សម្រង់សុភាសិតចំនួន១០ឃ្លា ដែលឆ្លុះបញ្ចាំងពីគតិបណ្ឌិតរបស់ជនជាតិបារាំង
ជនជាតិបារាំងមានសុភាសិតមួយឃ្លាពោលថា «បុគ្គលម្នាក់ត្រូវថយក្រោយមួយជំហានដើម្បីអាចលោតការលោតផ្លោះដ៏ល្អមួយបាន។» នៅលើលោកនេះអ្វីគ្រប់យ៉ាងសុទ្ធតែមានតម្លៃរបស់វា។ បើអ្នកចង់បានអ្វីមួយ នោះអ្នកត្រូវលះបង់អ្វីមួយផ្សេងដើម្បីទទួលបានវា។ បើអ្នកសង្កេតឲ្យជ្រៅក្នុងជីវិត នោះអ្នកនឹងសង្កេតឃើញថានៅពេលអ្នកទទួលបានរបស់មួយ អ្នកនឹងបាត់បង់របស់មួយផ្សេង ហើយនៅពេលអ្នកបាត់បង់របស់មួយ អ្នកនឹងទទួលបានរបស់មួយផ្សេងមកវិញ។ ហេតុនេះទើបថាអ្វីៗសុទ្ធតែមានតម្លៃរបស់វា។ បើអ្នកចង់លោតឲ្យបានល្អ នោះអ្នកត្រូវលះបង់មួយជំហានដែលអ្នកទទួលបាន នោះទើបអ្នកអាចទទួលបាននូវទីតាំងថ្មីដែលល្អប្រសើរជាងបច្ចុប្បន្ននេះ។
បើអ្នកសង្កេតឲ្យដិតដល់ នោះអ្នកក៏អាចរកឃើញការពិតនេះនៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗដែរ។ មនុស្សខ្លះមានលុយតែគ្មានសេចក្ដីស្រឡាញ់ពិតប្រាកដ។ ឯអ្នកខ្លះមានសេចក្ដីស្រឡាញ់ពិតប្រាកដ តែមិនមានការរស់នៅដែលសម្បូរហូរហៀរដូចគេ។ ឬអ្នកខ្លះវិញ ជោគជ័យក្នុងជីវិតការងារ តែបរាជ័យក្នុងជីវិតគ្រួសារជាដើម។ គ្មានអ្វីមួយដែលពេញលេញ ដែលយើងអាចហៅបានថាល្អឥតខ្ចោះនោះទេ។ អត្ថបទថ្ងៃនេះបានដកស្រង់នូវសុភាសិតចំនួន១០ឃ្លា ដែលឆ្លុះបញ្ចាំងពីគតិបណ្ឌិតរបស់ជនជាតិបារាំង៖
១) «ស្រឡាញ់ផ្សែង នោះអ្នកនឹងក្អក វាជារឿងដែលពិបាកក្នុងការបិទបាំង។»
២) «នៅពេលក្បាលឈឺ ខ្លួនប្រាណទាំងមូលនឹងឈឺដែរ។»
៣) «អូសវៀចឆេះភ្លើងដែលត្រង់។»
៤) «បេះដូងមើលឃើញបានឆ្ងាយជាងក្បាល។»
៥) «អ្នកហែលទឹកដែលប៉ិនប្រសប់ច្រើនតែលង់ទឹក។»
៦) «គ្មាននរណាម្នាក់ដែលដឹងថាកន្លែងណាដែលស្បែកជើងគាបជើងនោះទេក្រៅពីអ្នកពាក់ស្បែកជើងមួយនោះ។»
៧) «ការប្រៀបធៀបគឺជារឿងដែលគួរឲ្យស្អប់។»
៨) «បុគ្គលម្នាក់ត្រូវថយក្រោយមួយជំហានដើម្បីអាចលោតការលោតផ្លោះដ៏ល្អមួយបាន។»
៩) «រហ័សវាយតម្លៃនាំទៅរកវិប្បដិសារី។»
១០) «មនុស្សនិយាយក៏ដើម្បីតែបិទបាំងការគិតរបស់ខ្លួនឯង។»
ដោយ៖ ស្រីពៅ