FBI ចាប់បានខ្លួនជនខិលខូចមួយចំនួនដែលបានលួចបន្លំយកiPhoneក្លែងក្លាយទៅប្ដូរយកiPhoneពិតមកលក់នៅប្រទេសនាៗ
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានកំពុងបំពេញភារកិច្ចយ៉ាងសំខាន់មួយផ្តោតលើទូរស័ព្ទ iPhone និង iPad ដែលត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់ជាង ៦,១ លានដុល្លារ។ លោក Robert Brewer មេធាវីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាផែនការនេះពាក់ព័ន្ធនឹងការនាំចូលទូរស័ព្ទ iPhone និង iPad ក្លែងក្លាយជាង ១ ម៉ឺនគ្រឿងពីប្រទេសចិន។
ឧបករណ៍ក្លែងក្លាយទាំងនេះត្រូវបានជនខិលខូចធ្វើអោយខូចខាតដោយចេតនារួចហើយយកទៅផ្លាស់ប្តូរនៅតាមហាង Apple ដើម្បីទទួលបានទូរស័ព្ទ iPhone សុទ្ធពិត។ រួចហើយពួកគេក៍បានដឹកជញ្ជូន iPhone និង iPad ពិតប្រាកដទាំងនោះទៅលក់នៅប្រទេសចិននិងប្រទេសនាៗ។ ចំពោះទូរស័ព្ទ iPhone និង iPad របស់ Apple ពិតប្រាកដគឺមានអត្ដសញ្ញាណឧបករណ៍ចល័តអន្តរជាតិ (IMEI) និងលេខ serial ដែលមានតែមួយគត់សម្រាប់ឧបករណ៍នីមួយៗ។ ប៉ុន្តែជនប្រព្រឹត្តិទាំងនោះបានផលិតឧបករណ៍ក្លែងក្លាយដែលបំពាក់ដោយ IMEI និងលេខ serial ត្រូវនឹងឧបករណ៍ពិតដែលត្រូវបានធានាដោយក្រុមហ៊ុន Apple នៅអាមេរិកឬកាណាដា។
លោក Brewer បានថ្លែងថា៖ «ការផលិតទំនិញក្លែងក្លាយរបស់ពួកគេគឺមានគោលបំណងបង្កការប៉ះពាល់ដល់ទីផ្សារនិងប្រជាជនស្លូតត្រង់មួយចំនួនតាមរយ:សកម្មភាពទាំងនេះ»។ ហើយបច្ចុប្បន្ននេះ FBI បានប្រាប់អោយដឹងថាជនខិលខូចទាំងអស់គឺមានចំនួន ១៤ នាក់ប៉ុន្តែឥឡូវចាប់ខ្លួនបានតែ ១១ នាក់ហើយកំពុងស្វែងរកមនុស្ស ៣ នាក់ផ្សេងទៀត។ ការចាប់ខ្លួននេះបានកើតឡើងនៅព្រឹកថ្ងៃពុធនៅ San Diego រដ្ឋ California ដោយបានរឹបអូសប្រាក់ជាសាច់ប្រាក់ប្រហែល ២៥០,០០០ ដុល្លារអាមេរិកនិងទូរស័ព្ទ iPhone ចំនួន ៩០ គ្រឿងដែលអាចជាឧបករណ៍ក្លែងក្លាយ។ គេក៏បានកត់សម្គាល់ផងដែរថាក្នុងចំណោមមេខ្លោងដែលត្រូវបានគេចោទប្រកាន់គឺមានបងប្អូនបីនាក់និងត្រូវបានចាប់ខ្លួនជាមួយនឹងប្រពន្ធរបស់ពួកគេផងដែរ។ យោងតាមការចេញផ្សាយពីការិយាល័យមេធាវីអាមេរិកនៅភាគខាងត្បូងនៃរដ្ឋ California បានអោយដឹងថាបងប្អូនទាំងនេះមានដើមកំណើតនៅក្នុងប្រទេសចិនតែកាន់សញ្ជាតិអាមេរិកនិងហើយមួយចំនួនទៀតដែលត្រូវបានចោទប្រកាន់ក៍កាន់សសញ្ជាតិអាមេរិកដែរហើយមានដើមកំណើតនៅប្រទេសវៀតណាមនិងរុស្ស៊ី។
ដោយ៖ Anthony
ប្រភព៖ www.cnn.com