ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារនេះ ត្រូវបានវិនិយោគឡើងវិញធំជាងមុន ដើម្បីបំរើតម្រូវការពលរដ្ឋក្នុងទីក្រុង។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូបរាងឡើង។
លោកស្រីបនតថា ក្រុមហ៊ុនបានប្តេជ្ញា នឹងសម្រេចឱ្យបាននូវការអភិវឌ្ឍផ្សារទំនើបមួយនេះ ឱ្យរួចរាល់តាមផែនការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំ របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថាផ្សារ ទំនើបនេះ ប្រកបដោយសោភណភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដារអន្តរជាតិ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាព ផ្សារសិនជូរីផ្លាហ្សា នាពេលបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម ពុំមានអនាម័យ និងបរិស្ថានល្អ ទាំងនៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ មានការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាសោភណ្ឌភាពរាជធានី ជាពិសេស តំបន់នេះ ជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅលើពិភពលោក និងភ្ញៀវទេសចរផងនោះ រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុន ឯកជនធ្វើការវិនិយោគសាងសង់ជាផ្សារទំនើបនេះឡើង ដោយគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករលក់ដូនៅក្នុងផ្សារនេះ។
ឯកឧត្ដមអភិបាលក្រុង ក៏បានស្នើឱ្យអាជីវករនិងប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ ចំពោះដំណើរការអនុវត្តគម្រោងសាងសង់នេះ ដើម្បីឱ្យសម្រេចបានតាម ផែនការដែលបានគ្រោងទុក និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសហការគ្នា សម្រួលរាល់ផលប៉ះពាល់ និងការងារចាំបាច់នានារបស់ក្រុមហ៊ុន និង អ្នករស់នៅជុំវិញបរិវេណផ្សារនេះ។
គួរបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ប្រើពេលសាងសង់រយៈពេល២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះទៅ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជា មានតូបអាជីវកម្មចំនួន៦៧៩តូប៕
ដោយ៖ ស្រីពេជ្រ