សម្ដីចំនួន១០ឃ្លា ដែលបានយកមេរៀនពីធម្មជាតិមកអនុវត្តក្នុងជីវិត
Alice Walker មានសម្ដីមួយឃ្លាថា «នៅក្នុងធម្មជាតិ គ្មានអ្វីដែលល្អឥតខ្ចោះ ហើយអ្វីទាំងអស់សុទ្ធតែល្អឥតខ្ចោះ។ ដើមឈើអាចកាច់កោងទៅតាមរបៀបចម្លែកៗ ហើយពួកវានៅតែស្អាត។» ដូចមានសម្ដីមួយឃ្លាក៏និយាយដែរថា «ភាពស្រស់ស្អាតគឺអាស្រ័យនៅលើអ្នកមើល។» ស្អាតឬអាក្រក់គឺអាស្រ័យនៅលើបុគ្គលម្នាក់ៗ។ និយមន័យនៃភាពស្រស់ស្អាត ចំពោះមនុស្សម្នាក់ៗគឺមានខុសៗពីគ្នា។ រីឯចំណុចពិសេសរបស់មនុស្សយើងម្នាក់ៗក៏ដូច្នេះដែរ។ អ្នកដទៃអាចពូកែអ្វីដែលយើងមិនពូកែ ឯយើងក៏អាចពូកែអ្វីដែលគេមិនពូកែដែរ។ គ្មានស្តង់ដាអ្វីមួយដែលអាចប្រើប្រាស់សម្រាប់យកមកកំណត់ពីភាពអស្ចារ្យរបស់បុគ្គលម្នាក់ៗបាននោះទេ។ អត្ថបទថ្ងៃនេះយើងបានចងក្រងនូវសម្ដីចំនួន១០ឃ្លា ដែលបានយកមេរៀនពីធម្មជាតិមកអនុវត្តក្នុងជីវិត៖
១) «ស្គាល់ពីដើមឈើ ខ្ញុំយល់ពីអត្ថន័យនៃសេចក្ដីអត់ធ្មត់។ ស្គាល់ពីស្មៅ ខ្ញុំអាចឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងឥតឈប់ឈរ។» Hal Borland
២) «ដើមឈើចាក់ឫសនៅក្នុងដីតែអាចលូតឡើងទៅដល់មេឃ។ វាប្រាប់យើងថាដើម្បីឡើងទៅខ្ពស់ យើងត្រូវចាក់ឫសនៅក្នុងដី ហើយមិនថាយើងបានឡើងខ្ពស់ប៉ុណ្ណាក៏ដោយ គឺជាឫសរបស់យើងដែលយើងបានទទួលការថែទាំ។» Wangari Maathai
៣) «ព្យុះធ្វើឲ្យដើមឈើចាក់ឫសកាន់តែជ្រៅ។» Dolly Parton
៤) «ដើមឈើដែលយឺតក្នុងការលូតលាស់ ចេញផ្លែដែលល្អបំផុត។» Moliere
៥) «ទឹកមានសភាពរាវ ទន់ និងបត់បែន។ ប៉ុន្តែទឹកនឹងធ្វើឲ្យថ្មដែលមានសភាពរឹង និងមិនអាចបត់បែន អាចប្រែជាសឹក។ អ្វីដែលទន់ គឺរឹងមាំ។» ឡៅជឺ
៦) «ចូរធ្វើចិត្តរបស់អ្នកឲ្យទទេ មិនមានទម្រង់ មិនមានរូបរាងប្រៀបបាននឹងទឹក។ បើអ្នកចាក់ទឹកចូលក្នុងកែវ នោះវានឹងក្លាយជាកែវ។ បើអ្នកចាក់ទឹកចូលក្នុងដប នោះវានឹងក្លាយជាដប។ បើអ្នកចាក់វាចូលក្នុងកំសៀវ នោះវានឹងក្លាយជាកំសៀវ។» Bruce Lee
៧) «បើទោះជាយប់ដ៏ងងឹតបំផុតក៏ដោយក៏នឹងត្រូវបញ្ចប់ ហើយព្រះអាទិត្យនឹងរះសារជាថ្មី។» Victor Hugo
៨) «យើងអាចរអ៊ូរទាំដោយសារផ្កាកុលាបមានបន្លា ឬរីករាយដោយសារបន្លាមានផ្កាកុលាប។» Alphonso Karr
៩) «ដើមស្រល់ដ៏ធំមួយលូតលាស់ចេញមកពីពន្លកដ៏តូចមួយ។ ដំណើរ១ពាន់ម៉ៃល៍ចាប់ផ្ដើមចេញពីក្រោមបាតជើងរបស់អ្នក។» ឡៅជឺ
១០) «នៅក្នុងធម្មជាតិ គ្មានអ្វីដែលល្អឥតខ្ចោះ ហើយអ្វីៗសុទ្ធតែល្អឥតខ្ចោះ។ ដើមឈើអាចកាច់កោងទៅតាមរបៀបចម្លែកៗ ហើយពួកវានៅតែស្អាត។» Alice Walker
ដោយ៖ ស្រីពៅ