ជីវប្រវត្តិសង្ខេប និងសម្ដីរបស់លោក Edgar Allan Poe ចំនួន៦ដែលនិយាយយ៉ាងស៊ីជម្រៅពីជីវិត
Edgar Allan Poe គឺជាកវីតែងកំណាព្យរបស់អាមេរិកមួយរូប ដែលបានកើតនៅឆ្នាំ១៨០៩។ គាត់បានកើតនៅក្នុងគ្រួសារមួយដែលមានឪពុកឈ្មោះ David Poe, Jr. និងម្ដាយឈ្មោះ Elizabeth Arnold Poe។ ប៉ុន្តែនៅក្នុងឆ្នាំ១៨១០ ឪពុករបស់គាត់បានបោះបង់ចោលគ្រួសារ ហើយម្ដាយរបស់គាត់ក៏លាចាកលោកនាឆ្នាំបន្ទាប់។ បន្ទាប់ពីនោះគាត់ក៏ត្រូវបានប្ដីប្រពន្ធមួយគូដែលមិនមានកូនបានទទួលយកទៅចិញ្ចឹម។ នៅពេលគាត់កំពុងសិក្សានៅសាកលវិទ្យាល័យ គាត់បានលេងល្បែងហើយក៏បណ្ដោយខ្លួនឲ្យជំពាក់បំណុលគេ ហើយដោយសាររឿងនេះទើបបណ្ដាលឲ្យគាត់មានជម្លោះជាមួយឪពុកចិញ្ចឹមជាញឹកញាប់ និងត្រូវបានគេបណ្ដេញចេញពីសាលា។ ក្រោយមកគាត់ក៏បានប្រកាសពីការសម្រេចចិត្តដ៏ប្រាកដប្រជារបស់គាត់ថាចង់ក្លាយជាកវីតែងកំណាព្យនិងអ្នកនិពន្ធរឿង ហើយចាប់ពីពេលនោះមកក៏កាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកចិញ្ចឹមគាត់ទៅ។
ក្នុងឆ្នាំ១៨៣៦ គាត់បានរៀបការជាមួយបងប្អូនជីដូនមួយរបស់គាត់ Virginia Clemm ដែលមានអាយុ១៣ឆ្នាំ។ លោក Allan Poe ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងសម័យកាល Romanticism ដែលសំដៅលើចលនាសិល្បៈ អក្សរសាស្ត្រ តន្ត្រី និងបញ្ញវន្ត ដែលបានចាប់កំណើតនៅក្នុងអឺរ៉ុប។ លើសពីនេះគាត់ក៏ត្រូវបានគេរាប់ចូលជាអ្នកនិពន្ធដំបូងបំផុតមួយនៅក្នុងប្រទេសដែលបានសរសេររឿងខ្លីៗ។ គាត់ត្រូវបានគេចាត់ទុកជាអ្នកបង្កើតប្រភេទរឿងស៊ើបអង្កេតបែបប្រឌិត និងមានចំណែកចូលរួមក្នុងការកកើតឡើងនូវប្រភេទរឿងវិទ្យាសាស្ត្របែបប្រឌិត។ គាត់ក៏ជាអ្នកនិពន្ធដ៏ល្បីឈ្មោះដំបូងបំផុតរបស់អាមេរិក ដែលបានរកចំណូលដោយពឹងលើការសរសេរមួយមុខសម្រាប់រស់នៅ។ នៅឆ្នាំ១៨៤៩ ក្នុងវ័យ៤០ឆ្នាំ គាត់ក៏បានទទួលអនិច្ចកម្មដោយមិនដឹងមូលហេតុច្បាស់លាស់។
ខាងក្រោមនេះយើងបានដកស្រង់នូវសម្ដីរបស់លោក Allan Poe ចំនួន៦ដែលនិយាយយ៉ាងស៊ីជម្រៅពីជីវិត:
១) «ខ្ញុំមិនមានជំនឿនៅក្នុងការដែលមានសមត្ថភាពក្នុងការធ្វើឲ្យមនុស្សមានសេរីភាពពេញលេញពីកំហុសនិងភាពខ្វះខាតនោះឡើយ។ ខ្ញុំគិតថាការខិតខំប្រឹងប្រែងរបស់មនុស្សនឹងមិនមានឥទ្ធិពលដ៏មានតម្លៃអ្វីដល់មនុស្សជាតិនោះឡើយ។ មនុស្សឥឡូវគ្រាន់តែសកម្មជាងមុនប៉ុណ្ណោះ ប៉ុន្តែមិនមែនរីករាយជាង ឬក៏មានប្រាជ្ញាជាងមនុស្សកាលពី៦០០០ឆ្នាំមុននោះឡើយ។»
២) «បិសាចដ៏គួរឲ្យភ័យខ្លាចបំផុតគឺជាបិសាចដែលស្ថិតនៅខាងក្នុងវិញ្ញាណរបស់យើង។»
៣) «អ្នកហៅវាថាជាក្ដីសង្ឃឹម ភ្លើងនៃភ្លើងមួយនោះ វាគ្មានអ្វីក្រៅពីជាភាពរងទុក្ខនៃសេចក្ដីចង់បានប៉ុណ្ណោះ។»
៤) «ខ្ញុំក្លាយជាឆ្កួត ជាមួយនឹងរយៈពេលដ៏វែងនៃភាពប្រក្រតីដូចគេដូចឯងដ៏សែនរន្ធត់។»
៥) «មិនមានភាពស្រស់ស្អាតណាដែលមិនមានភាពចម្លែកបន្តិចបន្តួចនោះឡើយ។»
៦) «បទពិសោធន៍បានបង្ហាញឯទស្សនវិជ្ជាពិតប្រាកដក៏នឹងតែងតែបង្ហាញថា ចំណែកដ៏ធំនៃការពិតកើតចេញមកពីអ្វីដែលមើលទៅហាក់ដូចជាមិនសំខាន់។»
ដោយ៖ ស្រីពៅ