សម្ដី​ចំនួន ​៨​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​ឲ្យ​តម្លៃ​លើ​ភាព​ឯកា​នៅ​ក្នុង​ជីវិត​របស់​អ្នក​



មាន​មនុស្ស​ដែល​ស្រឡាញ់​យើង​ដោយ​ឥត​លក្ខខណ្ឌ​គឺជា​សេចក្ដី​សុខ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ប៉ុន្តែ​មិន​ថា​ពួកគេ​ស្រឡាញ់​យើង​ប៉ុណ្ណា​ក៏​ដោយ ពួកគេ​មិន​អាច​ដើរ​ផ្លូវ​ជីវិត​របស់​អ្នក​ជំនួស​អ្នក​បាន​នោះ​ទេ។ នៅ​ពេល​អ្នក​ឈឺ បើ​ទោះ​ជា​ពួកគេ​ចង់​ក៏​ពួកគេ​មិន​អាច​ឈឺ​ជំនួស​អ្នក​បាន​ដែរ។ អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​មានតែ​ឈឺចាប់​នៅ​ពេល​ឃើញ​អ្នក​រង​ទុក្ខ​តែ​ប៉ុណ្ណោះ។ ផ្លូវ​ជីវិត​របស់​អ្នក​ក្រៅ​ពី​អ្នក​ខ្លួនឯង គ្មាន​នរណា​ម្នាក់​ដែល​អាច​ដើរ​ជំនួស​អ្នក​បាន​នោះ​ទេ។

មនុស្ស​តែ​ម្នាក់​គត់​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​ពី​ដើម​ដល់​ចប់ គឺ​មាន​តែ​អ្នក​ខ្លួនឯង​នេះ​ឯង។ ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​អ្នក​ត្រូវ​ចេះ​រស់នៅ​ជាមួយ​ភាព​ឯកា មាន​ឯករាជ្យ​លើ​ខ្លួនឯង​ទាំង​ផ្លូវកាយ​ហើយ​ជាពិសេស​គឺ​ផ្លូវ​អារម្មណ៍​របស់​ខ្លួនឯង។ សេចក្ដី​សុខ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួនឯង។ ការ​រំពឹង​ទុក​សេចក្ដី​សុខ​របស់​ខ្លួនឯង​ពី​អ្នកដទៃ​គឺជា​កំហុស​ឆ្គង​និង​ភាព​ឆោតល្ងង់​ដ៏​ធំ​មួយ។ នៅ​ពេល​អ្នក​ភ្ញាក់​ខ្លួន អ្នក​នឹង​រក​ឃើញ​ថា​គឺជា​អ្នក​ខ្លួនឯង​ដែល​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​ខ្លួនឯង។ អត្ថបទ​ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ចំនួន​៨​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​ឲ្យ​តម្លៃ​លើ​ភាព​ឯកា​នៅ​ក្នុង​ជីវិត​របស់​អ្នក:

) «គ្រប់​យ៉ាង​នឹង​ក្លាយ​ជា​ស្រស់​ស្អាត​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ស្រឡាញ់​វា សូម្បីតែ​ជា​ភាព​ឯកា​ក៏​ដោយ។» ជន​អនាមិក

) «ភាព​ឯកា​គឺជា​លក្ខខណ្ឌ​របស់​មនុស្ស។ ចូរ​បណ្ដុះបណ្ដាល​វា។ របៀប​ដែល​វា​ចូល​មក​អ្នក បាន​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​អ្នក​នូវ​ចន្លោះ​ទំនេរ​សម្រាប់​ការ​អភិវឌ្ឍ។ កុំ​រំពឹង​ទុក​ថា​អស់​ចំណាប់​អារម្មណ៍​ក្នុង​ភាព​ឯកា។ កុំ​សង្ឃឹម​ថា​នឹង​ស្វែងរក​ឃើញ​មនុស្ស​ដែល​យល់​ពី​អ្នក មនុស្ស​ដែល​នឹង​បំពេញ​ចន្លោះ​ទំនេរ​នោះ។ មនុស្ស​ដែល​ឆ្លាតវៃ និង​យល់​ពី​អារម្មណ៍​របស់​អ្នកដទៃ​គឺជា​ករណី​លើកលែង ជា​ករណី​លើកលែង​ដ៏​សំខាន់​មួយ។ បើ​អ្នក​រំពឹង​ទុក​ថា​នឹង​រក​ឃើញ​មនុស្ស​ដែល​យល់​ពី​អ្នក អ្នក​នឹង​លូតលាស់​ជាមួយ​នឹង​ការ​ខកចិត្ត។ រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ធ្វើ​គឺជា​ការ​យល់​ពី​ខ្លួនឯង ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន និង​មិន​បណ្ដោយ​ឲ្យ​គោ​ក្របី​ឈរ​រាំង​ដំណើរ​របស់​អ្នក​នោះ​ឡើយ។» Janet Fitch

) «សើច ហើយ​ពិភពលោក​ទាំងមូល​នឹង​សើច​ជាមួយ​អ្នក។ យំ ហើយ​អ្នក​នឹង​យំ​តែ​ម្នាក់​ឯង។» Ella Wheeler

) «ស្វែងរក​មិត្ត​សំឡាញ់​នៅ​ក្នុង​ខ្លួន​អ្នក ហើយ​អ្នក​នឹង​មិន​រស់នៅ​ថ្ងៃ​ណាមួយ​ឯកា​ម្នាក់​ឯង​នោះ​ទេ។ ស្វែងរក​ក្ដី​ស្រឡាញ់​នៅ​ក្នុង​ខ្លួនឯង ហើយ​អ្នក​នឹង​គ្មាន​ថ្ងៃ​ឯកា​ណាមួយ​នោះ​ឡើយ។» Connor Chalfant

) «កុំ​ស្វែងរក​សេចក្ដី​សុខ​របស់​អ្នក​ក្នុង​អ្នកដទៃ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឯកា។ ស្វែងរក​វា​នៅ​ក្នុង​ខ្លួនឯង ហើយ​អ្នក​នឹង​មាន​អារម្មណ៍​រីករាយ​បើ​ទោះ​ជា​នៅ​ម្នាក់ឯង​ក៏​ដោយ។» ជន​អនាមិក

) «បើ​អ្នក​ទៅ​កាន់តែ​ជ្រៅ​ទៅៗ​ចូល​ក្នុង​បេះដូង​របស់​ខ្លួនឯង អ្នក​នឹង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​ភ័យខ្លាច​តិច​ជាង​មុន ការ​កាត់​ផ្ដាច់​ពី​គេ​តិច​ជាង​មុន និង​ភាព​ឯកា​តិច​ជាង​មុន។» Sharon Salzberg

) «រឿង​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភពលោក​គឺជា​ការ​ដឹង​ថា​ធ្វើ​យ៉ាងណា​ដើម្បី​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ខ្លួនឯង។» Michel de Montaigne

) «នៅ​ពេល​ដែល​យើង​មិន​អាច​ទ្រាំ​នឹង​នៅ​ម្នាក់​ឯង​បាន នេះ​មានន័យ​ថា​យើង​មិន​បាន​ឲ្យ​តម្លៃ​ឲ្យ​បាន​សមរម្យ​ទៅ​លើ​មិត្ត​សំឡាញ់​តែ​ម្នាក់​គត់​ដែល​យើង​មាន​ចាប់​តាំង​ពី​កើត​រហូត​ដល់​ស្លាប់ ដែល​នោះ​គឺជា​ខ្លួនឯង។» Eda J. LeShan

ដោយ៖ ស្រីពៅ

X
5s