ការវិនិយោគលើខ្លួនឯង ៣ ចំណុចនេះនឹងជួយឲ្យអាជីវកម្មរបស់អ្នកលូតលាស់រីកចម្រើនយ៉ាងពិតប្រាកដ
ការវិនិយោគលើខ្លួនឯងជាកត្តាសំខាន់សម្រាប់ភាពជោគជ័យទៅថ្ងៃមុខ ព្រោះអ្នកត្រូវបណ្ដុះអ្វីៗទាំងអស់ដើម្បីខ្លួនឯង និងចេញពីខ្លួនឯង។ លោក Bradley Gibb សហស្ថាបនិកនៃ Cashflow Tactics បានមានប្រសាសន៍ថា ការវិនិយោគដ៏ល្អបំផុតមួយ ក៏ជាការវិនិយោគដែលយើងត្រូវចាប់ផ្តើមដំបូងគេគឺ ការវិនិយោគលើខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់អនាគតខ្លួនឯង និងអាជីវកម្ម។
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើការវិនិយោគដើម្បីជោគជ័យ៖
១) ផ្នត់គំនិត
វាជាផ្នែកមួយសំខាន់បំផុតសម្រាប់សហគ្រិនក្នុងការវិនិយោគ និងអភិវឌ្ឍផ្នត់គំនិតរបស់ខ្លួន។ ការដែលរក្សាផ្នត់គំនិតចាស់ៗ ដដែលៗ មិនមែនសុទ្ធតែខុសទេ តែអ្នកត្រូវរៀនផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានចោល និងដាក់បញ្ចូលមកវិញនូវអ្វីដែលជាផ្នត់គំនិតវិជ្ជមាន ពិសេសគំនិតមួយដែលអ្នកឬមនុស្សគ្រប់គ្នាតែងនិយាយថាវាជាការងារមួយដែលមិនអាចទៅរួច។ ជំនួសមកវិញនូវការគិតអ្វីដែលល្អៗ គំនិតមួយដែលអ្នកតែងគិតថា ទោះមានឧបសគ្គយ៉ាងណា ការតាំងចិត្តនៅតែអាចជំនះបានគ្រប់យ៉ាង គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយ។
២) កំណត់ និងបង្កើនជំនាញ
ការកំណត់ជំនាញប្រៀបបានជាការកំណត់អនាគតរបស់ខ្លួន ព្រោះការអភិវឌ្ឍជំនាញ និងចំណេះដឹងវាជាកូនសោរមួយបើកទ្វារអ្នកដើម្បីដើរទៅចាប់ឱកាសសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ខ្លួនឯង និងអាជីវកម្ម។ ជំនាញដែលគួរកំណត់មានដូចជា៖
ជំនាញទន់ ជាជំនាញដែលសហគ្រិនត្រូវតែមានដូចជាការប្រាស្រ័យទាក់ទងល្អ ការស្តាប់ ការយកចិត្តទុកដាក់លម្អិត ការគិតពិចារណា ការយល់ចិត្ត និងសមត្ថភាពក្នុងការដោះស្រាយជម្លោះក្នុងចំណោមជំនាញផ្សេងទៀត។
ជំនាញរឹង មានដូចជាចំណេះដឹង និងសមត្ថភាពបច្ចេកទេសជាក់លាក់ដែលត្រូវការសម្រាប់ការងារ។ ឧទាហរណ៍នៃជំនាញរឹងរួមមាន កម្មវិធីកុំព្យូទ័រ គណនេយ្យ គណិតវិទ្យា និងការវិភាគទិន្នន័យ។
ជំនាញចម្រុះ ជាជំនាញដែលរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និងជំនាញមិនបច្ចេកទេស។ មុខតំណែងជាច្រើនតំរូវអោយនិយោជិកបញ្ចូលទាំងជំនាញទន់ និងជំនាញរឹងដើម្បីទទួលបានជោគជ័យក្នុងអនុវត្តតួនាទីរបស់គេ។
ជំនាញមួយទៀតជា ជំនាញដែលអាចផ្ទេរ បានអាចអនុវត្តបានលើវិស័យអាជីពផ្សេងៗគ្នា។ ទាំងនេះរួមបញ្ចូលនូវជំនាញទន់ដូចជាការគិតត្រិះរិះ និងដោះស្រាយបញ្ហាឬជំនាញរឹងដូចជាការសរសេរ និងសមត្ថភាពគណិតវិទ្យា។ ជំនាញមួយនេះ ក្នុងនាមជាសហគ្រិនត្រូវមានបំផុតព្រោះអ្នកនឹងត្រូវប្រឈមជាមួយបញ្ហារាប់លានជំពូក ហើយអ្នកក៏នឹងត្រូវដោះស្រាយបញ្ហាជាច្រើនទាំងនោះដោយខ្លួនឯង។
៣) បង្កើតបណ្ដាញទំនាក់ទំនង
មានការបណ្ដុះផ្នត់គំនិតល្អៗក្នុងនាមជាសហគ្រិន មានជំនាញដែលអាចអភិវឌ្ឍខ្លួនឯង សហគ្រិនក៏ត្រូវបន្ថែមការបង្កើនបណ្ដាញទំនាក់ទំនងជាមួយសហគ្រិន ឬម្ចាស់អាជីវកម្មដទៃទៀត និងអ្នកណែនាំដើម្បីជួយឲ្យអាជីវកម្មរីកចម្រើន។ អ្នកនឹងពង្រីកបណ្ដាញនៃការលក់បានកាន់តែច្រើននៅពេលដែលបង្កើនបណ្ដាញទំនាក់ទំនងកាន់តែច្រើន មានអ្នកប្រឹក្សាយោបល់បន្ថែម អ្នកក៏នឹងទទួលបានព័ត៌មានទីផ្សារបន្ថែមតាមរយៈបណ្ដាញទំនាក់ទំនងនេះដែរ។ លើសពីនេះវាជួយអ្នកក្នុងការវិនិយោគរយៈពេលវែង បង្កើនឱកាសនៃការជួយដល់អ្នកដទៃ ទទួលបានគំនិតថ្មី ដែលទាំងនោះជាគំនិតដ៏ល្អសម្រាប់អ្នក៕
ដោយ៖ យ៉ាយ៉ា