សំនួរពិសេសមួយ​ ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯងឲ្យបានរៀងរាល់ថ្ងៃ​



នៅរៀងរាល់ព្រឹក អ្នកត្រូវក្រោកពីគេង ហើយចាប់ផ្តើមធ្វើកិច្ចការជាច្រើនដែលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែ អ្នកភ្លេចហើយរឺថា តើអ្នកមានបានធ្វើអ្វីខ្លះដើម្បីឲ្យថ្ងៃនេះជាថ្ងៃល្អបំផុតមួយសម្រាប់ខ្លួនឯង?  ឬមួយថា អ្វីដែលអ្នកធ្វើរាល់ថ្ងៃ គឺចេះតែធ្វើតាម អារម្មណ៍ តាមទម្លាប់ ឬតាមការនឹកឃើញរបស់អ្នក? 

ទោះបីជាអ្នករស់នៅក្នុងបរិស្ថាន  វណ្ណៈ មជ្ឈដ្ឋាន ឬកាលៈទេសៈផ្សេងគ្នាក៏ដោយ មានសំនួរមួយដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវសួរខ្លួនឯងរាល់ថ្ងៃនោះគឺថា " តើថ្ងៃនេះ ខ្ញុំអាចធ្វើឲ្យខ្លួនឯងរីកចម្រើនបានដោយរបៀបណា?" 

សំនួរខាងលើនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលអ្នកបានសួរខ្លួនឯងនៅរាល់ពេលក្រោកពីទទួលទានដំណេកភ្លាមៗ អ្នកនឹងព្យាយាមស្វែងរកចម្លើយពិតប្រាកដមួយ ហើយពេលអ្នករកឃើញវាហើយ អ្នកនឹងចាប់ផ្តើមធ្វើការងារនោះភ្លាមៗតែម្តង។ បន្ទាប់មក អ្នកនឹងប្រមូលគំនិត ថាមពល និងពេលវេលាផ្តោតលើការងារនោះជាសំខាន់ជាងការងារណាៗទាំងអស់។ 

លោក Jim Rohn គ្រូបណ្តុះបណ្តាលលើកទឹកចិត្តដ៏ល្បីល្បាញរបស់អាមេរិកបាននិយាយដូច្នេះថា៖ « ប្រឹងប្រែងធ្វើការឲ្យខ្លួនឯង ជាជាងលើការងាររបស់អ្នក។ ប្រសិនបើអ្នកប្រឹងប្រែងដើម្បីការងាររបស់អ្នក  អ្នកបានត្រឹមតែរស់ប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកប្រឹងប្រែងធ្វើការឲ្យខ្លួនឯង អ្នកនឹងក្លាយជាអ្នកមាន»

សម្រង់សម្តីរបស់លោក Jim Rohn ខាងលើគឺជាសំនួរចាក់ដោតមួយដែលថា ជីវិតអ្នកដែលប្រឹងប្រែងធ្វើការឲ្យគេ មិនងាយនឹងបានផលឆាប់ក្លាយជាអ្នកមានឡើយ។ អ្នកដែលអាចសម្រេចក្តីសុបិន្តក្លាយជាអ្នកមានបាន ជាមនុស្សដែលអាចរកឃើញកិច្ចការមួយសម្រាប់ខ្លួនឯងត្រូវធ្វើ ហើយធ្វើដើម្បីខ្លួនឯង ដែលនោះគឺអ្នកជំនួញ ឬអ្នករកស៊ី។ ក្រុមមនុស្សទាំងនេះ មិនធ្វើការដើរតាមក្តីសុបិន្តរបស់អ្នកដទៃឡើយ។ ពួកគេធ្វើការតាមក្តីស្រមៃមហិច្ចតារបស់ខ្លួន ហើយជ្រើសរើសមុខជំនួញធ្វើជាវិធីដើម្បីក្លាយទៅជាអ្នកមាន។ ចុះអ្នកវិញ តើអ្នកបានជ្រើសរើសអ្វី? 

ភាពរីកចម្រើនទៅមុខឬថយក្រោយគឺជាជម្រើសរបស់អ្នក
មនុស្សគ្រប់គ្នាមិនអាចគេចផុតពីអាយុកាន់តែច្រើនវ័យកាន់តែជរាឡើយ។ ប៉ុន្តែការធ្វើឲ្យខ្លួនឯងរីកចម្រើនឬអត់ វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ រាល់បទពិសោធន៍ទាំងអស់ ផ្នត់គំនិត ទំនាក់ទំនង និងអ្វីដែលអ្នកបានពើបប្រទះនៅក្នុងជីវិត គឺបានផ្តល់ឲ្យអ្នកនូវឱកាសជាច្រើនដើម្បីលូតលាស់បើទោះបីជាអ្វីៗទាំងនោះជារឿងវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។

នៅពេលដែលអ្នកធ្វើការសម្រេចចិត្តយ៉ាងមុតមាំថា នឹងធ្វើឲ្យខ្លួនឯងរីកចម្រើនជារៀងរាល់ថ្ងៃ អ្នកចាប់ផ្តើមក្រសោបយកភាពស្រស់ស្អាត និងសេចក្តីអំណរដែលជីវិតបានផ្តល់ឲ្យអ្នក ។ គ្មានការពេញចិត្តណាប្រសើរជាងការការយល់ឃើញយ៉ាងជ្រៀលជ្រៅថា ខ្លួនឯងកំពុងរីកចម្រើនកាន់តែខ្លាំងឡើងៗនោះឡើយ។ ដោយសារតែ ភាពរីកចម្រើនវាជាម្រើសនោះហើយ ទើបធ្វើឲ្យមនុស្សភាគច្រើនជ្រើសរើសយកភាពងាយស្រួលសម្រាប់ខ្លួនឯង ហើយមិនផ្តោតលើការងារដែលធ្វើឲ្យខ្លួនឯងរីកចម្រើនរាល់ថ្ងៃបាន។

មានហេតុផលមួយដែលមនុស្សភាគច្រើនមិនប្តេជ្ញាចិត្តថា នឹងធ្វើឲ្យខ្លួនឯងរីកចម្រើនជាប្រចាំបាន ព្រោះចំណុចនេះទាមទារឲ្យពួកគេត្រូវដើរចេញពីទម្លាប់ស្រួលៗ ឬទីតាំងបច្ចុប្បន្នរបស់ពួកគេ។ អ្នកមិនអាចលូតលាស់បានទេនៅពេលដែលអ្នកជ្រើសរើសភាពងាយស្រួលមកធ្វើជាត្រីមុខរបស់អ្នក។ ការរៀនសូត្រជំនាញថ្មីៗ ការដុសខាត់សំលៀងជំនាញចាស់ៗឲ្យមុតស្រួចឡើងវិញ ការផ្លាស់ប្តូរដំណើរការគិត អានកាន់តែច្រើន ឬភ្ញាក់ពីព្រឹកព្រលឹម ហាត់ប្រាណឲ្យបានលឿនជាងមនុស្សធម្មតាទូទៅ ទាមទារឲ្យអ្នកត្រូវរំកិលខ្លួនផ្លាស់ប្តូរខ្លួនឯងឲ្យធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។

អ្វីៗទាំងអស់ត្រូវចាប់ផ្តើមពីការសម្រេចចិត្ត
ដើម្បីធ្វើឲ្យខ្លួនអ្នកកាន់តែរីកចម្រើន និងអភិវឌ្ឍជារៀងរាល់ថ្ងៃ វាមិនមែនជារឿងចៃដន្យ និងកើតឡើងត្រឹមតែមួយយប់នោះឡើយ។ វាត្រូវចាប់ផ្តើមដោយការសម្រេចចិត្តដ៏រឹងមាំ និងត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់បំផុត។ លទ្ធផលគ្រប់បែបយ៉ាងដែលអ្នកបានទទួលក្នុងជីវិតរបស់អ្នក វាកើតឡើងពីជម្រើស និងការសម្រេចចិត្តរបស់អ្នក  ។ វាល្មមដល់ពេលហើយដែលអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យជីវិតខ្លួនឯងមានភាពរីកចម្រើនជាប្រចាំ។ កុំចាំអ្នកដទៃមកដាស់តឿន! ត្រូវផ្តោតអារម្មណ៍ និង មានភាពម្ចាស់ការលើជីវិតខ្លួនឯង! កុំផ្តេកផ្តួលតាមព្រេងវាសនា! ត្រូវកសាងគុណតម្លៃជាច្រើននៅក្នុងជីវិតដែលជារបស់អ្នក៕ 

ប្រភព៖ Inc 

 

X
5s