មានឥរិយាបថ ៧ ចំណុចនេះ អាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់អ្នកទាំងមិនដឹងខ្លួន!​



ក្នុងនាមជាអ្នកគ្រប់គ្រង ឬអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនអាជីវកម្មរបស់អ្នក វាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់ថា អ្នកមានឥទ្ធិពលលើក្រុមហ៊ុនទាំងមូល។ ផលប៉ះពាល់ភាគច្រើនកើតចេញពីរបៀបដែលអ្នកប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយក្រុមការងារ ក៏ដូចជាជាមួយដៃគូក្រុមហ៊ុន និងអតិថិជនជាដើម។ 

ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មម្នាក់ តើអ្នកបានបង្ហាញហើយឬនៅនូវគុណសម្បត្ដិដែលធ្វើឲ្យអ្នកផ្សេងទៀតចង់ធ្វើការដើម្បីកសាងក្រុមហ៊ុនរបស់អ្នក?  តើគុណសម្បត្តិរបស់អ្នកផ្តល់ឥទ្ធិពលល្អកម្រិតណាដល់អ្នកទាំងនោះ? ប្រសិនបើអ្នករកឃើញថា អ្នកកំពុងមានអត្តចរិត ៧ ចំណុចខាងក្រោមនេះ វាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ។

១.ខ្សោយខាងបញ្ញាស្មារតី (EQ)
បញ្ញាស្មារតី (EQ) សំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ វាជួយឲ្យអ្នកចេះស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃ និងដឹងពីអ្វីដែលអាចជំរុញលើកទឹកចិត្តមនុស្សជុំវិញខ្លួន។ EQ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សដែលចេះធ្វើការជាក្រុម និងបង្កើតបរិយាកាសរួមគ្នានៅកន្លែងការងារ។  មនុស្សដែលខ្សោយខាង EQ មិនសូវមានទំនាក់ទំនងល្អទេ ហើយវាធ្វើឲ្យអ្នកបាត់បង់ក្រេឌីត និងអ្នកដទៃបាត់បង់ទំនុកចិត្តមកលើអ្នក។

២.មិនចេះបទបែន
នៅពេលគ្រប់គ្រងអាជីវកម្ម អ្នកត្រូវការការសម្រេចិត្តមួយប្រកបដោយភាពវៃឆ្លាត ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ អ្នកនឹងអាចជួបស្ថានភាពមួយដែលគ្មានគ្រោងទុក្ខ ត្រូវការដំណោះស្រាយភ្លាមៗ គំនិតច្នៃប្រឌិត និងទាន់សភាពការណ៍។ នេះទាមទារឲ្យអ្នកមានជំនាញមួយគឺចេះបទបែន។  បើអ្នកខ្វះជំនាញនេះ អាជីវកម្មរបស់អ្នកនឹងមានហានិភ័យនៅថ្ងៃណាមួយជាមិនខាន ដោយសារតែការសម្រេចចិត្តរបស់អ្នកវាមានឥទ្ធិពលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងមូល។

៣.មិនធ្វើតាមការសន្យា
ការមិនគោរពពាក្យសន្យា  និងភាពទន់ជ្រាយក្នុងនាមជាអ្នកដឹកនាំ នាំមកនូវកង្វះភាពជឿជាក់ដល់ក្រុមការងារទាំងមូល ។ ប្រសិនបើអ្នកចង់ថែរក្សាឥទ្ធិពលរបស់អ្នក និងទទួលបានការគោរពពីអ្នកដទៃ អ្នកត្រូវរៀនអនុវត្តតាមអ្វីដែលអ្នកបានសន្យាឲ្យអស់ពីលទ្ធភាព។ នេះមានន័យថា ធ្វើជាមនុស្សដែលអាចពឹងពាក់បាន ស្តាប់ហេតុផលរបស់អ្នកទៃ និងធ្វើដោយភាពស្មោះត្រង់បំផុត។ បើសន្យាធ្វើអ្វីមួយ អ្នកត្រូវធ្វើភ្លាម ហើយអ្វីដែលសំខាន់គឺត្រូវបង្កើតការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមកជាមួយមិត្តរួមការងារ នយោជិក និងអតិថិជន។ 

៤.មិនចេះអត់ធ្មត់
ជោគជ័យ ឬបរាជ័យរបស់អាជីវកម្មមួយ ជារឿយៗក៏ត្រូវពឹងផ្អែកលើផងដែរថា ពេលណាត្រូវនៅស្ងៀម ពេលណាត្រូវក្រោកតតាំង ពេលណាត្រូវដើរបន្តទៅមុខ ពេលណាត្រូវវិភាគ និងពិចារណាលើជម្រើសដែលកំពុងកើតមានចំពោះមុខ។ ក៏ប៉ុន្តែដើម្បីបង្កើតការសម្រេចចិត្តលើរឿងទាំងនេះវាទាមទារអ្នកឲ្យមានភាពអត់ធ្មត់ខ្ពស់បំផុត។

សូមចាំថា អាជីវកម្មគឺជាតុល្យភាពរវាងភាពស្រេកឃ្លាន និងការត្រៀមខ្លួនការពារ ។ ការមិនចេះអត់ធ្មត់ អាចនាំឲ្យមានការសម្រេចចិត្តឆាប់រហ័សដែលអាចធ្វើឲ្យអ្នកត្រៀមខ្លួនមិនបានល្អ ។ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ គឺជារឿងល្អ។ ប៉ុន្តែភាពប្រេះឆា និងការសម្រេចចិត្តដោយតក់ក្រហល់ មិនមែនជារឿងល្អទេ។ 

៥.មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
អ្នកអាចសន្និដ្ឋានថា អ្នកដែលជោគជ័យក្នុងជំនួញសុទ្ធតែមនុស្សពូកែ មានផ្លង់ការងារល្អិតល្អន់ និងចេះគ្រប់គ្រងជំនួញបានយ៉ាងម្មត់ចត់ជាដើម។ ក៏ប៉ុន្តែការយល់ឃើញបែបនេះ គឺអ្នកគ្រាន់តែបានមើលជ្រុងម្ខាងប៉ុណ្ណោះ។ អ្នកនឹងស្គាល់ពួកគេកាន់តែច្បាស់នៅពេលជំនួញមានបញ្ហាមិនស្របដូចការគ្រោងទុក និងជាពិសេសនៅពេលមានបញ្ហាខុសពីប្រក្រតីកើតមានឡើង។ 

ភាពធុញថប់ សម្ពាធផ្លូវចិត្ត អស់សង្ឃឹម មូម៉ៅ អស់កម្លាំង និងខឹងសប្បារ អាចកើតមានឡើងនៅអំឡុងពេលនេះ។ នេះជាដំណាក់កាលមួយដែលអាចវាស់ស្ទង់បានថា អ្នកចេះគ្រប់គ្រងវាបានល្អកម្រិតណា។ បើអ្នកឆេវឆាវ និងសម្រេចចិត្តនៅពេលនេះ តិចឬច្រើនជំនួញរបស់អ្នកនឹងប៉ះពាល់ជាមិនខាន ដោយសារតែអ្នកមិនបានថ្លែងថ្លែងគ្រប់ជ្រុងជ្រោយនោះឡើយ។

៦.មិនបើកចិត្តឲ្យទូលាយ
ជាទូទៅចិត្តចង្អៀតចង្អល់មិនទទួលយក ឬយកចិត្តទុកដាក់លើគំនិតអ្នកដទៃ នឹងមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេសនៅពេលអ្នកជាម្ចាស់អាជីវកម្ម។ ជាធម្មតានៅពេលអ្នកធ្វើការជាមួយក្រុមការងារ អ្នកត្រូវការគំនិតថ្មី មាតិយោបល់ពីក្រុមការងារ និងមនុស្សនៅជុំវិញខ្លួនដើម្បីផ្លាស់ប្តូរគ្នាទៅវិញទៅមកសម្រាប់ ស្វែងរកគន្លឹះថ្មីនាំមកនូវភាពជោគជ័យក្នុងក្រុមហ៊ុន។ ផ្ទុយទៅវិញ ការមិនបើកចិត្តឲ្យទូលាយគឺជាឧបសគ្គមួយប៉ះពាល់ដល់ប្រព័ន្ធលំហូរការងារប្រចាំថ្ងៃរបស់អ្នក។

៧.ត្អូញត្អែររអួររទាំច្រើន
វាជារឿងធម្មតាទៅហើយ! គ្មានអ្នកណាចូលចិត្តមនុស្សត្អូញត្អែររអួរទាំច្រើនទេ។ បើអ្នកមានចរិតបែបនេះ មានន័យថា អ្នកកំពុងធ្វើឲ្យមនុស្សគ្រប់គ្នាធ្លាក់ចុះ អ្នកគ្មានផលិតភាពក្នុងការងារ  ហើយធ្វើឲ្យផលិតភាពក្រុមការងាររបស់អ្នកមានបញ្ហាដែរ។ ទន្ទឹមនឹងនេះ ភាពត្អូញត្អែរច្រើនរអួររទាំច្រើន ធ្វើឲ្យក្រុមការងារកាន់តែឃ្លាតឆ្ងាយពីអ្នក បាតបង់ភាពស្និតស្នាល និងតម្លៃនៅក្នុងការងារ។ សូមចាំថា បើអ្នកមិនអាចលុបចោលភាពអួររទាំរបស់អ្នកបាននៅក្នុងទំនាក់ទំនងការងារជាមួយក្រុមការងារទេនោះ មានន័យថា អ្នកកំពុងមានបញ្ហា៕

ប្រភព៖ Businessinsider 

 

X
5s