ជីវប្រវត្តិសង្ខេប និងទស្សនទានចំនួន១០ឃ្លារបស់អ្នកវិទ្យាសាស្ត្រ អាល់ប៊ឺត អាញស្តាញ
ចំណុចដ៏ចម្បងបំផុតដែលធ្វើឲ្យពិភពលោកស្គាល់អ្នកទ្រឹស្ដីរូបវិទ្យា អាល់ប៊ឺត អាញស្តាញ គឺជាការរកឃើញទ្រឹស្ដី E = mc2 របស់លោក។ ប៉ុន្តែក្នុងឆាកជីវិតរបស់លោក លោកបានរកឃើញការពិតជាច្រើនអំពីច្បាប់ធម្មជាតិដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកហៅរូបលោកថាជាបញ្ញវន្ត។ លោកអាញស្តាញ មានកំណើតនៅទឹកដីអាល្លឺម៉ង់ក្នុងឆ្នាំ១៨៧៩។ ក្នុងឆ្នាំ១៨៩៥ គាត់បានផ្លាស់ទៅនៅប្រទេសស្វីស ហើយនាឆ្នាំបន្ទាប់ លោកក៏បានបោះបង់សញ្ជាតិជាអាល្លឺម៉ង់ចោល និងទទួលបានសញ្ជាតិជាជនជាតិស្វីសពេញសិទ្ធិនៅឆ្នាំ១៩០១។ គាត់ទទួលបានសញ្ញាប័ត្រឌីប្លូមពី the Swiss federal polytechnic school ក្នុងទីក្រុងZurich ក្នុងឆ្នាំ១៩០០។
ក្នុងចន្លោះឆ្នាំ១៩០២ដល់ឆ្នាំ១៩០៩ លោក អាញស្ដាញ បានបម្រើការជាអ្នកត្រួតពិនិត្យប័ណ្ណប៉ាតង់នៅរដ្ឋធានីBernនៃប្រទេសស្វីស។ ក្នុងឆ្នាំ១៩០៥ ត្រូវបានគេស្គាល់ថាជាឆ្នាំដ៏អស្ចារ្យរបស់លោក។ លោកបានចេញផ្សាយក្រដាសសំខាន់ៗចំនួន៤ ដែលបានទាក់ទាញចំណាប់អារម្មណ៍ក្នុងបណ្ដាវិស័យអប់រំ។ ក្នុងឆ្នាំដដែលនោះ អាញស្ដាញត្រូវបានសាកលវិទ្យាល័យ The University of Zurich ប្រគល់សញ្ញាប័ត្រថ្នាក់បណ្ឌិត។ ក្នុងឆ្នាំ១៩២១ លោកបានទទួលពានរង្វាន់ណូបែលផ្នែករូបវិទ្យាចំពោះការរកឃើញនូវច្បាប់ The photoelectric effect។ ក្រោយមកលោកក៏បានទៅរស់នៅសហរដ្ឋអាមេរិក និងក្លាយជាប្រជាជនពេញសិទ្ធិក្នុងប្រទេសនេះក្នុងឆ្នាំ១៩៤០។
មុនពេលសង្គ្រាមលោកលើកទី២បានចាប់ផ្ដើម គាត់បានសរសេរសំបុត្រមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោក Franklin D. Roosevelt ដាស់តឿនពីការកកើតនៃគ្រាប់បែកប្រភេទថ្មីដែលមានថាមពលខ្លាំងក្លា និងណែនាំអាមេរិកឲ្យធ្វើការស្រាវជ្រាវ។ រូបលោកបានបដិសេធចំពោះការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរជាអាវុធ ហើយក៏បានចុះហត្ថលេខាជាមួយទស្សនវិទូអង់គ្លេសលោក Bertrand Russell ដែលនិយាយផ្ដោតសំខាន់ទៅលើគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ១៩៥៥ លោកក៏បានទទួលអនិច្ចកម្មនៅរដ្ឋNew Jerseyនៃសហរដ្ឋអាមេរិក។ ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដ៏មានអត្ថន័យជ្រាលជ្រៅចំនួន១០របស់អ្នកវិទ្យាសាស្ត្រអាញស្តាញដូចខាងក្រោមនេះ៖
១) «បើអ្នកសង្កេតមើលឲ្យជ្រៅចូលទៅក្នុងធម្មជាតិ នោះអ្នកនឹងយល់ពីអ្វីៗកាន់តែច្បាស់ជាងមុន។»
២) «ជីវិតដែលស្ងប់ស្ងាត់និងសាមញ្ញ នាំមកនូវសេចក្ដីសុខជាងការដេញចាប់តាមភាពជោគជ័យនិងភាពរសាប់រសល់ឥតស្រាកស្រាន្តរួមបញ្ចូលគ្នាទៅទៀត។»
៣) «រឿងតែម្យ៉ាងគត់ដែលគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅគឺភាពក្រអឺតក្រទម។»
៤) «ប្រភពតែមួយគត់នៃចំណេះដឹងគឺជាបទពិសោធន៍។»
៥) «ខ្ញុំរស់នៅក្នុងភាពឯកោមួយដែលគួរឲ្យឈឺចាប់ក្នុងភាពជាយុវវ័យ តែមានឱជារសឆ្ងាញ់នៅពេលចាស់ទុំ។»
៦) «កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ ប៉ុន្តែធ្វើជាមនុស្សដែលមានតម្លៃ។»
៧) «ខ្ញុំគ្មានទេពកោសល្យពិសេសអ្វីនោះទេ។ ខ្ញុំគ្រាន់តែពូកែងឿងឆ្ងល់ប៉ុណ្ណោះ។»
៨) «មនុស្សគ្រប់គ្នាសុទ្ធតែជាបញ្ញវន្ត។ ប៉ុន្តែបើអ្នកវាយតម្លៃត្រីមួយក្បាលដោយសមត្ថភាពរបស់វាក្នុងការឡើងដើមឈើ នោះវានឹងរស់នៅពេញមួយជីវិតរបស់វាដោយយល់ថាខ្លួនឯងល្ងង់ខ្លៅ។»
៩) «អ្នកមិនអាចបន្ទោសទំនាញផែនដីសម្រាប់ការធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេ។»
១០) «អ្វីដែលត្រឹមត្រូវមិនមែនសុទ្ធតែល្បីល្បាញ ឯអ្វីដែលល្បីល្បាញមិនមែនសុទ្ធតែត្រឹមត្រូវ។»
ដោយ៖ ស្រីពៅ