គោលការណ៍សំខាន់ៗទាំង ៥ ជួយឲ្យជីវិតការងារនិងជីវិតអាជីវកម្មទទួលជោគជ័យ
សំណួរមួយដែលពិបាកឆ្លើយសម្រាប់មនុស្សស្ទើរគ្រប់រូបនោះគឺ ធ្វើយ៉ាងណាដើម្បីទទួលជោគជ័យ? បើនិយាយពីសហគ្រិន ឬអ្នករកទទួលទានវិញទៀតកាន់តែពិបាកឆ្លើយ ព្រោះសហគ្រិនមួយចំនួនទោះបីជាបានដើរមកដល់ចំណុចមួយដែលបានដៅទុកក៏ពួកគាត់ថាមិនទាន់ជាមនុស្សជោគជ័យនៅឡើយ។
តែជំហានដំបូងសម្រាប់សហគ្រិនក្នុងបេសកកម្មធ្វើឲ្យអាជីវកម្មខ្លួនដំណើរការ និងមានការទទួលស្គាល់ពីអតិថិជនជារឿងសំខាន់បំផុត ហើយពួកគាត់នឹងត្រូវបន្តបេសកកម្មនេះក្នុងរយៈពេលវែង ជាមួយនឹងភាពប្រកួតប្រជែងយ៉ាងខ្លាំង។
១) ផ្តល់ជូនអ្វីដែលជាតម្លៃបន្ថែម
ការផ្តល់ជូនតម្លៃបន្ថែមក្នុងការលក់ ឬនៅក្នុងអាជីវកម្ម ជាកាដូតូចតាចតែវាមានន័យជំរុញឲ្យមានចំណងទាក់ទងយ៉ាងស្អិតល្មួតរវាងអ្នកនិងអតិថិជន។ តម្លៃបន្ថែមនោះជាអ្វី? ហេតុអ្វីបានជាវាអាចជះឥទ្ធិពលដល់អាជីវកម្មបាន? ជាការពិត ការទទួលរាក់ទាក់ រួសរាយ ផ្តល់ការប្រឹក្សាយោបល់ជូនអតិថិជនក៏ត្រូវបានគេចាត់ទុកថាជាការផ្តល់តម្លៃបន្ថែមជូនដល់អតិថិជនដូចគ្នា ព្រោះមានគំនិតមួយចំនួនបានយល់ខុសថា ការផ្តល់តម្លៃ បន្ថែមលុះត្រាការលក់មានជារបស់របរបន្ថែមជូនអតិថិជន។ ការដែលព្យាយាមយល់ពីអតិថិជន ផ្តល់ព័ត៌មានជូនគាត់បានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយជាអ្វីដែលអតិថិជនចង់បានបំផុត ហើយការទទួលរាក់ទាក់ ញញឹម ទៅកាន់អតិថិជន តាមដានព័ត៌មានបន្ទាប់ពីការប្រើប្រាស់របស់គាត់ ផ្តល់ជាដំណោះស្រាយពេលអតិថិជនជួបបញ្ហាជាកត្តាទាញចិត្តអតិថិជនបានខ្លាំងបំផុត។
២) គិតមុនពេលនិយាយ
ពាក្យសម្តីចេញពីមាត់របស់យើង គឺចូលត្រចៀកអ្នកដទៃ។ ពាក្យសម្ដីអាចជាថ្នាំទិព្វព្យាបាលជំងឺកាចសាហាវឲ្យធូរស្រាយ ឬជាសះបាន តែវាក៏នឹងក្លាយជាកាំបិតដ៏មុតស្រួចចាក់ចំបេះដូងនរណាម្នាក់ឲ្យរងរបួស ឬស្លាប់បានដូចគ្នា។ ការពិចារណាមុនពេលនិយាយអ្វីចេញទៅកាន់អ្នកដទៃជារឿងសំខាន់មិនថាគេជាអតិថិជន ឬដៃគូអាជីវកម្ម ឬគូប្រកួតប្រជែងនោះទេ។ សហគ្រិន ឬអ្នកដឹកនាំជោគជ័យមួយរូប ជាបុគ្គលដែលប្រើពាក្យសម្តីដើម្បីដឹកនាំបុគ្គលិកឲ្យដំណើរការអាជីវកម្ម ឬការងាររបស់ពួកគេឲ្យប្រព្រឹត្តទៅយ៉ាងល្អនិងសម្រេចបានគោលដៅដែលកំណត់ទុក។ ពួកគេតែងគិតយ៉ាងល្អិតល្អន់មុនពេលនិយាយអ្វីមួយទៅកាន់នរណាម្នាក់ ហើយពួកគេក៏គិតគូរយ៉ាងហ្មត់ចត់ ពិចារណាហើយពិចារណាទៀតមុនពេលសម្រេចការងារអ្វីមួយ។ សហគ្រិន ឬអ្នកដឹកនាំល្អពួកគេមានភាពវ័យឆ្លាត បត់បែនរហ័សតាមកាលៈទេសៈ ពូកែរកច្រកចេញពីស្ថានការណ៍អាក្រក់បានយ៉ាងល្អ ជាមួយនឹងការគិតគូរបានវែងឆ្ងាយ ចេះជ្រើសរើស ប្រើពាក្យសម្តីដើម្បីនិយាយទៅកាន់មនុស្សជុំវិញខ្លួន។
៣) រៀនបន្ថែមពីការច្នៃប្រឌិត
បុគ្គលជោគជ័យជាមនុស្សដែលតែងច្នៃជីវិតខ្លួនឯងឲ្យស្រស់បំព្រង និងមានភាពស្រស់ស្អាត។ ភាពស្រស់ស្អាតនៃជីវិតនៅទីនេះមិនសំដៅដល់ការប្រើសម្រស់ទាក់នរណាម្នាក់ឡើយ តែជាភាពល្អប្រពៃដោយសារចំណេះវិជ្ជា ស្វែងរកពន្លឺជីវិតដ៏ភ្លឺត្រចាចសម្រាប់អនាគតខ្លួន។ ក្រៅពីនេះបុគ្គលជោគជ័យក៏នឹងច្នៃជីវិតឲ្យកាន់តែប្រសើរជាងនេះ ដោយការបន្តស្វែងរកចំណេះមិនចេះចប់ ដើម្បីអភិវឌ្ឍអាជីវកម្មឲ្យកាន់តែមានភាពទាក់ទាញ កាន់តែបំពេញតម្រូវការអតិថិជនច្រើនឡើងពីមួយកម្រិតទៅមួយកម្រិត។ សហគ្រិន ឬបុគ្គលជោគជ័យនេះតែងបន្តអភិវឌ្ឍខ្លួន និងអាជីវកម្មរបស់គេដោយការច្នៃប្រឌិត ព្រោះគេដឹងច្បាស់ថាអាជីវកម្មដែលគ្មានការច្នៃប្រឌិតមិនអាចឈរប្រកួតប្រជែងលើទីផ្សារជាមួយដៃគូបានទេ ហើយគេក៏មិនអាចប្រកួតសូម្បីតែជាមួយខ្លួនឯង នៅពេលជីវិតគ្មានការប្រកួតប្រជែងវាក្លាយទៅជាអស់ន័យ (ស្មើនឹងស្លាប់)។
៤) រកឲ្យឃើញអ្វីដែលអ្នកចង់បាន យកវាជាអាទិភាពនិងធ្វើវាឲ្យសម្រេច
ជីវិតរបស់មនុស្សម្នាក់ និងជីវិតអាជីវកម្មមិនខុសគ្នាទេ បើចង់បានអនាគតមួយដ៏ល្អ ក្លាយជាបុគ្គលជោគជ័យ អ្នកត្រូវមានក្តីស្រមៃ កំណត់ចាប់យកអ្វីដែលអ្នកប្រាថ្នាចង់បាន គូសវាសផ្លូវសម្រាប់ទៅដល់ទីតាំងមួយនោះ។ ការកំណត់គោលដៅ គូសវាសផ្លូវ និងមធ្យោបាយដើម្បីដើរទៅគោលដៅគឺសំខាន់ តែកុំភ្លេចដាក់បន្ថែមបញ្ហាដែលអ្នកនឹងត្រូវប្រឈមផងព្រោះ ដំណើរជីវិត និងដំណើរអាជីវកម្មមិនអាចទៅមុខដោយគ្មានឧបសគ្គនិងបញ្ហាឡើយ។ កាន់តែជំនះបញ្ហាអ្នកនឹងកាន់តែឆ្លាត ការអត់ធ្មត់កាន់តែខ្លាំង ផ្លូវដើរទៅមុខអ្នកនឹងស្គាល់កាន់តែច្រើន បណ្ដាញទំនាក់ទំនងក៏នឹងកើនជាងមុន ភាពជោគជ័យក៏នឹងកាន់តែធំជាងការគិតរបស់អ្នកដែរ។
៥) ចាប់ផ្តើម និងបញ្ចប់ការងារអ្វីមួយដោយមានការពិភាក្សា
ការជួបជជែកពិភាក្សាជាទម្លាប់មួយសំខាន់ក្នុងការបំពេញការងារ ពិសេសគឺការធ្វើការងារជាក្រុម។ មានការប្រជុំពិភាក្សា គឺជាទម្លាប់នៃការស្វែងយល់គ្នារវាងសមាជិកទាំងអស់ក្នុងក្រុម ដឹងពីការងារដែលបានធ្វើកន្លងមក និងរៀបចំបេសកកម្មផ្សេងសម្រាប់បន្តដំណើរទៅមុខ។ ជាម្ចាស់អាជីវកម្មបើគ្មានទម្លាប់ពិភាក្សាការងាររវាងសហស្ថាបនិក ឬដៃគូទាំងអស់ ឬប្រជុំពិភាក្សាជាមួយបុគ្គលិកទេ អាជីវកម្មមួយនោះក៏នឹងមិនអាចដំណើរការទៅល្អ និងទទួលបានជោគជ័យដែរ។ ដំណើរការការងារមួយដែលធ្វើឡើងដោយបុគ្គលផ្សេងៗគ្នា មិនបានធ្វើការពិភាក្សាគ្នាច្បាស់លាស់មុនវានឹងបង្កជាការរាំងស្ទះមួយចំនួន។ ទោះបីជាម្នាក់ៗដឹងពីគោលដៅច្បាស់លាស់ថាត្រូវទៅណាក៏ដោយក៏អាចនឹងវង្វេងបាត់គ្នាដែរព្រោះ ទាំងអស់គ្នាមិនបានជជែកពិភាក្សាគ្នាថា “ពេលនេះ ដើរដល់ចំណុចនេះ សមាជិកក្រុមទាំងអស់ត្រូវដើរតាមផ្លូវដដែល ឬត្រូវប្តូរផ្លូវដើរ ឬត្រូវធ្វើអ្វីបន្តខ្លះទៀតឲ្យបេសកកម្មមួយនេះឆាប់ដល់គោលដៅដោយជោគជ័យ”៕
ដោយ៖ យ៉ាយ៉ា