Huawei អាចនឹងមានដង្ហើមដកខ្លះបើ Microsoft ទទួលបានអាជ្ញាប័ណ្ណក្នុងការសហការជាមួយខ្លួនឡើងវិញ​



យោងតាមការចុះផ្សាយរបស់ Bloomberg បានអោយដឹងថារដ្ឋាភិបាលអាមេរិកនៅតែមានចិត្តចង្អៀតចង្អល់ជាមួយនឹងក្រុមហ៊ុនអេឡិកត្រូនិចយក្សចិន Huawei ដោយមិនព្រមដកក្រុមហ៊ុនមួយនេះចេញពីបញ្ជីខ្មៅនៅឡើយ។ ក្នុងនោះដែរ ក្រុមហ៊ុនអេឡិកត្រូនិចអាមេរិកមួយចំនួនដូចជាក្រុមហ៊ុន Microsoft Qualcomm និង Google ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់សម្ពាធមិនឲ្យសហការជាមួយក្រុមហ៊ុនចិនមួយនេះក្នុងការផ្ដល់ជាកម្មវិធី software និងបច្ចេកវិទ្យាផ្សេងៗ។ ហេតុនេះហើយបានជាក្រុមហ៊ុន Huawei មួយរយៈនេះកំព្រាឯកាដោយដើរលើវិថីសេដ្ឋកិច្ចជាមួយទុក្ខលំបាក។

Image result for huawei company"

ប៉ុន្តែថ្មីៗនេះលេចឮព័ត៌មានមួយក្ដៅៗថារដ្ឋាភិបាលអាមេរិកបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ឲ្យមានសិទ្ធសហការជាមួយក្រុមហ៊ុន Huawei ដោយក្រុមហ៊ុន Microsoft អាចផ្ដល់កម្មវិធីសូហ្វែ មួយចំនួនធំដល់ក្រុមហ៊ុនចិន Huawei មួយនេះ។ ប៉ុន្តែក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ឲ្យសាធារណៈជនដឹងច្បាស់លាស់ថាកម្មវិធីសូហ្វែ ទាំងអស់នោះមានកម្មវិធីអ្វីខ្លះនោះទេ។ ទោះជាយ៉ាងណាក្ដី ក្នុងចំណោមកម្មវិធីសូហ្វែទាំងអស់ អាចមានវត្តមានកម្មវិធី Windows និង Office ដែលគេជឿថាអាចនឹងលេចមុខលើកុំព្យូទ័រ MateBook X Pro របស់ Huawei ក្នុងពេលខាងមុខនេះ។ 

Huawei MateBook X Pro

ជាពិសេសនោះ បើយោងតាមលេខាធិការពាណិជ្ជកម្មលោក Wilbur Ross បានបំភ្លឺឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនអាចនឹងទទួលបានអាជ្ញាប័ណ្ណក្នុងការសហការជាមួយក្រុមហ៊ុនចិន Huawei សារជាថ្មី ប៉ុន្តែក្រុមហ៊ុនខ្លះក៍អាចនឹងទទួលបានការបដិសេធពីរដ្ឋាភិបាលអាមេរិកក្នុងការស្នើរសុំអាជ្ញាប័ណ្ណនេះដែរ។ បើនិយាយពីក្រុមហ៊ុន Google វិញគឺបច្ចុប្បន្ននេះមិនទាន់ទទួលបានអាជ្ញាប័ណ្ណក្នុងការសហការជាមួយ Huawei សារជាថ្មីទេដែលអវត្តមានរបស់ក្រុមហ៊ុនអាមេរិកមួយនេះបានធ្វើឲ្យក្រុមហ៊ុន Huawei ត្រូវរងទុក្ខបុកម្នេញកន្លងមកដោយទូរស័ព្ទស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនេះត្រូវដំណើរការដោយគ្មានកម្មវិធី Android ព្រមទាំងកម្មវិធី Chrome និង Gmail ជាដើម។

មកទល់បច្ចុប្បន្ននេះរដ្ឋាភិបាលអាមេរិកមិនទាន់រកឃើញភស្តុតាងដែលអាចបញ្ជាក់ថាក្រុមហ៊ុនចិនមួយនេះបានសហការជាមួយរដ្ឋាភិបាលចិនក្នុងការបំពាក់ប្រព័ន្ធស៊ើបការណ៍លើរដ្ឋាភិបាលអាមេរិកតាមរយៈស្មាតហ្វូននៅឡើយទេ។ ហេតុនេះហើយទើបក្រុមហ៊ុន Huawei ត្រូវបន្តស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិកមួយរយះនេះហើយបន្តជួបទុក្ខលំបាកមួយចំនួនដូចជាការធ្លាក់ចុះនៃការលក់ស្មាតហ្វូនរបស់ខ្លួនព្រមទាំងរកចំណូលបានតិចជាងមុនផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s