ឯកឧត្ដម ហ៊ុន ម៉ានី៖ ត្រូវ​គិត​ថា​កម្ពុជា​ជា​ផ្ទះ​របស់​យើង​ដែល​ត្រូវ​ចូលរួម​ថែរក្សា​ទាំង​អស់​គ្នា​



«យុទ្ធនាការ​ភ្នំពេញ​ស្អាត មិនមែន​ជា​កាតព្វកិច្ច​ឬ​ភារកិច្ច​របស់​នរណា​ម្នាក់​ឬ​ស្ថាប័ន​ណា​មួយ​ដាច់​ដោយ​ឡែក​នោះ​ទេ យើង​គួរ​តែ​គិត​ថា​ជា​រឿង​របស់​យើង​ទាំង​អស់​គ្នា ដែល​ឯកឧត្ដម​សាយ សំអាល់ តែង​តែ​និយាយ​ថា ត្រូវ​គិត​ថា​កម្ពុជា​ជា​ផ្ទះ​របស់​យើង​ អីចឹងហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ចូលរួម​ថែរក្សា​ទាំង​អស់​គ្នា» នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហ​ស្ថានិក​គម្រោង​ភ្នំពេញ​ស្អាត បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​បើក​ដំណើរការ​ យុទ្ធនាការ​ភ្នំពេញ​ស្អាត កាល​ពី​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​នា អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី។

ភាព​ច្បាស់​លាស់​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នៃ​ «គម្រោង​ស្អាត» គឺ​មាន​គោលដៅ​ចង់​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​និង​ឥរិយាបថ​របស់​ប្រជាជន​ដែល​តែង​បោះ​ចោល​សំរាម​នៅ​តាម​ទី​សាធារណៈ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ មក​ជា​មនុស្ស​ដែល​មិន​បោះចោលសម្រាបផ្ដេសផ្ដាស ហើយ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​បន្ត។ ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់​ធ្ងន់​ថា​ "បើ​យើង​ចង់​ផ្លាស់ប្ដូរ​ការ​គិត​របស់​មនុស្ស​១លាន​នាក់ យើង​ត្រូវ​ផ្លាស់ប្ដូរ​ការ​គិត​របស់​មនុស្ស​១០​នាក់​ឲ្យ​បាន​ជា​មុន​សិន ទោះ​បី​ជា​គម្រោង​ស្អាត​ធ្វើ​ឡើង​ត្រឹម​តែ​១ខែ​ក្នុង​១ឆ្នាំ ប៉ុន្តែ​យើង​សង្ឃឹម​ថា​អ្នក​ចូល​រួម​ជា​មួយ​គម្រោង​នេះ ទោះ​តិច​ឬ​ច្រើន​ក្ដី ពួកគាត់​នឹង​រក្សា​បាន​នូវ​ស្មារតី​ស្អាត​ដើម្បី​បន្ត​ចូល​រួម​ចំណែក​"។

គួរ​បញ្ជាក់​ថា «យុទ្ធនាការ​ភ្នំពេញ​ស្អាត​» គឺ​ជា​ផ្នែក​មួយ​នៃ​ «គម្រោង​ស្អាត» ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ក្នុង​កំឡុង​ខែ​វិច្ឆិកា ដែល​ត្រូវ​បាន​យុទ្ធនាការ​នេះ​ប្រសិទ្ធិនាម​ថា​ជា «ខែ​ស្អាត»។ ហើយ​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី៣​នៃ យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្ត​ឡើង​ពេញ​មួយ​ខែ​វិច្ឆិកា និង​ត្រូវ​បាន​អនុវត្ត​ដោយ​ស្ម័គ្រ​ចិត្ត ដែល​មាន​ការ​ចូល​រួម​ពី «យុវជន​សុឆន្ទៈ​ស្អាត» ចំនួន​ជាង​១០០​នាក់។

បន្ថែម​ពី​នេះ គម្រោង «ភ្នំពេញ​ស្អាត» ក៏​ទទួល​បាន​កិច្ច​សហការ​រវាង​ក្រសួង​ពាក់ព័ន្ធ​រួម​មាន៖ ក្រសួង​អប់រំ​យុវជន និង​កីឡា, ក្រសួង​បរិស្ថាន, ក្រសួង​ទេសចរណ៍, គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត, ក៏​ដូច​ជា រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s