ព្រះពុទ្ធ៖ «មានមិត្តដែលចេះចង្អុលបង្ហាញនិងប្រាប់កំហុសឆ្កងដល់អ្នក ប្រៀបដូចមានកំណប់ទ្រព្យដ៏អស្ចារ្យ»
ការសេពគប់មិត្តគឺពិតជាសំខាន់ខ្លាំងណាស់ដោយសារតែវាប៉ះពាល់ទៅដល់គុណភាពជីវិតរបស់អ្នក។ ការសេពគប់មិត្តល្អ ជាកត្តាមួយជួយឲ្យអ្នកអាចអភិវឌ្ឍខ្លួនឲ្យរីកចម្រើន ប៉ុន្តែប្រសិនបើជ្រើសរើសមិត្តខុសហើយជីវិតរបស់អ្នកនឹងរសាត់អណ្ដែតតាមពួកគេជាមិនខាន។
ព្រះសម្មាសម្ពុទ្ធមានពុដ្ឋីការថា៖ «មានមិត្តដែលចេះចង្អុលបង្ហាញនិងប្រាប់កំហុសឆ្កងដល់អ្នក ប្រៀបដូចមានកំណប់ទ្រព្យដ៏អស្ចារ្យ។» នេះបញ្ជាក់ថាមិត្តដែលតែងតែជួយអ្នក លើកទឹកចិត្ត បំផុសគំនិត ជួយកែកំហុស ចែករំលែកគំនិតល្អៗ និងចង្អុលបង្ហាញកែតម្រូវដល់អ្នក គឺជាមិត្តដែលអ្នកគួរសេពគប់។ ការមានមិត្តល្អជួយអ្នកចម្រុងចម្រើន ដោយមនុស្សទាំងនោះចេះជួយទុកធុរៈ យកអសារ និងតែងតែផ្ដល់ចំណេះដឹងថ្មីៗជាដើម។ បើអ្នកនៅមិត្តបែបនេះ អ្នកប្រៀបបាននៅជាមួយមនុស្សមានចំណេះដឹង ដែលអ្នកអាចក្រេបយកដាក់ក្នុងខ្លួន បំប៉នខួរក្បាលដូច្នេះដែរ។
បាបមិត្តឬមិត្តមិនល្អ ជាមនុស្សដែលមិនត្រឹមតែមិនជួយអ្នកនោះទេ តែពេលខ្លះជាន់អ្នកពន្លិចទៀតផង។ ពួកមនុស្សទាំងនោះជាមនុស្សបញ្ហា ជាមនុស្សនិយាយដើម មនុស្សរិះគន់ មនុស្សត្អូញត្អែរ មនុស្សអត់ប្រយោជន៍ មនុស្សយកមុខយកមាត់ មនុស្សដែលមានខួរក្បាលតែមិនសូវចេះយកទៅគិតពិចារណា និងជាមនុស្សដែលតែងតែបបួលអ្នកធ្វើរឿងឥតប្រយោជន៍ជាដើម។
ដូចនេះ មុននឹងមកនរណាម្នាក់ធ្វើជាមិត្តអ្នកត្រូវមើលផងដែរថាគេជួយអ្នកឲ្យរីកចម្រើនឬអត់។ មិត្តមិនល្អ អត់ប្រយោជន៍ បើអ្នកបានគ្រាន់តែស្គាល់បានហើយ កុំរាប់អានជិតស្និទ្ធិពេក កុំនៅក្បែរពេក ពីព្រោះមនុស្សទាំងនោះមានតែធ្វើឲ្យអ្នកអន់ថយ មិនរីកចម្រើន។
ព្រះពុទ្ធ៖ «បាបមិត្តគួរឲ្យខ្លាចជាងសត្វសាហាវទៅទៀត ពីព្រោះសត្វសាហាវអាចធ្វើឲ្យអ្នករងរបួសរូបកាយ ប៉ុន្តែមនុស្សទាំងនោះនឹងធ្វើឲ្យអ្នកឈឺក្បាល។»
អត្ថបទដោយ៖ លង់ វណ្ណៈ