Bill Gates ថា អាយុ ៦៤ ឆ្នាំសប្បាយជាងវ័យ ២៥ ដោយសារលោកធ្វើរឿង៤នេះ!
ថ្ងៃទី២៨ តុលាកន្លងទៅ គឺជាថ្ងៃខួបកំណើតរបស់មហាសេដ្ឋី Bill Gates ឈានចូលវ័យ ៦៤ ឆ្នាំ។ ថ្វីត្បិតតែលោកមានវ័យជ្រេបន្តិចទៅហើយក្តី លោកថា បច្ចុប្បន្នលោកសប្បាយចិត្តជាជាងកាលលោកស្ថិតនៅវ័យខ្ទង់ ២០ទៅទៀត។ តើហេតុអ្វីបានជាលោកយល់ឃើញបែបនេះ?
បើតាមការអះអាងរបស់មហាសេដ្ឋីមានជាងគេបំផុតទី ២ នៅលើពិភពលោករូបនេះ លោកថា មានមូលហេតុសំខាន់ៗចំនួន៤ដែលធ្វើឲ្យលោករីករាយនឹងជីវិតរបស់លោកសព្វថ្ងៃជាងកាលលោកនៅពីក្មេងដែលនោះគឺ៖
១) ដើរតាមមហិច្ឆតារបស់ខ្លួន
មហាសេដ្ឋី Bill Gates និយាយថា ភាពឆ្លាតវៃរបស់អ្នកមិនអាស្រ័យលើការបង្កើនចណេះដឹងរបស់អ្នកឲ្យកាន់តែខ្លាំងឡើងៗ ឬរកលុយឲ្យបានកាន់តែច្រើន និងជោគជ័យជាងអ្នកដទៃនោះទេ។ ផ្ទុយទៅវិញ ជម្រើស និងការដើរតាមអ្វីដែលជាមហិច្ឆតារបស់អ្នកទៅវិញទេដែលសំខាន់បំផុតសម្រាប់អ្នក។
អ្នកប្រហែលជាកំពុងដើរតាមគំនិតរបស់អ្នកដទៃ ធ្វើការងារមិនចំជំនាញ មិនសប្បាយចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ឬដំណើរជីវិតហាក់គ្មានគោលដៅ ជាដើម។ ប៉ុន្តែទាំងនេះអាចជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នករៀនសូត្រដើម្បីត្រួសត្រាយរកឲ្យឃើញនូវអ្វីដែលជាបំណងប្រាថ្នាពិតប្រាកដរបស់អ្នក។
សំនួរសំខាន់ដែលអ្នកកុំភ្លេចសួរខ្លួនឯងនោះគឺ “តើខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំចង់ធ្វើហើយឬនៅ? តើអ្វីទៅជារឿងសំខាន់បំផុតដែលខ្ញុំត្រូវធ្វើ? ”
២) មានផ្នត់គំនិតជាអ្នកចេះចែករំលែក
បើនិយាយដល់ចំណុចនេះវិញ Bill Gates ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីដ៏សប្បុរសជាងគេបំផុតទី២ក្នុងលោកបន្ទាប់ពីមហាសេដ្ឋី Warren Buffett។ គិតមកដល់ពេលនេះ Bill Gates បរិច្ចាគប្រាក់ដល់ទៅ ៤២ ពាន់លានដុល្លាររួចទៅហើយតាមរយៈមូលនិធិ Bill & Melinda Gates Foundation ដែលផ្តោតទៅលើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្សេងៗ និងវិស័យអប់រំនៅជុំវិញពិភពលោក។
មហាសេដ្ឋីខាងលើជារឿយៗតែងនិយាយថា ការងារមនុស្សធម៌ ពិតជារឿងចាំបាច់សម្រាប់លោក។ លោកពេញចិត្តនឹងធ្វើការងារមួយនេះខ្លាំងណាស់ ដោយសារតែលោកចង់ធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរកាន់តែប្រសើរជាងមុន។
៣) មើលថែសុខភាពឲ្យបានល្អបំផុត
Bill Gates បានធ្លាប់អះអាងកន្លងមកថា ការហាត់ប្រាណមិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យអ្នកមានសុភមង្គលរីករាយនឹងជីវិតរបស់អ្នក។ នេះហើយ ជាមូលហេតុដែលមហាសេដ្ឋីរូបនេះតែងតែគិតគួរលើបញ្ហាសុខភាពជារឿងសំខាន់។ ក្រៅពីមានទម្លាប់មួយញៀននឹងការអានសៀវភៅ មហាសេដ្ឋីរូបនេះចូលចិត្តលេងកីឡាវាយតេនីស្តខ្លាំងណាស់។
បើយោងតាមការសិក្សាស្រាវជ្រាវ ការហាត់ប្រាណជួយឲ្យសុខភាពរាងកាយរបស់អ្នករឹងមាំ និងជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ស្ត្រេស ការធ្លាក់ទឹកចិត្ត និងភាពហត់នឿយជាដើម។
៤) គ្រួសារគឺជារឿងសំខាន់
ដូចអ្វីដែលលោក Bill Gates ធ្លាប់បានលើកឡើងនៅពេលកន្លងមក ការចំណាយពេលគិតគួរដល់គ្រួសាររបស់លោកគឺជាការងារអាទិភាពមួយទៀតរបស់លោក។ ក្នុងនាមជាឪពុកម្នាក់បើទោះបីជាលោកមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ពិតមែន ក៏ជីវិតរបស់លោកមើលទៅមិនខុសពីឪពុកម្តាយទូទៅនោះដែរ។ ពេលខ្លះលោកនៅតែចំណាយពេលចម្អិតម្ហូប លាងចាន ជូនកូនៗទៅសាលារៀងរាល់ព្រឹក និងរៀបចំដំណើរកម្សាន្តរួមគ្នាជាមួយភរិយា និងកូនៗរបស់លោក។
សកម្មភាពនេះបានឆ្លុះបញ្ចាំងថា លោកពិតជាយកចិត្តទុកដាក់ខ្លាំងដល់គ្រួសាររបស់លោក បើទោះបីជាលោកស្រលាញ់ពេញចិត្តនឹងការងាររបស់លោកយ៉ាងណាក៏ដោយ៕
ប្រភព៖ Businessinsider