មិនធម្មតា!ស៊ីម៉ង់តិ៍ផលិត​ក្នុង​ស្រុក ធ្វើឲ្យកម្ពុជា​ចំណេញ​ប្រាក់​ប្រមាណ​៥០០លានដុល្លារ​ពី​ការ​នាំ​ចូល​



កម្ពុជា​បាន​ចំណេញ​ប្រាក់​ប្រមាណ​ជា​៥០០លានដុល្លារអាមេរិក ពី​ការ​នាំ​ចូល​ស៊ីម៉ង់តិ៍​ពី​បរទេស​ បន្ទាប់​ពី​មាន​រោង​ចក្រ​ផលិត​ស៊ីម៉ង់តិ៍​ក្នុង​ស្រុក ដែល​មាន​សមត្ថភាព​អាច​ផលិត​ស៊ីម៉ង់តិ៍​បាន​ប្រមាណ​៨លានតោន​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​ប្រសាសន៍ លើក​ឡើង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ឱកាស​បើក​សម្ពោធ​ឲ្យ​ដំណើរ​ជា​ផ្លូវ​ការ នៃ​រោងចក្រ​ស៊ីម៉ង់តិ៍​ ថៃ ប៊ុនរ៉ុង កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នា​ខេត្ត​កំពត។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​នឹង​ផលិត​អ្វី​ដែល​អាច​ផលិត​បាន​ដើម្បី​ជំនួស​ឲ្យ​ការ​នាំ​ចូល​ពី​បរទេស រហូត​អាច​មាន​សមត្ថភាព​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ក្រៅ​ប្រទេស​បាន​ទៀត​ផង។ ថ្វីត្បិត​តែ​កម្ពុជា​សម្បូរ​ភ្នំ ប៉ុន្តែ​ក៏​នៅ​តែ​ខ្វះ​ខាត​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ស៊ីម៉ង់តិ៍​ដែរ។ ក្នុង​ចំណោម​២៥​ខេត្ត​ក្រុង​មាន​តែ​ខេត្ត​៣​ប៉ុណ្ណោះ​ដែល​រួម​មាន ខេត្ត​កំពត, បាត់ដំបង និង​បន្ទាយមានជ័យ ដែល​មាន​លទ្ធភាព​អាច​ផលិត​ស៊ីម៉ង់តិ៍​បាន។

សម្ដេច​បាន​បញ្ជាក់​ថា នា​ពេល​អនាគត​បណ្ដា​ផ្លូវ​លំ និង​ផ្លូវ​ថ្នល់​ទាំង​ឡាយ​នឹង​ត្រូវ​ប្រើប្រាស់​ស៊ីម៉ង់តិ៍​យ៉ាង​ច្រើន​ដើម្បី​សាងសង់ ព្រោះ​ការ​សាងសង់​ផ្លូវ​ដោយ​ការ​ចាក់​កៅស៊ូ​គឺ​មិន​បាន​យូរ​ប៉ុន្មាន​នោះ​ទេ ដែល​វា​នឹង​ត្រូវ​បំផ្លាញ​ ដោយសារ​តែ​ការ​ដឹក​លើស​ទម្ងន់ និង​គ្រោះ​ធម្មជាតិ​ជា​ដើម ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​ចរន្ត​នៃ​ការ​ចាក់​ផ្លូវ​បេតុង​ទាំង​នៅ​ទីក្រុង​ និង​តាម​ជនបទ។ បើ​ទោះ​បី​ជា​ចំណាយ​ថវិកា​ច្រើន​ជាង​បន្តិច​មែន​ ប៉ុន្តែ​នឹង​ចំណេញ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​ចំនួន​៥​ហើយ​ រាប់​ទាំង​រោងចក្រ​ស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ ហើយ​រោងចក្រ​ទាំង​៥​នេះ​ផង​ដែរ អាច​ផលិត​ស៊ីម៉ង់តិ៍​បាន​រហូត​ជិត ៨លានតោន​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​ចំណោម​រោងចក្រ​ស៊ីម៉ង់ត៍​ទាំង​៥​ មាន​រោងចក្រ​ស៊ី​ម៉ង់​ត៍​ ៤នៅក្នុង​ខេត្ត​កំពត​ ដែល​អាច​ផលិត​ស៊ី​ម៉ង់​ត៍​បាន​ប្រមាណ​ ជិត​ ៦លាន​តោន​ ដើម្បី​ផ្គត់ផ្គង់​នូវ​តម្រូវការ​នៅ​ទូទាំង​ប្រទេស​៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s