សង្ឃដីកា ចំនួន៧ របស់សង្ឃ Ryokan បើអ្នកអានយល់ នឹងអាចជួយបំភ្លឺជីវិតអ្នកបាន
Ryokan Taigu គឺជាលោកសង្ឃជនជាតិជប៉ុនមួយអង្គ ដែលបានរស់នៅក្នុងចន្លោះឆ្នាំ១៧៥៨ដល់ឆ្នាំ១៨៣១។ ទ្រង់ត្រូវបានគេចងចាំចំពោះស្នាដៃរបស់ទ្រង់នៅក្នុងកំណាព្យនិងការសរសេរអក្សរផ្ចង់។ ថ្ងៃនេះយើងបានដកស្រង់នូវសង្ឃដីកាចំនួន៧របស់ទ្រង់ បើអ្នកអានយល់ នោះសង្ឃដីកាទាំងនេះនឹងអាចជួយបំភ្លឺជីវិតអ្នកបាន៖
១) «ហេតុអ្វីបានជាអ្នកស្វះស្វែងរកការពិតនៅទីកន្លែងឆ្ងាយ ? ចូររកមើលការបំភ័ន្តនិងការពិតនៅក្នុងបាតជម្រៅនៃបេះដូងរបស់អ្នក។»
២) «បើមានភាពស្រស់ស្អាត តែងមានភាពអាក្រក់។ បើមានត្រឹមត្រូវ តែងមានខុស។ បញ្ញានិងល្ងង់ខ្លៅបំពេញគ្នាទៅវិញទៅមក។ រីឯការបំភ័ន្តនិងការត្រាស់ដឹងមិនអាចនៅដាច់ពីគ្នាបាននោះឡើយ។ នេះគឺជាការពិតដ៏យូរលង់ណាស់មកហើយ កុំគិតថាវាទើបតែត្រូវបានរកឃើញថ្មីៗនេះ។ «ខ្ញុំចង់បាននេះ ខ្ញុំចង់បាននោះ» មិនមែនជាអ្វីទាំងអស់ក្រៅតែពីភាពល្ងង់ខ្លៅ។ ខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយថា «អ្វីគ្រប់យ៉ាងសុទ្ធតែមិនឋិតថេរ។» »
៣) «ខ្ញុំមិនបានប្រាប់ពិភពលោកដែលអាប់អួនេះឲ្យប្រែជាបរិសុទ្ធនោះទេ។ ខ្ញុំធ្វើឲ្យខ្លួនឯងបរិសុទ្ធរួចហើយពិនិត្យមើលចំណាំងផ្លាតរបស់ខ្លួនឯងនៅក្នុងទឹកជ្រោះ។»
៤) «ខ្ញុំមិនបានមើលឃើញជីវិតខ្លួនឯងថាខ្វះខាតនោះទេ។ នៅក្នុងទ្វាររបងដែលធ្វើពីមែកឈើតូចៗមាននូវព្រះចន្ទ និងផ្កា។»
៥) «ជាប់ជំពាក់នឹងការពិតហើយវានឹងប្រែក្លាយជាភាពក្លែងក្លាយ។ យល់ពីភាពក្លែងក្លាយហើយវានឹងប្រែក្លាយជាការពិត។»
៦) «បើអ្នកជួបប្រទះមនុស្សអាក្រក់ ទុច្ចរិត ល្ងង់ខ្លៅ ល្ងីល្ងើ មានផ្នែកណាមួយនៃរូបរាងកាយដែលលូតលាស់ខុសប្រក្រតី ពិសពុល មានជំងឺធ្ងន់ធ្ងរ ឯកា អភ័ព្វ ឬពិការ អ្នកគួរគិតថា «តើខ្ញុំអាចជួយពួកគេបានដោយរបៀបណា ?» »
៧) «ភ្លៀងបានរាំង ពពកបានរសាត់ទៅឆ្ងាយ ហើយអាកាសធាតុក៏បានជ្រះស្រឡះម្ដងទៀត។ បើបេះដូងរបស់អ្នកបរិសុទ្ធ នោះគ្រប់យ៉ាងនៅក្នុងលោកនេះគឺសុទ្ធតែបរិសុទ្ធ ពេលនោះព្រះចន្ទនិងផ្កានឹងណែនាំអ្នកនៅតាមផ្លូវ។»
ដោយ៖ ស្រីពៅ