ព្រោះមូលហេតុទាំងនេះសោះ ទើបធ្វើឲ្យម្ចាស់ហាងស៊ុបវ័យក្មេងមានភ្ញៀវកាក់កបបែបនេះ
នៅពីក្រោយហាងស៊ុបដ៏ល្បីឈ្មោះមួយក្នុងរាជធានីភ្នំពេញយីហោ ស៊ុបត្រីជីវចូវ ការពិតគឺជាយុវតីស្រស់សោភាវ័យ២៣ឆ្នាំម្នាក់គឺ កញ្ញា ឆន ម៉ីលីវ ជាម្ចាស់ហាងនឹងជាអ្នកគ្រប់គ្រងដោយផ្ទាល់។ ថ្វីត្បិតតែនាងនៅវ័យក្មេង ប៉ុន្តែគំនិតរួមនិងទេពកោសល្យរបស់នាងក្នុងការគ្រប់គ្រងហាងគឺមិនធម្មតានោះឡើយ។ ខាងក្រោមនេះគឺជាការចែករំលែកនូវវិធីសាស្ត្រក្នុងការទាក់ទាញភ្ញៀវ ពីម្ចាស់ហាងវ័យក្មេង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Bizkhmer កញ្ញា ម៉ីលីវ ប្រាប់ថា ហាងស៊ុបត្រីនេះគឺម៉ា(ជីដូន)របស់នាងបានសេងយកពីជនជាតិចិន បន្ទាប់ពីសង្កេតឃើញថាម្ចាស់ហាងដើមដែលជាជនជាតិចិនទាំងនោះបើកមិនសូវមានភ្ញៀវគាំទ្រ។ ហាងស៊ុបត្រីនេះ គឺជាអាជីវកម្មទិញសិទ្ធពីប្រទេសចិន(ហ្រ្វេនឆាយ) និងបានបើកដំណើរការក្នុងកំឡុងឆ្នាំ២០១៦ ក្រោមទំហំទុនជាង១០ម៉ឺនដុល្លារ។ ហាងស៊ុបត្រីដែលបើកដំបូងក្នុងរាជធានីភ្នំពេញ ប៉ុន្តែសូម្បីតែប្រជាជនខ្មែរក៏មិនស្គាល់ផងនោះ បច្ចុប្បន្នមានទាំងភ្ញៀវជនជាតិខ្មែរ និងបរទេស ចេញចូលជាហូរហែមិនដាច់ ដោយក្នុងមួយថ្ងៃអាចលក់បានប្រមាណជាង១០ឆ្នាំង និងអាចច្រើនជាងនេះប្រសិនបើមានថ្ងៃពិសេសណាមួយ។
បន្ថែមពីលើរសជាតិយ៉ាងឆ្ងាញ់នៃស៊ុបត្រីបែបចិនមួយប្រភេទនេះដែលធ្វើឲ្យភ្ញៀវជាប់ចិត្ត ក៏នៅមានមូលហេតុចម្បងផ្សេងទៀតផងដែរដែលរួមផ្សំក្នុងការទាក់ទាញភ្ញៀវ។ យុវតីសម្បុរសរាងតូចច្រឡឹងរូបនេះចែករំលែកថា «តាមការមើលឃើញរបស់ខ្ញុំ ពេលចូលទៅហាងគេផ្សេង ថៅកែរបស់គេភាគច្រើនគឺមិនដែលចេញមុខទទួលភ្ញៀវផ្ទាល់ទេ គឺមានតែបុគ្គលិកជាអ្នកទទួលជំនួស ប៉ុន្តែចំពោះខ្ញុំគឺខ្ញុំចេញមុខខ្លួនឯងផ្ទាល់ ហើយតែងនិយាយសួស្ដី រាក់ទាក់និងសួរពីនេះពីនោះ និយាយលេង និងតែងអរគុណនៅពេលភ្ញៀវត្រឡប់ទៅវិញ រហូតមានពេលខ្លះមានភ្ញៀវហៅខ្ញុំអង្គុយញាំជាមួយនឹងសួរថាហេតុអ្វីបានជាស៊ុបឆ្ងាញ់ម្ល៉េះ»។
ម្ចាស់ហាងវ័យក្មេង លើកឡើងបន្ថែមថា ការធ្វើអាជីវកម្មគឺមិនងាយស្រួលទេ ហើយនៅពេលដែលធ្វើគឺមិនដូចជាការគិតរបស់យើងនោះទេ ដូច្នេះត្រូវរៀនធ្វើវាម្ដងមួយជំហានៗ ដូចជាកញ្ញាផ្ទាល់គឺត្រូវគ្រប់គ្រងនិងកាន់ជាច្រើនផ្នែក ដោយមានទាំងការគ្រប់គ្រងបុគ្គលិក បញ្ជីចំណូលចំណាយ ការបញ្ជាទិញគ្រឿងទេសផ្សេងៗជាដើម។ ជាមួយគ្នានេះ ម្ចាស់ហាងវ័យក្មេងលើកទឹកចិត្តថា ប្រសិនបើចង់បើកអាជីវកម្មបែបភោជនីយដ្ឋានអ្វីដែលគួរត្រៀមខ្លួនគឺ ស្វែងយល់ឲ្យច្បាស់ពីអាជីវកម្មនោះ ចេះគ្រប់គ្រងបុគ្គលិកនិងចេះមើលការខុសត្រូវហាង ពិសេសគឺរក្សាទំនាក់ទំនងល្អជាមួយភ្ញៀវតែម្ដង។
សូមបញ្ជាក់ថា ស៊ុបត្រីជីវចូវ ចម្អិនឡើងដោយត្រីទន្លេធម្មជាតិ រួមផ្សំជាមួយនឹងគ្រឿងផ្សំបែបចិនរហូតដល់១៨មុខ ដែលមិនត្រឹមតែធ្វើឲ្យស៊ុបមួយឆ្នាំងនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមប៉ូវកម្លាំងនិងជំនួយដល់សុខភាពទៀតផង។ ពិសេសជាងនេះទៅទៀត នៅក្នុងហាងស៊ុបមួយនេះគឺការទទួលទានស៊ុបត្រី នៅលើខ្ទះថ្មសម័យស្តេចលីវប៉ា ដែលខ្ទះថ្មទាំងនោះត្រូវបានបញ្ជាទិញពីប្រទេសចិន។ ស៊ុបត្រីជីវចូវ មានទីតាំងស្ថិតនៅលើផ្លូវ ១៧៣ ទល់មុខស្ថានទូតចិន៕
ដោយ៖ ជួប ស្រីរ័ត្ន