១៦កញ្ញា ខាងមុខនេះផ្លូវទាំង៣៤ខ្សែនៅព្រះសីហនុនឹងបើកការដ្ឋានជួសជុលនិងសាងសង់បន្ថែម
ផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលមានប្រវែងសរុប៧៤គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានជួសជុល និងសាងសង់បន្ថែម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងចំណោមផ្លូវទាំង ៣៤ខ្សែ ដែលត្រូវជួសជុល និងសាងសង់បន្ថែមនោះ រដ្ឋបាលខេត្ដបានរៀបចំផ្លូវអាទិភាពចំនួន ២៤ខ្សែ ។
តាមប្រសាសន៍ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ផ្លូវទាំង៣៤ខ្សែនេះ គ្រោងនឹងប្រើរយៈពេលក្នុងការសាងសង់៨ខែ ក្រោមការស្ថាបនាដោយក្រុមហ៊ុន និងអង្គភាពចំនួន៧។ ជាមួយនេះដែរ ឯកឧត្តម អភិបាល បានស្នើប្រជាពលរដ្ឋទូទៅជាពិសេសអ្នករស់នៅតាមដងផ្លូវទាំ៣៤ខ្សែផ្ទាល់ សូមសហការជាមួយក្រុមការងារស្ថាបនាដើម្បីងាយស្រួលក្នុងការបំពេញការងារ។
ក្នុងនោះផងដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានមានប្រសាសន៍ថា ត្រូវរៀបចំស្ដារហេដ្ឋារចនាសម្ព័ន្ធក្រុង ខេត្ដព្រះសីហនុ ពិសេសប្រព័ន្ធគមនាគមន៍ (ផ្លូវ) ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងររយៈកាលកន្លងទៅនេះ។ ការស្ថាបនានេះ គឺជាការយកចិត្ដទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុម័តកញ្ចប់ថវិកាពិសេសសម្រាប់ការស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្ដព្រះសីហនុនេះ។
ខេត្តព្រះសីហនុ រយៈពេលពីរ បីឆ្នាំនេះ កំពុងមានការអភិវឌ្ឍឡើងយ៉ាងគំហុក ដែលបានធ្វើឲ្យខេត្ដមានការប្រែមុខមាត់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តែម្ដងរងការខូចខាតស្ទើរទាំងស្រុង ដែលទាមទារឲ្យមានការជួសជុលកែលម្អឡើងវិញប្រកបដោយគុណភាពដោយពង្រីកបន្ថែម និងសាងសង់ផ្លូវបន្ថែម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បញ្ចៀសការកកស្ទះចរាចរណ៍៕
ដោយ៖ ជួប ស្រីរ័ត្ន