ក្នុងរយៈពេល១០ខែ​ឆ្នាំ​២០១៩​ ខេត្តព្រះសីហនុ​ទទួល​បាន​ទេសចរ​បរទេស​ជាង​៧៣ម៉ឺន​នាក់​



ព្រះសីហនុ គឺ​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់ និង​ជា​ប៉ូល​ជាតិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​របស់​កម្ពុជា។ ដោយ​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត រួម​ទាំង​សក្ដានុពល​នៃ​កោះ​បណ្ដា​កោះ​ផងខេត្ត​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​ចំនួន ៧៣១,៦៧៥នាក់ ក្នុង​ចំណោម​ទេសចរ​សរុប​ចំនួន​ ១,៩៤០,១៩៩នាក់ ដែល​បាន​មក​កាន់​ខេត្ត​ព្រះសីហនុ នា​រយៈពេល​១០​ខែ​ឆ្នាំ​២០១៩​នេះ។

នា​ពិធីសម្ពោធ​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ សណ្ឋាគារ និង​មណ្ឌល​កំសាន្ត ឌុនហ័ង (DOUNHUANG) ក្រោម​អធិបតី​ភាព​ លោក​ជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​ជា​មួយ​នឹង​ការ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​កោះ​ដ៏​ស្រស់​ស្អាត កំពង់ផែ​អន្តជាតិ អាកាសយានដ្ឋាន​អន្តជាតិ​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា «តារា​រះ​នា​ទិសនិរតី»។

ឯកឧត្ដម​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១០ខែ​ ឆ្នាំ​២០១៩ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ១,៩៤០,១៩៩នាក់ កើន​ឡើង ១០.៦២% ក្នុង​នោះ ភ្ញៀវ​ជាតិ ១,២០៨,៥២៤នាក់ និង​ភ្ញៀវ​អន្តរជាតិ ៧៣១,៦៧៥នាក់។ មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ គិត​ត្រឹម​ខែ​តុលា ឆ្នាំ២០១៩ មាន​ចំនួន​សរុប ៨៨០កន្លែង ក្នុង​នោះ​សណ្ឋាគារ ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូ​ចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និង​សេវាកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៨ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរកម្សាន្ត​សរុប​ចំនួន​ ២.០៤៧.៧៧៤នាក់ បាន​កើន​ឡើង​ចំនួន ២,៦៣% ធៀប​ទៅ​នឹង​ឆ្នាំ​មុន​បន្ទាប់៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s