រឿងដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៥ ដែលអ្នកគួរដឹងពីទ្រព្យសម្បត្តិសាកលលោក
ជាង ១ លាននាក់! នេះគឺជាតួលេខនៃកំណើនរបស់សេដ្ឋីចំណូលថ្មីសរុបនៅជុំវិញពិភពលោកទាំងមូលនេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិសាកលលោក (Global Wealth Report)។ របាយការណ៍នេះបានបង្ហាញថា សេដ្ឋីសរុបនៅជុំវិញពិភពលោកមានចំនួន ៤៦,៨ លាននាក់ ពោលគឺបានកើនឡើង ១,១ លានអ្នកគិតត្រឹមរយៈពេលមួយឆ្នាំចុងក្រោយនេះ (ពាក់កណ្ដាលឆ្នាំ ២០១៨ ដល់ពាក់កណ្ដាលឆ្នាំ ២០១៩ )។
ធនាគារ Credit Suisse របស់ស្វីសដែលបានស្រាវជ្រាវលើរបាយការណ៍ខាងលើ បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២៤ ខាងមុខ តួលេខសេដ្ឋីសរុបនៅជុំវិញពិភពលោកនឹងកើនឡើង ៦៣ លាននាក់។ ទន្ទឹមនឹងការចេញរបាយការណ៍នេះ ប្រិយមិត្តនឹងបានដឹងរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ៥ ជុំវិញប្រធានបទស្តីអំពីទ្រព្យសម្បត្តិសាកលលោកដូចខាងក្រោមនេះ៖
១.ទ្រព្យសម្បត្តិគិតជាមធ្យមក្នុងមនុស្សម្នាក់របស់យុវជនពេញវ័យបានកើនឡើងក្នុងកំណត់ត្រាមិនធ្លាប់មាន
ក្នុងរយៈពេល ១ឆ្នាំចុងក្រោយ ទ្រព្យសម្បត្តិសាកលលោកបានកើឡើង ៩,១ ពាន់ពាន់លានដុល្លារបន្ថែមទៀតដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់ពិភពលោកទាំងមូលមានចំនួនសរុប ៣៦០,៦ ពាន់ពាន់លានដុល្លារ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា អាមេរិក ចិន និងសហភាពអឺរ៉ុបបានក្ដោបក្ដាប់ទ្រព្យសម្បត្តិទាំងនេះច្រើនជាងគេបន្តបន្ទាប់គ្នា ហើយបើគេគិតជាមធ្យម យុវជនពេញវ័យរបស់ពិភពលោកម្នាក់មានទ្រព្យសម្បត្តិ ៧០ ៨៥០ ដុល្លារដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។
២.ស្វីសជាប្រទេសដែលទទួលបានកំណើនទ្រព្យសម្បត្តិបន្ថែមច្រើនជាងគេ ខណៈដែលអូស្ត្រាលីជាអ្នកខាតបង់ច្រើនជាងគេ
បើគេគិតកំណើនទ្រព្យសម្បត្តិរបស់យុវជនម្នាក់ ទ្រព្យសម្បត្តិរបស់យុវជនស្វីសបានកើនឡើងខ្ពស់ជាងគេរហូតដល់ទៅ ១៧ ៧៩០ ដុល្លារក្នុងឆ្នាំនេះ។ ចំណែកយុវជនអូស្ត្រាលីវិញ ជាអ្នកបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេរហូតដល់ទៅ ២៨ ៦៧០ ដុល្លារនៅក្នុងរយៈពេលដូចគ្នានេះ។ នេះហើយជាមូលហេតុដែលធ្វើឲ្យប្រទេសអូស្ត្រាលីបាត់បង់សេដ្ឋីច្រើនជាងគេរហូតដល់ទៅ ១២៤ ០០០ នាក់ និងជាប្រទេសតែមួយគត់ដែលវិស័យលំនៅឋានរបស់ខ្លួនបានធ្លាក់ចុះអាក្រក់បំផុតរហូតដល់ទៅជាង ២%។
៣.ចិនមានសេដ្ឋីច្រើនជាងគេដែលក្ដោបក្ដាប់នៅក្នុងចំណោមទ្រព្យសម្បត្តិកំពូលរបស់ពិភពលោក ១០%
នៅក្នុងឆ្នាំនេះទ្រព្យសម្បត្តិរបស់គ្រួសារប្រជាជនចិននីមួយៗ (Household) បានកើនឡើង ៣,៧ ពាន់ពាន់លានដុល្លារ ធ្វើឲ្យតួលេខក្ដោបក្ដាប់ទ្រព្យសម្បត្តិសរុបរបស់មហាអំណាចមួយនេះបានកើនឡើងដល់ទៅ ៦៣,៨ ពាន់ពាន់លានដុល្លារតាមពីក្រោយអាមេរិកដែលឈរនៅលេខរៀងទី១។ នៅពេលបច្ចុប្បន្ននេះមហាយក្សអាស៊ីខាងលើមានសេដ្ឋីសរុប ៤,៤ លាននាក់ ពោលគឺបានវ៉ាដាច់អាមេរិកជាលើកដំបូងដែលបានក្លាយជាប្រទេសដែលមានសេដ្ឋីក្ដោបក្ដាប់ទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងចំណោមទ្រព្យសម្បត្តិកំពូលរបស់ពិភពលោក ១០% (សេដ្ឋីដែលក្ដោបក្ដាប់ទ្រព្យសម្បត្តិនៅក្នុងចំណាត់ថ្នាក់នេះមានទ្រព្យសម្បត្តិចាប់ពី ១០០ លានដុល្លារឡើងទៅ)។
៤.អ្នកមានជាងគេបំផុតនៅលើពិភពលោកចំនួន ១% បានប្រមូលក្រសោបយកទ្រព្យសម្បត្តិពិភពលោកស្ទើរតែពាក់កណ្ដាល
ងាកមកមើលស្ថានភាពទូទៅនៃការគ្រប់គ្រងទ្រព្យសម្បត្តិសាកលលោកវិញ គឺមានវិសមភាពខ្លាំងមែនទែន។ របាយការណ៍ខាងលើបានរកឃើញថា ក្រុមមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក១% បានគ្រប់គ្រងទ្រព្យសម្បត្តិរហូតដល់ទៅ ៤៥% នៃទ្រព្យសម្បត្តិសរុបរបស់សាកលលោក ៣៦០,៦ ពាន់ពាន់លានដុល្លារ។ ប៉ុន្តែតួលេខនេះត្រូវបានរបាយការណ៍នេះព្យាករណ៍ថា នឹងថមថយចុះនៅពេលអនាគតឆាប់ៗខាងមុខ
៥.ទ្រព្យសម្បត្តិរបស់ស្រ្តីកាន់តែកើនឡើងដោយសារតែពួកគេប្រឡូកចូលទីផ្សារការងារកាន់តែទូលំទូលាយជាងមុន
ទន្ទឹមនឹងការ
មកចាប់អារម្មណ៍នឹងទ្រព្យសម្បត្តិរបស់ស្ត្រីវិញ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងទ្រព្យសម្បត្តិរបស់បុរសដែលបានកាន់កាប់។ នេះក៏ដោយសារតែស្ត្រីចូលរួមប្រឡូកនៅក្នុងទីផ្សារការងារកាន់តែច្រើនជាងមុន និងបណ្តាលមកពីកត្តាផ្សេងៗទៀតដែលកើតចេញពីវឌ្ឍនភាពសង្គម៕
ប្រភព៖ Weforum