សម្ដីចំនួន១០ឃ្លារបស់អ្នកនិពន្ធអាមេរិកលោក Emerson ដែលអាចជាប្រភពនៃកម្លាំងចិត្តរបស់អ្នក
លោក Ralph Waldo Emerson គឺជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបរបស់អាមេរិក ដែលត្រូវបានប្រជាជនរបស់គាត់ចាត់ទុកគាត់ក្នុងចំណោមបញ្ញវន្តដ៏សំខាន់បំផុតមួយរូបរបស់អាមេរិក។ នៅក្នុងឆាកជីវិតរបស់លោក លោកបានឆ្លងកាត់រឿងរ៉ាវអកុសលឈឺចាប់ជាច្រើន ដែលបានបណ្ដុះចិត្តគំនិតគាត់ឲ្យក្លាយជាមនុស្សដែលរឹងមាំនិងមានបញ្ញា។ ឪពុករបស់គាត់បានលាចាកលោកនៅពេលគាត់អាយុបានត្រឹមតែ៨ឆ្នាំ។ ក្រោយមកម្ដាយរបស់គាត់ក៏បានលាចាកលោកចោលរូបលោកទៀត។
ពេលវេលាបន្ទាប់មកនៅពេលដែលគាត់បានបញ្ចប់ការសិក្សាហើយបម្រើការងារជាអ្នកមើលការខុសត្រូវសាលានៅសាលាបងប្រុសរបស់លោក ប៉ុន្តែជាអកុសលបងប្រុសរបស់គាត់ក៏បានស្លាប់ដោយសារជំងឺរបេងអំឡុងពេលនោះដែរ។ នៅពេលគាត់បានរៀបការជាមួយប្រពន្ធដំបូងរបស់លោកគឺ លោកស្រី Ellen បាន២ឆ្នាំមក ប្រពន្ធរបស់លោកក៏ទទួលអនិច្ចកម្មដោយសាររោគរបេងទៀត។ ក្រោយមកគាត់ក៏បានចាប់ផ្ដើមនិពន្ធសៀវភៅ ធ្វើជាវាគ្មិន និងបង្រៀន។ គាត់ក៏បានរៀបការជាមួយប្រពន្ធទី២របស់គាត់គឺលោកស្រី Lydia Jackson និងមានកូនចំនួន៣នាក់។ ក្នុងឆ្នាំ១៨៨២ ក្នុងវ័យ៧៨ឆ្នាំ គាត់ក៏បានលាចាកលោកទៅ។ ថ្ងៃនេះយើងបានចងក្រងនូវសម្ដីរបស់លោក Emerson ចំនួន១០ឃ្លា ដែលអាចជាប្រភពនៃកម្លាំងចិត្តរបស់អ្នកបាន៖
១) «មិនសំខាន់រយៈពេលនៃជីវិតអ្នកវែងប៉ុណ្ណានោះទេ តែជាជម្រៅជីវិតទៅវិញទេ។»
២) «ជីវិតគឺជាដំណើរផ្សងព្រេង មិនមែនជាគោលដៅនោះទេ។»
៣) «ធ្វើជាឡប់ៗ។ រក្សាភាពស្មោះត្រង់។ រក្សាចិត្តល្អសប្បុរស។»
៤) «សន្តិសុខមិនអាចមានកើតមានតាមរយៈអំពើហិង្សានោះទេ ប៉ុន្តែវាអាចសម្រេចបានតែតាមរយៈការស្វែងយល់ប៉ុណ្ណោះ។»
៥) «ធ្វើជាខ្លួនឯងនៅក្នុងពិភពលោកមួយដែលតែងតែព្យាយាមធ្វើឲ្យអ្នកក្លាយជាមនុស្សផ្សេង គឺជាសមិទ្ធផលដ៏ធំធេងមួយ។»
៦) «ជីវិតគឺជាដំណាក់កាលបន្តបន្ទាប់គ្នានៃមេរៀនដែលត្រូវតែរស់នៅដើម្បីយល់ដឹង។»
៧) «នៅពេលដែលភាពងងឹតឈានមកដល់ នោះអ្នកនឹងមើលឃើញដួងតារាកាន់តែច្រើន។»
៨) «ទ្រព្យសម្បត្តិដំបូងបង្អស់របស់អ្នកគឺជាសុខភាព។»
៩) «គ្រប់អ្វីដែលអ្នកបានបាត់បង់ អ្នកនឹងទទួលបានអ្វីផ្សេងមកវិញ ហើយគ្រប់អ្វីដែលអ្នកទទួលបានមក អ្នកបាត់បង់អ្វីផ្សេងទៅវិញ។»
១០) «ចំណុចសម្គាល់ដែលមិនប្រែប្រួលនៃបញ្ញា គឺជាការមើលឃើញភាពអស្ចារ្យនៅក្នុងអ្វីដែលសាមញ្ញ។»
ដោយ៖ ស្រីពៅ