មហាសេដ្ឋី Warren Buffett៖ ចង់រស់នៅសប្បាយចិត្ត ត្រូវធ្វើការជាមួយមនុស្សដែលអ្នកចូលចិត្ត​



“តើលោកគួរធ្វើអ្វីខ្លះដើម្បីឲ្យជីវិតរស់នៅដោយសប្បាយចិត្ត?” នេះជាសំនួរមួយដែលនិស្សិតម្នាក់មកពីសាកលវិទ្យល័យ Florida  (University of Florida) បានសាកសួរទៅកាន់មហាសេដ្ឋី Warren Buffett កាលពីពេលកន្លងទៅថ្មីៗនេះ។ 

ឆ្លើយតបទៅនឹងសំនួរខាងលើនេះ ប្រធានក្រុមហ៊ុន Berkshire Hathaway មកពីអាមេរិករូបនេះបានឆ្លើយដូច្នេះថា៖«វិធីដែលត្រូវធ្វើគឺលេងហ្គេម និងធ្វើអ្វីដែលអ្នកពេញចិត្តធ្វើក្នុងជីវិតរបស់អ្នក ព្រមទាំងមានទំនាក់ទំនងជាមួយមនុស្សដែលអ្នកចូលចិត្ត។ ខ្ញុំធ្វើការតែជាមួយមនុស្សដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ»

មហាសេដ្ឋីវ័យ ៨៩ឆ្នាំ ខាងលើបានបន្តដូច្នេះទៀតថា៖«ប្រសិនបើខ្ញុំអាចរកលុយបាន ១០០ លានដុល្លារជាមួយបុរសម្នាក់ដែលធ្វើឲ្យខ្ញុំឈឺក្រពះ ខ្ញុំនឹងបដិសេធន៍ភ្លាម ពីព្រោះធ្វើអីចឹងដូចរៀបការជាមួយនរណាម្នាក់ដើម្បីតែលុយ។ ក្នុងកាលៈទេសៈណាក៏ដោយ នេះមិនមែនជាគំនិតល្អទេ។ ប៉ុន្តែបើអ្នកជាអ្នកមាន  ការធ្វើដូច្នេះគឺជារឿងឆ្កួតលីលាហើយ»

ទំនាក់ទំនងល្អ ឬមិនល្អគឺជាអ្វីៗគ្រប់យ៉ាង
អ្នកក៏នឹងអាចមានឱកាសជួបសម្ពាធបែបនេះ នៅកន្លែងការងាររបស់អ្នកដែរ។ ទោះបីជាអ្នកត្រូវរក្សាទុកអតិថិជនដែលអ្នកមិនចូលចិត្ត ឬធ្វើការជាមួយចៅហ្វាយនាយដែលជាមនុស្សច្រណែនឈ្នានីស  ជាទូទៅស្ថិតនៅក្នុងស្ថានភាពនេះមនុស្សមានទំនោរគិតថា ពួកគេគ្មានជម្រើសអ្វីក្រៅពីត្រូវតតាំងជាមួយអ្នកដែលពួកគេមិនចូលចិត្ត។

នេះជាមូលហេតុដ៏សំខាន់មួយដែលថា ការប្រឈមតតាំង ទំនាក់ទំនង ឬធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្តគឺគ្មានលទ្ធផលល្អសម្រាប់អ្នកឡើយ។ កាលពីឆ្នាំ ២០១៧ នៅពេលមានវត្តមានជាមួយលោក Bill Gates នៅសាកលវិទ្យាល័យ Columbia មហាសេដ្ឋី Buffett បានពន្យល់ថា សេពគប់មនុស្សបែបណាអ្នកនឹងក្លាយជាមនុស្សបែបនោះ។ 

«សេពគប់អ្នកណា អ្នកនឹងក្លាយជាមនុស្សបែបនោះ។ ដូច្នេះហើយវាជារឿងសំខាន់ដែលអ្នកត្រូវមានទំនាក់ទំនងជាមួយមនុស្សដែលល្អជាងអ្នក ពូកែជាងអ្នក»។ នេះជាការលើកឡើងរបស់មហាសេដ្ឋី Warren Buffett។

ដំបូន្មានរបស់មហាសេដ្ឋីWarren Buffett ខាងលើគឺស្របទៅនឹងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard ដែលរកឃើញថា ការមិនមានមិត្តភក្តិជិតស្និតគឺមានលទ្ធផលអាក្រក់ដូចទៅនឹងការជក់បារីដែរ។ នេះជាការពិតគឺថា បើអ្នកនៅតែព្យាយាមទាក់ទងរាប់អានជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ជីវិតរបស់អ្នកមិនមានក្តីសុខទេ។ អ្នកត្រូវតែផ្លាស់ប្តូរទំនាក់ទំនងរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើបាន៕

ប្រភព៖ Businessinsider 

 

X
5s