សារ​ដ៏​មាន​តម្លៃ​​ដែល​សហគ្រិន​ក្មេងៗ​គួរ​ដឹង!​



អ្វី​ដែល​សហគ្រិន​ក្មេងៗ​ភាគច្រើន​មិន​ដឹង​នោះ​គឺ​ថា ពួកគេ​មិន​ត្រូវ​រង់ចាំ​អូស​បន្លាយ​ពេលវេលា​ដើម្បី​ធ្វើ​ជា​អ្នក​ជំនួញ​នោះ​​ឡើយ​។ រឿង​ពិត​ស្ថិត​នៅ​ត្រង់​ថា អ្នក​មិន​គួរ​រង់ចាំ​ឲ្យ​មាន​អ្វីៗ​គ្រប់​បែបយ៉ាង​កើត​មាន​ឡើង​ក្នុង​ពេល​ដំណាលគ្នា​នោះ​ទេ។


នៅ​ពេល​អ្នក​ឈាន​ដល់​ពេញវ័យ ​ជា​ពិសេស​នៅ​ពេល​កំពុង​រៀន​មហាវិទ្យាល័យ គឺ​ជា​វ័យ​​មួយ​ល្អ​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក​ដើម្បី​ចាប់​ផ្តើម​ចេញ​រកស៊ី។ ហេតុអ្វី?  អំឡុង​ពេល​នេះ​អ្នក​​អាច​កសាង​ភាព​អស្ចារ្យ​​សម្រាប់​​ខ្លួនឯង​ដូចជា ការ​សិក្សា ពង្រឹង​​អាជីព​ការងារ និង​រៀន​សូត្រ​ឡើង​វិញ​ពី​កំហុស​របស់​អ្នក​​នៅ​​ពេល​អ្នក​​បរាជ័យ។ នៅ​ក្នុង​​វ័យ​នេះ ទោះបី​ជា​បង្កើត​កំហុស​រាប់​មិន​អស់ ក៏​អ្នក​នៅ​មាន​ឱកាស​ច្រើន​ដើម្បី​​​កែប្រែ​កំហុស​ទាំង​នោះ​សម្រាប់​យក​ធ្វើ​ជា​​បទពិសោធន៍​​របស់​អ្នក។

នៅ​ពេល​អ្នក​រៀនចប់​ថ្នាក់​មហាវិទ្យាល័យ អ្វីៗ​វា​អាច​ប្រែប្រួល​មិន​ដូច​ការ​គិត​របស់​អ្នក​ឡើយ។ អ្នក​នឹង​ជួប​រឿង​លំបាក​ថ្មីៗ ដូច​ជា ការ​ស្វែង​រក​អាជីព​ការងារ រក​ចំណូល​ឲ្យ​បាន​ច្រើន កសាង​គ្រួសារ និង​រៀបចំ​គោលដៅ​ជីវិត ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា អ្នក​កាន់តែ​មាន​សម្ពាធ​ដែល​​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​គិត​ថា វា​ពិបាក​នឹង​ទៅ​រួច។

នេះ​ហើយ​ជា​មូលហេតុ​សំខាន់​ដែល​​អ្នក​គួរ​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចាប់​​ផ្ដើម​ជំនួញ​នៅ​ពេល​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​ក្នុង​ការ​ស្រវា​ចាប់​យក​បទពិសោធន៍​ក្នុង​ជំនួញ ការងារ និង​អាជីព​របស់​អ្នក​សម្រាប់​​ពេល​​អនាគត? តើ​ឱកាស​នេះ​អ្នក​មាន​ប៉ុន្មាន​ដង​ក្នុង​មួយ​ជីវិត​របស់​អ្នក? ​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​រង់ចាំ​អ្វីៗ​គ្រប់យ៉ាង​មាន​នៅ​ក្នុងដៃ​ទើប​ចាប់​​ផ្តើម​?

និស្សិត​​​ដែល​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ជា​សហគ្រិន​​មាន​ក៏​មិន​តិច​ដែរ ប៉ុន្តែ​អ្នក​ដែល​អាច​សម្រេច​ក្តី​សុបិន្ត​នេះ មាន​មិន​ច្រើន​នោះ​ទេ។ ហេតុអ្វី? ពី​ព្រោះ​ពួកគេ​មិន​ហ៊ាន​ប្រថុយ អារម្មណ៍​ភ័យខ្លាច គ្មាន​គំនិត ខ្វះ​យុទ្ធសាស្ត្រ មិន​បង្កើត​បទពិសោធន៍ និង​ខ្វះ​ភាព​ជឿជាក់។ ពួកគេ​ចំណាយ​ពេល​ច្រើន​ស្ទើរតែ​ពាក់​កណ្តាល​ជីវិត​របស់​ពួកគេ​នៅ​សាលារៀន ដំណើរ​កម្សាន្ត និង​កម្មវិធី​សប្បាយៗ​ដែល​គ្មាន​គោលការណ៍​​ច្រើន​ពេក​រហូត​ដល់​ភ្លេច​​ប្រឡូក​ខ្លួន​នៅ​ក្នុង​​ជីវិត​ជាក់ស្ដែង​ និង​នៅ​ក្នុង​ពិភព​ជំនួញ។
ពួកគេ​វក់វី​នឹង​ទ្រឹស្ដី​​មេរៀន​ និង​ជីវិត​កំប៉ិកកំប៉ុក​ប្រចាំថ្ងៃ​រាប់​មិន​អស់ ប៉ុន្តែ​បែរជា​មិន​បាន​​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​​នូវ​​ខ្លឹមសារ​មេរៀន​​ដ៏​មាន​តម្លៃ​​ជាច្រើន​​នៅ​ក្រៅ​សាលា។ នេះ​មានន័យ​ថា បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ម្នាក់​នៅ ពេល​អនាគត អ្នក​​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ​ច្រើន​ណាស់​ដែល​លើស​ពី​អ្វី​​​ដែល​អ្នក​គិត។

សហគ្រិន​​ភាព​ជា​ដំណើរ​ផ្លូវ​​មួយ​ដែល​ទាមទារ​ឲ្យ​អ្នក​រៀន​ចេះ​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្តោត​ទៅ​លើ​ការងារ​ជំនួញ ហ៊ាន​ប្រថុយ មាន​ទំនុក​ចិត្ត ចេះ​ចាប់​យក​បទពិសោធន៍​សម្រាប់​អាជីព​ការងារ រៀន​សូត្រ​អ្វី​ថ្មីៗ មាន​គំនិត​ច្នៃប្រឌិត ការ​បង្កើត​ទំនាក់ទំនង​​ប្រកបដោយ​វិជ្ជាជីវៈ ​និង​ការ​ប្រជ្រៀត​ខ្លួន​ជាមួយ​មនុស្ស​ជោគជ័យ​នៅ​ក្នុង​វិស័យ​របស់​អ្នក​ឲ្យ​បាន​ច្រើន​​ជាទីបំផុត​តាមដែល​អាច​ធ្វើ​បាន​​៕

ប្រភព៖ Inc 

X
5s