ក្រោមការជ្រោមជ្រែងពីជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងកាន់តែលេចធ្លោក្នុងប៉ូលអាស៊ាន
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងងប្រែក្លាយទៅជាជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់នៅក្នុងតំបន់អាស៊ាន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ (The 45th ASEAN Ports Association (APA) Meeting) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
នាឱកាសនៃកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ គឺត្រូវបានពង្រីកនិងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន ដែលនឹងធ្វើឲ្យកំពង់ផែកុងតឺន័រថ្មីប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន។ បន្ថែមពីនោះប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យតាមអឡិចត្រូនិកនៅកំពង់ផែក៏ត្រូវបានអភិវឌ្ឍផងដែរ។
ឯកឧត្ដមក៏បានលើកឡើងបន្ថែម អំពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពលនិងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពអាចផ្ទុកទូរកុងតឺន័របានរហូតដល់ ៣០០.០០០ ទូរក្នុងមួយឆ្នាំ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការទាំងនោះគឺជាឱកាសដើម្បីបង្កើតកំពង់ផែយុទ្ធសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលអាចតភ្ជាប់កំពង់ផែធំៗនៅកម្ពុជា និងកំពង់ផែ APA ផ្សេងទៀតទៅកាន់ទីផ្សារដ៏ធំនៅតាមច្រករបៀងផ្លូវសូត្រសមុទ្រ និងទីផ្សារពិភពលោក តាមរយៈការពង្រីកមូលដ្ឋានពាណិជ្ជកម្មយុទ្ធសាស្ត្របន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មលេចធ្លោរបស់កម្ពុជា៕
ដោយ៖ ជួប ស្រីរ័ត្ន