សុភាសិតចំនួន១៣ឃ្លារបស់ជនជាតិឥណ្ឌា ដែលអ្នកគួរកត់ត្រាចងចាំ
ឥណ្ឌាមានសុភាសិតមួយពោលថា «ជីវិតគឺជាស្ពាន។ ដើរឆ្លងកាត់វា តែកុំសង់ផ្ទះនៅលើវា។» នៅលើលោកនេះគ្មានអ្វីមួយដែលអ្នកអាចហៅបានថាជារបស់អ្នកនោះទេ។ ជីវិតប្រៀបបាននឹងដំណើរផ្សងព្រេង ដែលរាល់អ្វីៗដែលអ្នកបានជួបនិងឆ្លងកាត់សុទ្ធតែជាមេរៀន គ្រប់មនុស្សដែលអ្នកបានជួបគ្រាន់តែជាភ្ញៀវជីវិតរបស់អ្នកប៉ុណ្ណោះ។ មិនថាអ្នកគឺជានរណា អ្នកគ្រាន់តែជាផ្នែកមួយរបស់ធម្មជាតិ ដូច្នេះនៅតែត្រូវស្ថិតក្រោមច្បាប់ធម្មជាតិ។ អ្វីៗមិនទៀងទាត់ និងផ្លាស់ប្ដូរជានិច្ច។ ជារបស់អ្នកនៅថ្ងៃនេះ តែក៏អាចរបូតចេញពីដៃអ្នកនៅថ្ងៃស្អែក។ ជីវិតគឺជាស្ពាន។ ដើរឆ្លងកាត់វា ឆ្លងកាត់បទពិសោធន៍ទាំងឡាយនៅក្នុងជីវិតអ្នក តែកុំជាប់ជំពាក់នឹងវា។ ថ្ងៃនេះយើងបានដកស្រង់នូវសុភាសិតចំនួន១៣ឃ្លារបស់ជនជាតិឥណ្ឌា ដែលអ្នកគួរកត់ត្រាចងចាំ៖
១) «ចោរដែលមិនត្រូវបានគេចាប់គឺជាស្ដេច។»
២) «វិធីយកឈ្នះមនុស្សខឹងគឺជាមួយភាពទន់ភ្លន់ មនុស្សអាក្រក់គឺជាមួយភាពល្អ មនុស្សកំណាញ់គឺជាមួយភាពសប្បុរស និងមនុស្សកុហកគឺជាមួយការពិត។»
៣) «ខួរក្បាលមិនមែនរកឃើញនៅក្នុងពុកមាត់នោះឡើយ។»
៤) «នៅពេលព្រះអាទិត្យរះ វាក៏មានម្លប់ដែរ។»
៥) «ការពឹងផ្អែកលើអ្នកដទៃគឺជាការខកចិត្តដែលមានឥតឈប់ឈរ។»
៦) «ជីវិតគឺជាស្ពាន។ ដើរឆ្លងកាត់វា តែកុំសង់ផ្ទះនៅលើវា។»
៧) «គ្រួសារជាច្រើនត្រូវបានកសាងឡើងចេញពីសំណើចក្អាកក្អាយ។»
៨) «មនុស្សយើងសើចដាក់អ្នកដទៃហើយជូតទឹកភ្នែកឲ្យខ្លួនឯង។»
៩) «ស្គរឮខ្លាំងដោយសារវាមានប្រហោង។»
១០) «ចំណង់ធំគឺជាភាពក្រីក្រដែលគ្មានទីបញ្ចប់។»
១១) «មនុស្សពេញវ័យយកចិត្តទុកដាក់លើអ្វីដែលអ្នកកំពុងធ្វើ កូនក្មេងឃើញលើសពីនេះទៅទៀត។»
១២) «អ្វីដែលជាកីឡាសម្រាប់បុរសគឺជាការស្លាប់របស់បក្សី។»
១៣) «អ្វីដែលរីកក៏ត្រូវរុះរោយដែរ។»
ដោយ៖ ស្រីពៅ