ហេតុផល ៥ យ៉ាងបញ្ជាក់ថាបុគ្គលិកដែលជាយុវវ័យជួយ​ជំរុញសន្ទុះអភិវឌ្ឍអាជីវកម្មបានលឿននិងខ្លាំង​



ការប្រកួតប្រជែងក្នុងជីវិតអាជីវកម្មធ្វើទៅបាន លុះត្រាអ្នកពាក់ព័ន្ធក្នុងអាជីវកម្មចូលរួមចំណែកបានយ៉ាងល្អដើម្បីធ្វើឲ្យអាជីវកម្មមួយនេះមានដំណើរការដោយរលូន ប្រៀបបាននឹងរាងកាយមួយត្រូវការធ្វើចលនាដើម្បីឲ្យចរន្តឈាមរត់ទៅចិញ្ចឹមបានល្អដូចគ្នាដែរ។

ជាមួយគ្នានេះធនធានមនុស្សជាកម្លាំងចលករស្នូល ក្នុងការជំរុញអភិវឌ្ឍដំណើរការមួយនេះឲ្យរីកចម្រើន។ តាមការកត់សម្គាល់ក្រុមហ៊ុនមួយដែលមានបុគ្គលិកភាគច្រើនជាយុវជន ជាក្រុមហ៊ុនមួយដែលមានការរីកចម្រើនលឿនព្រោះយុវជនជាកម្លាំងចលករដ៏សំខាន់។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាងបង្ហាញថាបុគ្គលិកជាយុវវ័យជួយរុញសន្ទុះអាជីវកម្មឲ្យរីកចម្រើនបានលឿន៖

១) យុវជនស្ថិតក្នុងវ័យមួយដែលពោរពេញទៅដោយថាមពលនិងការគិត
ជីវិតជាយុវវ័យកំពុងមានកម្លាំងនិងថាមពលពេញលេញ ការគិតក៏ដូចគ្នាព្រោះជាពេលដែលខួរក្បាលពួកគេកំពុងបើក និងមានការស្រមើស្រមៃអ្វីថ្មីៗជាច្រើន។ ជាវ័យមួយដែលពោរពេញទៅដោយទស្សនៈ ចក្ខុវិស័យ ដែលអាចជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនដោយសារទស្សនៈថ្មីរបស់គេ។

២) ជាវ័យមួយដែលស្រេកឃ្លានចំណេះដឹង និងភាពជោគជ័យ
ស្ថិតក្នុងវ័យនេះ យុវវ័យកំពុងចង់ចេះ ចង់ដឹង ចង់សាកអ្វីថ្មីៗមិនថាតែរឿងល្អ ឬរឿងមិនល្អទេ។ ការក្រេបយកចំណេះដឹងជារឿងមួយសំខាន់សម្រាប់បុគ្គលិកដែលជាយុវវ័យ ពួកគេត្រូវការយកចំណេះដឹងទាំងនោះមកចិញ្ចឹមខួរក្បាល ដើម្បីផលិតជាគំនិតថ្មីៗក្នុងការដឹកនាំខ្លួនឯងទៅរកភាពជោគជ័យមួយបាន។

៣) មានភាពអំណត់ខ្ពស់ ចង់បានស្នាដៃ
ដោយសារគេជាមនុស្សកំពុងស្រេកឃ្លានចំណេះដឹង និងស្រវ៉ាចាប់យកភាពជោគជ័យ ពួកគេមិនសូវជាបង្អាក់បន្ទុចខ្លួនឯងមិនឲ្យតស៊ូដោយគ្រាន់តែជួបបញ្ហាឬឧបសគ្គបន្តិចបន្តួចនោះទេ។ ចំពោះការងារដែលគេធ្វើវិញ ទោះលំបាកក៏ពួកគេខិតខំប្រឹងប្រែងដែរដោយសារចង់បានស្នាដៃ។ បើនិយាយពីសុខភាព ពួកគេស្ថិតក្នុងវ័យមួយដែលមិនទាន់ប្រឈមនឹងជំងឺអ្វីច្រើនដូចមនុស្សចាស់ឡើយ។

៤) មានគំនិតច្នៃប្រឌិតក្នុងការបង្កើតអ្វីថ្មីៗ
ដោយសារជាវ័យមួយដែលចូលចិត្ត និងស្រលាញ់អ្វីដែលជាគំនិតបង្កើតថ្មីៗ ពួកគេចូលចិត្តការស្រាវជ្រាវថ្មីៗ បង្កើតអ្វីថ្មី ដើម្បីផ្តល់ភាពងាយស្រួលជីវិតរស់នៅរបស់ពួកគេ។ ដូច្នេះពួកគេក៏នឹងជួយអ្នកក្នុងការបង្កើតអ្វីថ្មីៗដើម្បីអភិវឌ្ឍអាជីវកម្មរបស់អ្នកដែរ។ 

៥) ងាយទទួលយកការផ្លាស់ប្តូរបច្ចេកវិទ្យា
និយាយដោយស្មោះត្រង់ យុវវ័យជាមនុស្សដែលតាមទាន់ការវិវត្តនៃបច្ចកវិទ្យាជាងមនុស្សវ័យចំណាស់ ហើយពួកគេក៏ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍខ្លួនផងដែរ។ រស់នៅក្នុងសម័យបច្ចេកវិទ្យានេះ បើយើងមិនចេះទាញនិងប្រើប្រាស់បច្ចេកវិទ្យាឲ្យមានប្រយោជន៍ទេ ប្រហែលជាយើងពិបាកចូលចុះក្នុងសង្គមមួយនេះណាស់។ ចំពោះអាជីវកម្មក៏ដូចគ្នា កាលណាអ្នកមិនអាចដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាមានន័យថាអ្នកកំពុងដើរយឺតជាងអ្នកដទៃហើយ។ ដូច្នេះការរើសបុគ្គលិកដែលជាយុវជនមកជួយការងារអាជីវកម្មរបស់អ្នកជាជម្រើសមួយល្អបំផុត៕

ដោយ៖ យ៉ាយ៉ា

 

X
5s