ល្អ​មែន! តំបន់​បាក់ខែង​នឹង​មាន​រោងចក្រ​ទឹក​ស្អាត​របស់បារាំងតម្លៃ​២០០លានដុល្លារ​



ក្រុមហ៊ុន​ធំ​មួយ​របស់​បារាំង  VINCI Construction បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​លើ​គម្រោង សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ដែល​មាន​តម្លៃ​ប្រមាណ ២០០លានដុល្លារ​ នឹង​ត្រូវ​សាងសង់​នៅ​បាក់ខែង ជា​តំបន់​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន VINCI Construction កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ។ 

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​នៃ​គម្រោង​ទឹក​ស្អាត​នេះ​មាន​តម្លៃ ១៥៥លានដុល្លារ​ អាច​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន ១៩៥,០០០ម៉ែត្រគូប ​ក្នុង​១ថ្ងៃ។ ចំណែក​ឯ​ដំណាក់​កាល​ទី​២​វិញ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៤៥លានដុល្លារ នឹង​អាច​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ទ្វេដង​ដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាច​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​១លាននាក់ ដែល​ស្មើនឹង​ចំនួន​ប្រជាជន​ជិត​ពាក់​កណ្ដាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ដែរ​ថា VINCI Construction Grands Projects ទើប​តែ​បាន​ដេញ​ថ្លៃ​គម្រោង​សាងសង់​រោងចក្រ​ទឹក​ស្អាត​បាន​ដោយ​ជោគជ័យ និង​បាន​ចុះ​ហត្ថលេខា​ជា​មួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី១៤​ ខែ​វិច្ឆិកា ដែល​នឹង​ដំណើរ​ការ​សាងសង់​នៅ​ដំបន់​ បាក់ខែង រាជធានី​ភ្នំពេញ ក្នុង​ដំណាក់​កាល​ដំបូង។ ដោយ​ឡែក ប្រភព​ខាង​លើ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​សាងសង់​គម្រោង​នៅ​ឡើយ​ទេ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s