ផ្តើមចេញពីចិត្តចង់ជំរុញវិស័យអប់រំ សហស្ថាបនិករូបនេះព្យាយាមរហូតបង្កើតអាជីវកម្មប្រព័ន្ធគ្រប់គ្រងសាលា​



លោក ងន់ ម័រ អគ្គនាយក និងជាសហស្ថាបនិក ក្រុមហ៊ុន Poscar Cambodia ដែលជាក្រុមហ៊ុនមួយមានឯកទេសលើការបង្កើត និងផ្តល់ប្រព័ន្ធគ្រប់គ្រងសាលារៀនដែលហៅថាភាសាបច្ចេកទេសថា Digital Education។ មានប្រវត្តិជាសាស្រ្តាចារ្យថ្នាក់ឧត្តមនៅសកលវិទ្យាល័យ បូកផ្សំបទពិសោធន៍ផ្នែកព័ត៌មានវិទ្យារយៈពេល ១៥ ឆ្នាំលើការគ្រប់គ្រងសាលារៀន លោកបានមើលឃើញពីភាពខ្វះខាត មួយចំនួនដែលមាននៅក្នុងប្រព័ន្ធអប់រំសព្វថ្ងៃ បានក្លាយជាកត្តាជំរុញចិត្តមួយនាំឲ្យលោកអាចបើកអាជីវកម្មមួយនេះ។

នៅក្នុងកម្មវិធីសិក្ខាសាលាមួយរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា លោក ងន់ ម័រ បានលើកឡើងថា ដំបូងឡើយគំនិតនៃការបង្កើតអ្វីៗទាំងអស់នេះមិនមែនសម្រាប់អាជីវកម្មឡើយ ពោលដោយសារលោកធ្លាប់ជាកូនអ្នកខេត្ត មករស់នៅរៀនសូត្រនៅភ្នំពេញ ឆ្លងកាត់ការលំបាក ហើយស្រមៃថា នៅពេលមួយដែលលោកអាចរឹងដៃរឹងជើងជាងនេះ មានចំណេះដឹងគ្រប់គ្រាន់ មានមិត្តនិងអ្នកក្បែរខ្លួនច្រើនជាងនេះ តើលោកគួរធ្វើអ្វីដើម្បីប្រទេសជាតិខ្លះពិសេសលើវិស័យអប់រំមួយនេះ។ 

ដោយបទពិសោធន៍ធ្លាប់ឆ្លងកាត់តាំងពីពេលនៅសិក្សា រហូតបន្តធ្វើជាសាស្រ្តាចារ្យ លោកបានមើលឃើញថាកម្ពុជានៅមានចំណុចខ្វះចន្លោះលើប្រព័ន្ធគ្រប់គ្រងសាលារៀនមួយដែលមានភាពច្បាស់លាស់ មានការចំណាយច្រើនលើក្រដាសស្នាម ការផ្តល់ព័ត៌មានក៏មិនបានល្អមានភាពយឺតយ៉ាវជាដើម។ លោកបានចាប់ផ្តើមមើលខ្លួនឯងថាតើសព្វថ្ងៃលោកពូកែអ្វី មិត្តភក្តិជុំវិញខ្លួនមានជំនាញពូកែផ្នែកអ្វី ដែលអាចប្រមូលផ្តុំគ្នាបង្កើតអ្វីមួយដើម្បីគ្រប់គ្រងលើការអប់រំឲ្យបានប្រសើរឡើង។ ចំពោះរូបលោកផ្ទាល់ បទពិសោធន៍ជាង ១៥ ឆ្នាំមកនេះវាអាចនឹងឆ្អិនខ្លះដែរលើច្បាប់ក្នុងវិស័យអប់រំ ដឹងថាការអប់រំត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ការសិក្សាក្នុងកម្រិតណាត្រូវការអ្វី ហើយលោកបានរកមិត្តភក្តិដែលមានជំនាញផលិតប្រព័ន្ធគ្រប់គ្រង (អ្នកឯកទេសខាងព័ត៌មានវិទ្យា) ដើម្បីជួយគាំទ្រដល់ការងារមួយនេះ ដូច្នេះការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឲ្យត្រូវតាមគោលនយោបាយដាក់ចេញដោយក្រសួងអប់រំ វាបានក្លាយជាសមិទ្ធិផលល្អមួយដែលជាប្រព័ន្ធអប់រំឌីជីថល។

លោក ងន់ ម័រ ក៏បានបញ្ជាក់បន្ថែមដែរថា ការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថលនេះលោកបានគិតគូរយ៉ាងច្បាស់ពីទស្សនៈវិស័យរយៈពេលវែងនៅពេលបង្កើតដំបូង ដោយលោកបានដាក់សំណួរថាប្រព័ន្ធមួយនេះវាអាចប្រើប្រាស់ឆ្លើយតបនឹងតម្រូវការក្នុងតំបន់បានទេ បន្ទាប់ពីជោគជ័យនៅកម្ពុជាវានៅអាចពង្រីកវិសាលភាពទៅដល់ប្រទេសជិតខាងក្នុងអាស៊ាន និងតំបន់ផ្សេងទៀតឬយ៉ាងណា។ 

ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថលរបស់ Poscar Cambodia ចាប់ផ្តើមកវែកកឆ្នាំងនៅក្នុងឆ្នាំ ២០១៦ ចាប់ផ្តើមអភិវឌ្ឍបន្ថែមក្នុងឆ្នាំ ២០១៧ និងនៅឆ្នាំ ២០១៨ រកសាលាដើម្បីសាកល្បងការប្រើប្រាស់ប្រព័ន្ធមួយនេះ ក៏សូមបញ្ជាក់ថាសាលាដែលសាកល្បងប្រើប្រាស់មុនគេគឺសាលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។ 

គួររំឮកថា ផលិតផលឬសេវាកម្មដែលក្រុមហ៊ុន Poscar Cambodia បានដាក់ចេញមកគឺមានការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាល ពិសេសក្រសួងអប់រំដោយក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថលនេះមានបង្ហាញទិន្នន័យចំនួនសិស្សក្នុងសាលា ទិន្នន័យពិន្ទុ អវត្តមាន ក៏ដូចជាព្រឹត្តិបត្រពិន្ទុជាដើម។ Poscar Cambodia ក៏មានគម្រោងបង្កើតជា Mobile App ដែលអាចឲ្យសិស្សតាមដានការសិក្សារបស់ខ្លួនឯងថាទទួលបានលទ្ធផលយ៉ាងណា។ វាក៏ផ្តល់ភាពងាយស្រួលដល់ការធ្វើសំណើរសុំព្រឹត្តិបត្រពិន្ទុដោយមិនចំណាយពេលយូរក្នុងការរងចាំ។ លើសពីនេះសម្រាប់ Mobile App ក៏ផ្តល់ប្រយោជន៍ដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សដើម្បីតាមដានការសិក្សារបស់កូនដូចគ្នា ដោយគាត់អាចដឹងថាកូនគាត់អវត្តមានប៉ុន្មានក្នុងខែនេះ ឬក៏ថ្ងៃនេះកូនគាត់មានបានទៅសាលារៀនត្រឹមត្រូវឬអត់៕

ដោយ៖ យ៉ាយ៉ា

 

X
5s