លោក គង់ សូលីយ៉ា៖ ៣ចំណុច ដែលអ្នកចង់បើកអាជីវកម្មដឹកជញ្ជូនដែលត្រូវដឹង​



កម្ពុជាកំពុងមានស្ថិតក្នុងរបត់មួយកែប្រែទម្លាប់ពីការទិញទំនិញផ្ទាល់តាមហាង តាមទីផ្សារ មកជាការទិញទំនិញតាមប្រព័ន្ធអនឡាញ។ ការទិញទំនិញតាមប្រព័ន្ធអនឡាញនេះកំពុងជួបប្រទះបញ្ហាធំបំផុតមួយគឺការដឹកជញ្ជូនឲ្យអតិថិជន។ 

ទោះជាវិស័យដឹកជញ្ជូននេះហាក់កំពុងមានទីផ្សារក៏ដោយ ក្នុងនាមអ្នកមានជំនាញលើអាជីវកម្មផ្នែកដឹកជញ្ជូននេះ លោក គង់ សូលីយ៉ា សហស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន «ជូនអ្នក» បានលើកឡើងពីចំណុចមួយចំនួនដែលអាចជាកត្តាមានឥទ្ធិពលលើដំណើរអាជីវកម្មដឹកជញ្ជូនរបស់អ្នក។ 

១) អ្នកដឹកជញ្ជូនជាអ្នកកំណត់វាសនាអាជីវកម្មអ្នក
អតិថិជនមិនខ្វល់ទេថាគេទិញទំនិញពីហាងណា ហើយនរណាជាអ្នកដឹកជញ្ជូនឲ្យគេ គេដឹងតែម្យ៉ាងថាទំនិញដែលគេបានទិញ ត្រូវមកដល់ដៃនៅពេលដែលគេចង់បាន នៅពេលវេលាដែលគេបានកំណត់ចរចារួច។ ពេលដែលគាត់កុម៉្មង់ទំនិញហើយមានការដឹកជញ្ជូនមកឲ្យគាត់ អ្នកដែលគាត់ជួបមុនគេគឺអ្នកដឹកជញ្ជូន បើអ្នកដឹកជញ្ជូនធ្វើឲ្យគាត់ទទួលបានទំនិញតាមពេលវេលានោះគាត់នឹងសប្បាយចិត្តទាំងដែលមិនទាន់ដឹងផងថាទំនិញនោះមានគុណភាពយ៉ាងណា។ ផ្ទុយមកវិញ បើអ្នកដឹកជញ្ជូនធ្វើឲ្យគាត់មិនសប្បាយចិត្តគាត់អាចនឹងបញ្ឈប់ការទិញទំនិញនោះ មិនថាទំនិញមានគុណភាពល្អឬមិនល្អទេព្រោះការដឹកជញ្ជូនមិនល្អ។

២) យើងត្រូវដឹងថាការដឹកជញ្ជូនបែបណាដែលអតិថិជនចង់បាន 
ជាធម្មតាទេដែលសេវាកម្មដឹកជញ្ជូនលឿនរហ័ស ជាចំណុចអាទិភាពនៃអាជីវកម្មអ្នក ព្រោះពេលដែលអតិថិជនគាត់ទិញទំនិញតាមអនឡាញ ហើយអ្នកដឹកជញ្ជូនទំនិញទាំងនោះជូនគាត់មិនត្រូវតាមចិត្តគាត់ វានាំឲ្យក្លាយជាបញ្ហាវិញ។ សហស្ថាបនិករូបនេះក៏បានលើកឡើងដែរថា ចំណុចមួយទៀតដែលត្រូវគិតដែរនោះគឺ អតិថិជនតែងផ្លាស់ប្តូរចិត្តតាមអារម្មណ៍ ពេលណាគាត់បន្ទាន់គាត់ចង់ឲ្យការដឹកជញ្ជូននោះឆាប់ទៅដល់គាត់ តែបើគាត់គិតថាគាត់មិនទាន់ចង់គឺនោះចាំសិនកុំទាន់ដឹកជូនគាត់។

៣) អតិថិជនចង់បានភាពងាយស្រួល
អតិថិជនតែងមានអារម្មណ៍មួយគិតថារំខាននៅពេលដែលអ្នកដឹកជញ្ជូនទូរស័ព្ទទៅគាត់ម្តងជាពីរដង សួរពីអាសយដ្ឋានដោយសារអ្នកដឹកជញ្ជូនរកទីតាំងគាត់មិនឃើញ ឬកត្តាផ្សេងៗទៀត។ មួយវិញទៀត អតិថិជនមួយចំនួនបែរជាខឹងនៅពេលដែលអ្នកដឹកជញ្ជូនមិនបានសួរនាំគាត់ ដោយគិតថាអាចរកទីតាំងរបស់អតិថិជនឃើញតែចុងក្រោយបែរជារកមិនឃើញវិញ។ 

ជាមួយគ្នានេះដែរសហស្ថាបនិករូបនេះក៏បានធ្វើការលើកឡើងបន្ថែមពីចំណុចចំនួន ៥ ដែលអាចនាំឲ្យការដឹកជញ្ជូនអ្នកមិនសូវមានប្រសិទ្ធិភាពហើយអ្នកក៏ត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ៖

១) ការដឹកជញ្ជូនជាកញ្ចប់តូចៗ សម្រាប់អតិថិជនច្រើនគ្នា មានន័យថាត្រូវដឹកទៅច្រើនកន្លែងផ្សេងៗនាំឲ្យមានការយឺតយ៉ាវ និងមិនបានបំពេញចិត្តអតិថិជនទាន់ពេល។

២) ការដឹកជញ្ជូនបែបនេះត្រូវការកម្លាំងពលកម្ម និងបុគ្គលិក ពួកគាត់ត្រូវចំណាយកម្លាំងច្រើនដែលចៀសមិនផុតពីភាពហត់នឿយ។

៣) បញ្ហាទីតាំង អាសយដ្ឋានរបស់អតិថិជន ព្រោះគ្រប់គ្នាសុទ្ធតែដឹងហើយថាគ្រប់ផ្ទះមិនទាន់មានលេខផ្ទះត្រឹមត្រូវមួយរយភាគរយទេ។ មានផ្លូវ និងតំបន់មួយចំនួនទោះអតិថិជនបានប្រាប់រួចរាល់ក៏នៅតែពិបាករក។

៤) បញ្ហាដែលកើតឡើងដោយអតិថិជន ព្រោះមានពេលខ្លះគាត់បានកំណត់ថាត្រូវដឹកទៅជូនគាត់នៅទីតាំងនេះ តែជាក់ស្តែងពេលយកទៅជិតដល់គាត់ថាគាត់ប្តូរទីតាំងហើយយកទៅជូនគាត់នៅទីតាំងថ្មីភ្លាមៗ។

៥) ពាក់ព័ន្ធនឹងសុវត្ថិភាព វាអាចជាហានិភ័យបណ្ដាលមកពីក្រុមការងារដឹកជញ្ជូនយើងផ្ទាល់ ក៏អាចជាហានិភ័យដែលគ្មានកន្លែងសុវត្ថិភាពគ្រប់គ្រាន់ក្នុងការទុកទំនិញ។ បើធៀបទៅប្រទេសដទៃដែលអាចដាក់ទំនិញនៅមុខផ្ទះអតិថិជនបានដោយគ្រាន់តែផ្តល់ដំណឹងជូនអតិថិជន។

លោកគង់ សូលីយ៉ា ក៏បានធ្វើការបញ្ជាក់ឡើងវិញថា ដើម្បីឲ្យអាជីវកម្មផ្នែកដឹកជញ្ជូនរបស់អ្នកអាចដើរទៅរកភាពជោគជ័យលុះត្រាអ្នកស្គាល់ពីឥរិយាបថអតិថិជនអ្នក ហើយព្យាយាមផ្តល់ភាពងាយស្រួលតាមអ្វីដែលពួកគេចង់បាន។ បញ្ហាបុគ្គលិកដឹកជញ្ជូនកាន់តែសំខាន់ព្រោះអាជីវកម្មរបស់អ្នកពឹងផ្នែកស្ទើរតែទាំងស្រុងលើបុគ្គលិកដឹកជញ្ជូននេះឯង៕

ដោយ៖ យ៉ាយ៉ា

 

X
5s