សម្ដីចំនួន ១០ឃ្លា របស់អ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេបំផុត The Power of Now លោក Eckhart Tolle
Eckhart Tolle ដែលមានឈ្មោះកំណើតថា Ulrich Leonard Tolle គឺជាគ្រូបង្រៀនខាងវិញ្ញាណមួយរូបដែលបានកើតនៅក្នុងប្រទេសអាល្លឺម៉ង់។ ក្នុងឆ្នាំ១៩៩៧ គាត់បានចាប់ផ្ដើមសរសេរសៀវភៅដំបូងបង្អស់របស់គាត់ដែលមានចំណងជើងថា The Power of Now។ ក្នុងឆ្នាំ២០០០ សៀវភៅនេះក៏បានជាប់ចូលក្នុងចំណោមតារាងសៀវភៅលក់ដាច់បំផុតរបស់ The New York Times។ ជាមួយនឹងសៀវភៅដ៏ល្បីល្បាញរបស់គាត់មួយទៀតគឺ A New Earth ក្នុងឆ្នាំ២០០៨ ទស្សនាវដ្ដី The New York Times បានឧទ្ទិសគាត់ជាអ្នកនិពន្ធខាងវិញ្ញាណដ៏ល្បីល្បាញជាងគេបំផុតក្នុងសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០១៦ គាត់ក៏ត្រូវបានរាប់ចូលនៅក្នុងតារាងSuperSoul នៃមនុស្សដែលមានចក្ខុវិស័យនិងអ្នកដឹកនាំដ៏មានឥទ្ធិពលចំនួន១០០នាក់របស់លោកស្រី Oprah Winfrey។ ថ្ងៃនេះយើងបានចងក្រងនូវសម្ដីរបស់លោក Tolle ចំនួន១០ឃ្លា ដែលនិយាយពីការពិតនៃជីវិត៖
១) «ការផ្លាស់ប្ដូរមួយចំនួននៅសម្បកក្រៅមើលទៅហាក់ដូចជាអវិជ្ជមាន ប៉ុន្តែឆាប់ៗអ្នកនឹងដឹងថាលំហត្រូវបានបង្កើតឡើងមកដើម្បីឲ្យអ្វីថ្មីលេចឡើងមក។»
២) «បើអ្នកអាចធ្វើឲ្យខាងក្នុងត្រូវ នោះខាងក្រៅនឹងមកតាមលំដាប់លំដោយ។»
៣) «តើក្ដីសុខនិងភាពស្ងប់មានភាពខុសគ្នាដែរឬទេ ? មាន។ ក្ដីសុខអាស្រ័យទៅលើលក្ខខណ្ឌដែលត្រូវបានមើលឃើញថាវិជ្ជមាន ប៉ុន្តែភាពស្ងប់មិនមែនដូច្នេះនោះឡើយ។»
៤) «ឈប់ស្វែងរកនៅខាងក្រៅសម្រាប់កាកសំណល់នៃក្ដីរីករាយឬការបំពេញបំណង សម្រាប់ការទទួលស្គាល់ សុវត្ថិភាព ឬក្ដីស្រឡាញ់ ព្រោះអ្នកមានរតនសម្បត្តិនៅខាងក្នុងដែលធំធេងឥតមានដែនកំណត់ជាងអ្វីៗដែលពិភពលោកអាចផ្ដល់ឲ្យទៅទៀត។»
៥) «ជាជាងក្លាយជាការគិតឬអារម្មណ៍របស់ខ្លួនឯង ចូរធ្វើជាសតិដឹងដែលនៅខាងក្រោយពួកវា។»
៦) «នៅពេលអ្នកបាត់បង់ភាពជិតស្និទ្ធជាមួយនឹងភាពស្ងប់ស្ងាត់នៅខាងក្នុង អ្នកបាត់បង់ភាពជិតស្និទ្ធជាមួយខ្លួនឯង។ នៅពេលអ្នកបាត់បង់ភាពជិតស្និទ្ធជាមួយខ្លួនឯង អ្នកបានបាត់បង់ខ្លួនឯងនៅក្នុងពិភពលោក។»
៧) «អំណាចស្ថិតនៅក្នុងខ្លួនអ្នក។ ចម្លើយស្ថិតនៅក្នុងខ្លួនអ្នក។ ហើយអ្នកគឺជាចម្លើយទៅនឹងរាល់ការស្វែងរកទាំងអស់របស់អ្នក អ្នកគឺជាគោលដៅ។ អ្នកគឺជាចម្លើយ។ វាមិនដែលនៅខាងក្រៅនោះទេ។»
៨) «ទទួលស្គាល់រឿងល្អៗដែលអ្នកមានស្រាប់ហើយនៅក្នុងជីវិតអ្នក គឺជាមូលដ្ឋាននៃរាល់ភាពសម្បូររុងរឿងទាំងឡាយ។»
៩) «វាមិនមែនជារឿងចម្លែកនោះទេសម្រាប់មនុស្សដែលរង់ចាំពេញមួយជីវិតរបស់ពួកគេដើម្បីចាប់ផ្ដើមរស់នៅ។»
១០) «អំណាចទៅលើអ្នកដទៃគឺជាភាពទន់ខ្សោយដែលបំភ័ន្តខ្លួនជាភាពខ្លាំងក្លា។»
ដោយ៖ ស្រីពៅ