្រជាកសិករខ្មែរ ដែលទីផ្សារផ្លែស្វាយរបស់កម្ពុជាយើងកំពុងតែបង្ហាញពីភាពល្អប្រសើរឡើង ខណៈដែលប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យធ្វើការនាំចូលផ្លែស្វាយទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីក្រុមអ្នកជំនាញបានធ្វើការសិក្សាទៅលើគុណភាព អនាម័យ និងបច្ចេកទេសរួចរាល់។
បើយោងតាម លទ្ធផលនៃកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា ជាមួយនឹងអ្នកជំនាញមកពីប្រទេសចិនកាលពីពេលកន្លងទៅបានបង្ហាញថា ផ្លែស្វាយរបស់កម្ពុជាអាចនឹងចាប់ផ្ដើមនាំចេញជាផ្លូវការទៅកាន់ប្រទេសចិននាដើមឆ្នាំ២០២០ខាងមុខ បន្ទាប់ពីក្រុមអ្នកជំនាញចិន (GACC) បានវាយតម្លៃឃើញថា ស្វាយរបស់កម្ពុជាគឺមានគុណភាពល្អប្រសើរ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់កូរ៉េខាងត្បូងក៏បានសម្រេចអនុញ្ញាតឲ្យកម្ពុជានាំចូលផ្លែស្វាយទៅកាន់ប្រទេសរបស់ខ្លួននៅក្នុងខែធ្នូឆ្នាំ២០១៩នេះផងដែរ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំដោយសារតែបញ្ហាបច្ចេកទេស និងអនាម័យ។ ការអនុញ្ញាតនេះត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នាប្រទេសកូរ៉េកាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំស្វាយនៅទូទាំងប្រទេសមានចំនួន ប្រមាណ ១០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៨ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបានជាង១៥ តោន ក្នុងមួយហិកតា បើគិតសរុបពេញមួយរដូវវិញ គឺមានជាង ១លាន ២សែនតោន ក្នុងមួយរដូវ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម៕